មេដឹកនាំ​ហ្វីលីពីន ឌូ​ធឺ​តេ ប្រកូក​ប្រកាស​ឱ្យ​ប្រជាជាតិ​នានា​ដកខ្លួន​ចេញពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​

1170
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ កាលពី​ថ្ងៃអាទិត្យ​ទី​១៨​មីនា​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ផ្សេងទៀត​ឱ្យ​ដកខ្លួន​ចេញ​​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​(ICC)​នេះ ដោយ​និយាយថា តុលាការអន្តរជាតិ​ដែល​កំពុង​ចាត់ការ​ប្រឆាំង​លោក​ចំពោះ​ការសម្លាប់​​ជនសង្ស័យ​គ្រឿងញៀន​រាប់ពាន់នាក់​នោះ​” ឈ្លើយ​ណាស់​”​។​

​ទោះបីជា ព្រឹទ្ធសភា​ហ្វីលីពីន​បានផ្តល់​សច្ចាប័ន​លើ​លក្ខន្តិកៈ​ក្រុង​រ៉ូម​ដែល​បាន​បង្កើត​តុលាការ​ICC នេះ ក៏ដោយ ក៏​លោក រ៉ូ​ឌ្រី​ហ្គោ ​ឌូ​ធឺ​តេ​បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ថា សន្ធិសញ្ញា​នេះ​មិន ត្រូវបាន​អនុវត្ត​នៅ​ប្រទេស​នេះ​ទេ​ព្រោះ​វា​មិនត្រូវ​បាន​គេ​ផ្សព្វផ្សាយ​​នៅក្នុង​ទិនានុប្បវត្តិ​របស់​រដ្ឋាភិបាល ដូចដែល​តម្រូវការ​ដោយ​ច្បាប់​នោះទេ​។​

​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ បាន​និយាយថា ” តុលាការ​ICC នេះ មិនអាច​ធ្វើការ​ចោទប្រកាន់​ប្រឆាំង​រូបលោក បានទេ​ទោះបី​ជាមួយ​លាន​ឆ្នាំ​​ទៀត​ក៏ដោយ ” ។​

​កាលពី​ខែ​មុន រដ្ឋអាជ្ញា​នៃ​តុល​ការ​ICC លោកស្រី Fatou Bensouda បានប្រកាសថា លោកស្រី កំពុងបើក​ការស៊ើបអង្កេត​ជាបឋម​​លើ​ពាក្យបណ្តឹង​មួយ​ដែល​ប្តឹង​ដោយ​មេធាវី​ជនជាតិ​ហ្វីលីពីន​ម្នាក់​ពីបទ​សម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​​ដែល​ដឹកនាំ​ដោយ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ ដែល​អាចជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។​

​ប៉ូលីស​បាន​និយាយថា​ជនសង្ស័យ​គ្រឿងញៀន​ជាង​៤.០០០ នាក់​ត្រូវបាន​សម្លាប់​នៅក្រោម​ការបង្ក្រាប​គ្រឿងញៀន​របស់លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ នៅ​ទូទាំងប្រទេស​ប៉ុន្តែ ក្រុម​សិទ្ធិមនុស្ស​បាន​រាយ​ការណ៍​ថា​ចំនួន​អ្នក​ដែល​ត្រូវបាន​សម្លាប់​គឺមាន​ចំនួន​ច្រើនជាង​នេះ​៕ដោយ៖សុខា/sn

លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ផ្សេងទៀត កាលពី​ថ្ងៃអាទិត្យ ឱ្យ ដកខ្លួន​ចេញពី​តុលាការ​ICC