មេដឹកនាំ​អាស៊ាន​ស្វាគមន៍​ជំនួប​កំពូល​កូរ៉េ​និង​ប្រឆាំង​ការ​គាំពារ​និយម​

3139
ចែករម្លែក

​បណ្តា​មេដឹកនាំ​អាស៊ាន​ត្រូវ​រំពឹងថា​នឹង​ពួតដៃគ្នា​ប្រឆាំង​ការ​គាំពារ​និយម នៅ​ជំនួប​នា​ប្រទេស​សិង្ហ​បុរី​នៅ​ចុង​សប្តាហ៍​នេះ ចំ​ពេល​មាន​ការព្រួយបារម្ភ​អំពី​ការចាត់វិធានការ​​សងសឹក​ទៅវិញទៅមក​រវាង​អាមេរិក​និង​ចិន ដែល​នៅ​ទីបំផុត​ឈាន​ដល់​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក​។​

​ជា​តំបន់​មួយ​ដែល​មាន​ប្រជាជន​ប្រមាណ​៦៥០​លាន​នាក់ អាស៊ីអាគ្នេយ៍​ជាទី​តាំង​ដែលមាន​សេដ្ឋកិច្ច​រីកចំរើន​លឿន​បំផុត​មួយ​នៅលើ​លោក ដោយសារ​តែ​ផលប្រយោជន៍​​នៃ​ពាណិជ្ជកម្ម​សេរី​និង​បើកចំហ​។​តែ​ពួក​មន្ត្រី​និង​អ្នកវិភាគ បាន​ព្រមាន​ថា ភាព​តានតឹង​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំងក្លា​មួយ​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​បង្ក​ហានិភ័យ​ចំ​​ពោះ​កំណើន​របស់​តំបន់​។​

​បណ្តា​មេដឹកនាំ​មកពី​ប្រទេស​ជា​សមាជិក​សមាគមន៍​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(​អាស៊ាន​)​ទាំង​១០​ត្រូវ​រំពឹងថា​នឹង​ប្តេជ្ញា​ប្រយុទ្ធប្រឆាំង​នឹង​ការ​គាំពារ​និយម​នៅ​ពេល​ពួក​​អស់លោក​ជួបប្រជុំ​នៅ​ថ្ងៃ​សៅរ៍​ទី​២៨​មេសា នេះ​បើ​តាម​ពង្រាង​សេចក្តីថ្លែងការណ៍​ចុងក្រោយ​របស់​ជំនួប​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ទទួលបាន​។​

​សេចក្តីថ្លែងការណ៍​ព្រមាន​អំពី​ភាពមិនប្រាកដប្រជា​ជុំវិញ​ការ​រើប​រើ​សេដ្ឋកិច្ច​សកល កំណើន​នៃ​ការ​គាំពារ​និយម និង​ភាពមិនប្រាកដប្រជា​អំពី​គោលនយោបាយ​សកល​។​

​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ​បាន​បញ្ជូន​រលក​នៃ​ការ​ភ្ញាក់ផ្អើលជុំវិញ​ពិភពលោក​កាលពី​ខែ​មុន នៅពេល​លោក​បាន​ប្រកាស​ដាក់​ពន្ធ​ខ្ពស់​លើ​ការនាំ​ចូល​ដែក​​ថែប​និង​អាលុយមីញ៉ូម​។​លោក​ក៏ អនុញ្ញាត​អោយ​វាយ​ពន្ធ​លើ​ទំនិញ​នាំចូល​របស់​ចិន​តំលៃ​ប្រមាណ​៥០.០០០​លាន​ដុល្លារ ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​ជា​​ចោរលួច​ទ្រព្យ​កម្មសិទ្ធិបញ្ញា​អាមេរិក​។​

​ប្រឈម​សភាពការណ៍​មិន​នឹង​ស្មាន​ដល់​បែបនេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ឆ្លើយ​តប​ជាមួយនឹងការ​វាយ​ពន្ធ​លើ​ទំនិញ​កសិផល​នាំចូល​សំខាន់ៗ​របស់​អាមេរិក ដោយ​ផ្តោត​លើ​​មូលដ្ឋាន​គាំទ្រ​របស់​ប្រធានាធិបតី​អាមេរិក​។​

​ត្រាំ ចោទប្រកាន់​ចិន​ថា​ធ្វើ​ពាណិជ្ជកម្ម​មិន​យុត្តិធម៌ ជាហេតុ​នាំ​អោយ​អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដល់​ទៅ​៣៣៧.០០០​លាន​ដុល្លារ​។​

​បណ្តា​មេដឹកនាំ​អាស៊ាន​ក៏​នឹង​ស្វាគមន៍​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃ​សុក្រ រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​និង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ជែ​អ៊ិន​ និង​អំ​ពាវនាវ​អោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បំបាត់​ចោល​សព្វាវុធ​នុយក្លេអ៊ែ​ររបស់ខ្លួន​៕ដោយ:វាសនា

​មេដឹកនាំ​អាស៊ាន​ទាំង​១០​ជួបប្រជុំ​នៅ​សិង្ហ​បុរី​នៅ​ថ្ងៃ​សៅរ៍​