មេដឹកនាំ​ហ្វីលីពីន​រង​ការរិះគន់​ចំពោះ​ការ​គំរាម​បង្កើត ” ក្រុម​ពិឃាត ឌុយ​ទែ​ត​”

807
ចែករម្លែក

ក្រុមឆ្វេងនិយមហ្វីលីពីនបានប្រតិកម្មយ៉ាងខ្លាំងចំពោះការគំរាមរបស់ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌុយទែត ថាចង់ការបង្កើត”ក្រុមពិឃាតពិសេស”ដើម្បីតាមប្រម៉ាញ់អ្វីដែលលោកបាននិយាយថាជាក្រុមឃាតករម៉ៅនិយមដែលក្រុមអ្នករិះគន់ថា អាចបង្កឱ្យមានការសម្លាប់រង្គាលស្រដៀងទៅនឹងសង្គ្រាមដ៏បង្ហូរឈាមលើសង្រ្គាមគ្រឿងញៀនរបស់លោក។

ក្រុមម៉ៅនិយម ក្រុមឆ្វេងនិយម និងសមាជិកសភាមួយចំនួនបាននិយាយថា លោក រ៉ូឌ្រីហ្គោ ឌុយទែតនឹងធ្វើឱ្យបរិយាកាសដែលកំពុងភ័យខ្លាចកាន់តែអាក្រក់ទៅនិងបង្កបង្កើតនិទណ្ឌភាពដោយបណ្តោយឱ្យក្រុមឃាតករស៊ីឈ្នួលផ្ទាល់របស់លោក ទៅវាយប្រហារលើមនុស្សរបស់ក្រុមកងទ័ពប្រជាជនថ្មី(NPA) ដែលជាកងជីវពលកុំម្មុយនិស្ត ដែលបានធ្វើការបះបោរនៅហ្វីលីពីន អស់ពេលជាច្រើនទសវត្សរ៍មកហើយ។

លោក រ៉ូឌ្រីហ្គោ ឌុយទែត បាននិយាយថា ក្រុមឃាតកររបស់លោកនឹងតាមវាយកម្ចាត់ក្រុមកងទ័ពប្រជាជនថ្មីNPA ដែលក្រុមកុំម្មុយនិស្តបានបញ្ជូនឱ្យទៅសម្លាប់ប៉ូលិសក្នុងអំឡុងការគ្រប់គ្រងនៅទសវត្សឆ្នាំ១៩៧០និងឆ្នាំ១៩៨០របស់ បុរសខ្លាំង ហ្វែរឌីណង់ ម៉ាកូស ។ តែវាមិនច្បាស់ទេថាតើ ក្រុមនេះ នៅតែមានឬអត់នោះ។

លោក រ៉ូឌ្រីហ្គោ ឌុយទែតបាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារទី២៧វិច្ឆិកា ថា នោះគឺជាគុណសម្បត្តិរបស់ពួកគេ ដូច្នេះខ្ញុំនឹងបង្កើតក្រុមពិឃាតពិសេសផ្ទាល់ខ្លួនរបស់ខ្ញុំ គឺ”ក្រុមពិឃាតឌុយទែត “។

លោក ចូស ម៉ារៀ ស៊ីសុន ស្ថាបនិកគណបក្សកុំម្មុយនីស្តហ្វីលីពីននេះ បានបដិសេធថាមិននៅមានក្រុមនេះទៀតទេ ហើយបាននិយាយថា លោក រ៉ូឌ្រីហ្គោ ឌុយទែត បានប្រើប្រាស់វាធ្វើជាលេសដើម្បីសម្លាប់ជនដែលគេសង្ស័យជាសមាជិកក្រុមឧទ្ទាមម៉ៅនិយម។

លោក ស៊ីសុន បានប្រដូចករណីនេះទៅនឹងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក រ៉ូឌ្រីហ្គោ ឌុយទែត ដែលនៅក្នុងយុទ្ធនាការនោះ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់។

ក្រុមសកម្មជននិយាយថាមានមនុស្សជាច្រើននាក់ ត្រូវបានគេសម្លាប់ ប៉ុន្តែប៉ូលិសបដិសេធហើយនិយាយថាអ្នកទាំងអស់នេះគឺបានបាញ់សម្លាប់គ្នាទៅវិញទៅមកជាមួយក្រុមអ្នកជួញដូរគ្រឿងញៀន៕ដោយ៖សុខា/SN