មេដឹកនាំ​អាស៊ាន​មិន​គាំទ្រ​របៀប​ដឹកនាំ​សេដ្ឋកិច្ច​របស់​អាមេរិក និង​និយាយថា​ការបើក​ទូលាយ​ពាណិជ្ជកម្ម​ផ្តល់នូវ​ជម្រើស​កំណើន​ដ៏​ល្អ​បំផុត​

249

​មន្ត្រី​កំពូល​របស់​ចិន​និង​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ជាច្រើន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១២​កញ្ញា​ថា ចំណាត់ការ​របស់​សហ​រដ្ឋ​អាមេរិក​ក្នុងការ​រឹតត្បិត​ពាណិជ្ជកម្ម​និង​ការ​គាំពារ​អាជីវកម្ម​របស់​អាមេរិក​បាន​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចពិភពលោក​។​

​ឧបនាយករដ្ឋមន្ត្រី​ចិន​លោក ហ៊ូ ឈុន​ហួ បាន​និយាយ​នៅឯ​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង​ហាណូយ​ថា ភាពមិនប្រាកដប្រជា​និង​កត្តា​អស្ថិរភាព​នានា​បាន​គំរាម​បំផ្លាញ​ដល់​កំណើនសេដ្ឋកិច្ច​សក​ល​លោក ខណៈដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង​វាយ​ពន្ធ​ពិន័យ​លើ​ទំនិញ​របស់​គ្នា​ទៅវិញទៅមក​តម្លៃ​រាប់ពាន់​លាន​ដុល្លារ នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កាន់តែ​រីកធំឡើង​នេះ​។​

​លោក​ហ៊ូ ក៏ដូចជា​មេដឹកនាំ​ដទៃទៀត​ដែរ គឺ​មិនបាន​និយាយ​ចំឈ្មោះ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ទេ ប៉ុន្តែ​បាន​និយាយថា “​វិធានការ​គាំពារ​និយម​និង​វិធានការ​ឯកតោភាគី​រប​ស់​ប្រទេស​ខ្លះ​កំពុង​ធ្វើឱ្យ​ខូចខាត​ដល់​របប​ពាណិជ្ជកម្ម​ពហុភាគី​ដែល​ផ្អែកលើ​ច្បាប់ ជាហេតុ​បង្កឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​សេដ្ឋកិច្ចពិភពលោក​”​។​

​ការមូល​មតិ​គ្នា​របស់​ពួក​វាគ្មិន​នៅឯ​ការជួប​ជុំគ្នា​នៅ​រដ្ឋធានី​របស់​វៀតណាម ដែល​ផ្តោតលើ​របៀប​ដែល​អាស៊ីអាគ្នេយ៍​នឹង​ដោះស្រាយ​ជាមួយនឹង​អ្វីដែល​ហៅថា “​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន​” ពោលគឺ​ការផ្លាស់ប្តូរ​ទៅរក​ស្វ័យប្រវត្តិកម្ម​និង​បច្ចេកវិជ្ជា AI ដែល​គំរាមកំហែង​ដល់​គំរូ​កំណើន​ផ្អែកលើ​ផលិតកម្ម​នាំចេញ​តម្លៃ​ទាប​នោះ គឺថា​ការបើក​ទីផ្សារ​កាន់តែ​ចំហ​បន្ថែមទៀត គឺជា​ជម្រើស​តែមួយគត់​សម្រាប់​កំណើន​នាពេល​អនាគត​។​

​លោក​ហ៊ូបាន​និយាយថា “​ប្រវត្តិសាស្ត្រ​បាន​បង្រៀន​យើង​ថា ការដាក់​ខ្លួនឯង​ឱ្យ​ឯកោ​នឹងមិន​នាំ​យើង​ទៅ​កន្លែង​ណា​បានឡើយ​។ ការបើក​ទូលាយ​និង​កិច្ចសហប្រតិបត្តិការ​គឺជា​ជម្រើស​ត្រឹមត្រូវ​តែមួយគត់​”​។​

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌូនេស៊ី​លោកស្រី ស្រ៊ី មុ​ល​យ៉ា​នី ឥ​ន្ត្រា​វ៉ា​ទី បាន​និយាយថា ធុរកិច្ច​និង​ពាណិជ្ជកម្ម​ទាមទារ​កម្រិត​នៃ​ភាពប្រាកដប្រជា​។​

​លោកស្រី​បាន​និយាយថា ប្រទេស​នៅ​អាស៊ី​ធ្លាប់តែ​ពឹង​ផ្អែកលើ​សហរដ្ឋអាមេរិក​ដើម្បី​ដឹកនាំ ប៉ុន្តែ​ពួកគេ​មិនមាន​ជម្រើស​អ្វី​ក្រៅពី​ធ្វើការ​រួមគ្នា ព្រោះ​ពេលនេះ​សហរដ្ឋអាមេរិក​លែង​ដើរតួនាទី​ដូច​ពីមុន​។ លោកស្រី​បាន​និយាយថា “​ហេតុអ្វី​បានជា​យើង​មិន​ក្លាយជា​មនុស្ស​ធំ​ពេញវ័យ​នៅក្នុង​បន្ទប់​នេះ​ទៅ​។ ពិភពលោក​គឺ​ពិតជា​ធំធេង​ពេក​ហើយ និង​មាន​សារៈសំខាន់​ខ្លាំងណាស់ មិនអាច​ពឹងផ្អែក​តែ​លើ​ប្រទេស​តែមួយ​បានទេ​”​។​

​សេដ្ឋកិច្ច​របស់​វៀតណាម​បាន​រីកចម្រើន​យ៉ាងខ្លាំង ព្រោះ​ក្រុមហ៊ុន​ជាច្រើន​ដូចជា Honda និង Samsung បាន​បង្កើត​មូលដ្ឋាន​ផលិតកម្ម​ធំៗ ដែល​ធ្វើឱ្យ​ប្រទេស​នេះ​ក្លាយទៅជា​អ្នក​នាំចេញ​ដ៏​សំខាន់​មួយ ប៉ុន្តែ​ក៏បាន​បណ្តាលឱ្យ​ប្រទេស​នេះ​ងាយ​រងគ្រោះ​នៅក្នុង​ការបែកបាក់​ខាង​ពាណិជ្ជ​កម្មនេះ​ផងដែរ​។​

​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ចូ​កូ វី​ដូ​ដូ បានធ្វើឱ្យ​មានការ​ផ្ទុះសំណើច​ដោយ​ប្រៀបធៀប​សង្គ្រាម​ពាណិជ្ជកម្ម​ទៅនឹង “​សង្គ្រាម​គ្មាន​ទីបញ្ចប់​” ដោយ​ចង់​សំដៅ​ទៅលើ​ខ្សែភាពយន្ត​ប្រចាំ​ឆ្នាំនេះ គឺ រឿង “Avengers: Infinity War”​។​

​លោក​វី​ដូ​ដូ​បាន​ថ្លែងថា “​យើង​ត្រូវតែ​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​កុំឱ្យ​ក្លាយជា​សង្គ្រាម​គ្មាន​ទីបញ្ចប់​”​។ គាត់​មិនបាន​និយាយ​ចំឈ្មោះ​ត្រាំ​នោះទេ ប៉ុន្តែ​បានធ្វើ​ឱ្យគេ​ផ្ទុះសំណើច​និង​ទះដៃ​នៅពេល​គាត់​ចោទ​ជា​សំណួរ​ថា “​អ្នក​ប្រហែលជា​ឆ្ងល់​ហើយ​ថា​នរណា​ជា​តួ Thanos?” គឺ​ចង់​សំដៅ​ទៅលើ​តួ​ចិត្តអាក្រក់​នៅក្នុង​រឿង​។​

​លោក​វី​ដូ​ដូ​បាន​និយាយថា តួ Thanos មិនមែនជា​មនុស្ស​អាក្រក់​តែ​ម្នាក់​គត់​ទេ ប៉ុន្តែ “​វា​នៅក្នុង​ខ្លួន​ពួកយើង​ទាំងអស់គ្នា​” ។​

​លោក​បន្តថា “​វា​គឺជា​ជំនឿ​ខុសឆ្គង​ថា ដើម្បីឱ្យ​យើង​ទទួលជោគជ័យ អ្នក​ដទៃទៀត​ត្រូវតែ​ចុះចាញ់​។ វា​ជា​ការយល់​ខុស​ថា ការឡើង​កូដ​របស់​អ្នកខ្លះ ត្រូវតែ​មានន័យថា​ជាការ​ធ្លាក់កូដ​របស់​អ្នកដទៃ​”​។​

​នាយករដ្ឋមន្ត្រី​សិង្ហបូរី​លោក លី សៀន​ឡុង ក៏បាន​និយាយ​ដែរ​ថា សមាជិក​អាស៊ាន​ទាំង ១០ នឹង​ធ្វើការ​ដើម្បី​រក្សា​ទីផ្សារ​និង​ការវិនិយោគ​ឱ្យ​បើកចំហ​និង​ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ដែល​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​។​

​នៅក្នុង​ប្រទេស​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​ដូចជា​វៀតណាម​និង​ឥណ្ឌូនេស៊ី ការបោះពុម្ព 3D និង​អាជីវកម្ម​ឌីជីថល​ដូចជា​ក្រុមហ៊ុន​ចែករំលែក​ការដឹក​ភ្ញៀវ Grab កំពុងតែ​ពង្រីក​យ៉ាង​ឆាប់រហ័ស​និង​បង្កើត​ការងារ​ថ្មី​ជំនួស​ឱ្យ​ប្រព័ន្ធ​ចាស់ ដែល​បាត់បង់ ដូចដែល​មនុស្ស​យន្ត​ជំនួស​កម្មករ​នៅឯ​រោងចក្រ​យ៉ាង​អ៊ីចឹង​។​

​មេដឹកនាំ​មី​យ៉ាន់​ម៉ា​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​បាន​និយាយថា​នៅក្នុង​ប្រទេស​តូចៗ​មិនសូវ​អភិវឌ្ឍ​ដូចជា​កម្ពុជា​ឡាវ​និង​មី​យ៉ាន់​ម៉ា​ដែល​កំពុង​ព្យាយាម​តស៊ូ​តាម​ឱ្យទាន់​ប្រទេសជិតខាង ការរីក​រាលដាល​នៃ​បច្ចេកវិជ្ជា​មូលដ្ឋាន​ដូចជា​ទូរស័ព្ទ​ចល័ត​កំពុង​ជួយ​ជំរុញ​ការផ្លាស់ប្តូរ​ដ៏​ធំធេង​។ លោកស្រី​បាន​កត់សម្គាល់ថា​ក្នុង​រយៈពេល​ត្រឹមតែ ៥ ឆ្នាំ តម្លៃ​ទូរស័ព្ទ​ចល័ត​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់ចុះ​ពី ១៥០០ ដុល្លារ មក​ត្រឹម ១,៥ ដុល្លារ​ប៉ុណ្ណោះ​។​

​លោកស្រី​និយាយថា វា​មិន​គ្រាន់តែ​ជាការ​បោះជំហាន​មួយ​កាំ​នោះទេ តែ​ជាការ “​បោះជំហាន​រីកចម្រើន​ដ៏​ធំធេង​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ស៊ូ​ជី និយាយថា​នៅក្នុង​ប្រទេស​តូចៗ​មិនសូវ​អភិវឌ្ឍ​ដូចជា​កម្ពុជា​ឡាវ​និង​មី​យ៉ាន់​ម៉ា​ដែល​កំពុង​ព្យាយាម​តស៊ូ​តាម​ឱ្យទាន់​ប្រទេសជិតខាង ការរីក​រាលដាល​នៃ​បច្ចេកវិជ្ជា​មូលដ្ឋាន​ដូចជា​ទូរស័ព្ទ​ចល័ត​កំពុង​ជួយ​ជំរុញ​ការផ្លាស់ប្តូរ​ដ៏​ធំធេង
នាយករដ្ឋមន្រ្តីវៀតណាម និងស្ថានិកវេទិកាសេដ្ឋកិច្ចពិភពលោកនិងជានាយកប្រតិបត្តិលោកKlaus Schwab នៅវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងក្រុងហាណូយកាលពីថ្ងៃ១២កញ្ញា