មេដឹកនាំ​ហ្វីលីពីន​ចុះហត្ថលេខា​លើ​ច្បាប់​ដាក់ទោស​ការ​បៀតបៀន​ផ្លូវភេទ​

269
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ​ដែល​ដាក់ទោស​ការ​រ​បៀតបៀន​ផ្លូវភេទ ដោយ​រួមទាំង​ការ​ហួច​និង​ធ្វើ​សំឡេង​ជា​សញ្ញា​ដាក់​ស្រីៗ​​ការ​មើលងាយ​ស្ត្រី ដោយ​ការបំពាន​ផ្លូវភេទ​និង​ការនិយាយ​លេងសើច​បែប​ចំអេស​ចំអាស ដែល​ក្រុមគាំទ្រ​ស្ត្រី​តែង​ចោទប្រកាន់​ប្រធានាធិបតី​រូប​នេះ​ថា​បាន​ធ្វើ​ដូចនេះ​។​

​ក្រុមមន្ត្រី​ហ្វីលីពីន​បាន​ចេញ​ច្បាប់​ចម្លង​មួយច្បាប់ ដែល​ហៅថា​Republic Act 11313​ឬ “​ច្បាប់​លំហ​សុវត្ថិភាព​” នេះ កាលពី​ថ្ងៃ​ចន្ទ ដែល លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​ចុះ​ហត្ថ​​លេខា កាលពី​ខែ​មេសា​។ ហេតុផល សម្រាប់​ការពន្យារពេល​ចេញ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៃ​ច្បាប់​នេះ មិន​ទាន់​ត្រូវ​បាន​ពន្យល់​ឱ្យ​ច្បាស់​នៅឡើយ​ទេ​។​

​លោក​រី​សា ហុន​ទីវែ​រ៉ូស ព្រឹទ្ធ​សភា​មកពី​គណបក្សប្រឆាំង និង​ជា​អ្នក​តាក់តែង​ច្បាប់​នេះ បាន​ហៅ​ច្បាប់​ថា​ជា “​ជ័យជម្នះ​ដ៏​ធំ​” ប្រឆាំង​វប្បធម៌​រំលោភបំពាន​ផ្លូវភេទ​ដែល​កំពុង​​កើនឡើង​នេះ​។​

​ច្បាប់​ប្រឆាំង​កា​របៀន​ប្រៀន​ផ្លូវភេទ​នេះ នឹង​ត្រូវ​បាន​បិទ​ប្រកាស​នៅ​តាម​កន្លែង​សារ​ធា​រណៈ​ដោយ​រួមទាំង​នៅ​កន្លែងធ្វើការ និង​សាលារៀន ។​

​ច្បាប់​នេះ​ចែងថា ” វា​ជា​គោលការណ៍​នៃ​រដ្ឋ​ដែល​ត្រូវ​ផ្តល់​តម្លៃ​សេចក្តីថ្លៃថ្នូរ​ដល់​មនុស្ស​គ្រប់​គ្នា​និង​ការធានា​ដល់​ការគោរព​ទាំងស្រុង​សម្រាប់​សិទ្ធិមនុស្ស​” ។​

​ការដាក់ទោស គឺ​រួមទាំង​ការពិន័យ​និង​ការដាក់​ពន្ធនាគារ ដោយ​អាស្រ័យ​លើ​ស្ថាន​ទម្ងន់​នៃ​បទល្មើស​។​អ្នក​រំលោភ​បំពាន​ជា​ជនបរទេស​នឹង​ត្រូវ​បាន​បណ្តេញ​ចេញ​បន្ទាប់​ពី​បាន​​អនុវត្ត​ទោស​និង​បង់ប្រាក់​ពិន័យ​ចប់​រួចរាល់​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត អាយុ​៧៤​ឆ្នាំ ត្រូវបាន​គេ​ស្គាល់​ចំពោះ​ការធ្វើ​សុន្ទរកថា​ដែល​ពោរពេញ​សម្តី​ជេរប្រមាថ​និង​ការនិយាយ​លេង​ចំអេសចំអាស