មេដឹកនាំ​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​តា​លី​បង់ ចូលរួម​កិច្ចពិភាក្សា​រក​សន្តិភាព​នៅ​ក្រុង​មូ​ស្គូ​

1604

រដ្ឋាភិបាលក្រុងមូស្គូកាលពីថ្ងៃសុក្រទី៩វិច្ឆិកា បានទទួលរៀបចំធ្វើកិច្ចពិភាក្សាអន្តរជាតិស្តីពីអាហ្វហ្គានីស្ថានក្នុងគោលបំណងចាប់ផ្តើមការចរចាអន្តរជាតិរវាងរដ្ឋាភិបាលក្រុងកាប៊ុលនិងក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលពួកគេសុទ្ធតែបានបញ្ជូនគណៈប្រតិភូមកចូលរួម។

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកសឺហ្គេ ឡាវរ៉ូវបាននិយាយនៅពេលចាប់ផ្តើមកិច្ចពិភាក្សានៅសណ្ឋាគារមួយក្នុងក្រុងមូស្គូកាលពីព្រឹកថ្ងៃសុក្រថា«រុស្ស៊ីសង្ឃឹមថាតាមរយៈកិច្ចខិតខំរួមគ្នានេះ វានឹងបើកទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តអាហ្វហ្គានីស្ថាន»។

លោកថា ការចូលរួមពីមេដឹកនាំអាហ្វហ្គានីស្ថាននិងតាលីបង់មានសារសំខាន់ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសំរាប់ចាប់ផ្តើមកិច្ចពិភាក្សាផ្ទាល់។

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកសឺហ្គេ ឡាវរ៉ូវ និយាយថាវាជាលើកដំបូង ដែលគណៈប្រតិភូតាលីបង់ចូលរួមក្នុងកិច្ចពិភាក្សាអន្តរជាតិកំរិតខ្ពស់ដូច្នេះ

អ្នកនាំពាក្យក្រុមតាលីបង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា ក្រុមរបស់ខ្លួនបានបញ្ជូនតំណាង៥នាក់មកចូលរួម។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា វាជាលើកដំបូងដែលគណៈប្រតិភូតាលីបង់មួយកំពុងចូលរួមកិច្ចប្រជុំថ្នាក់ខ្ពស់ដូច្នេះ។ក្រុមតាលីបង់ត្រូវហាមឃាត់នៅរុស្ស៊ី ដោយសារអាជ្ញាធរចាត់ទុកក្រុមនេះជាអង្គការភេរវកម្ម។

គណៈប្រតិភូអាហ្វហ្គានីស្ថានផ្សំដោយតំណាង៤នាក់របស់ក្រុមប្រឹក្សាសន្តិសភាពជាន់ខ្ពស់ ជាអង្គការមួយដែលទទួលខុសត្រូវខាងផ្សះផ្សារជាមួយក្រុមសកម្មប្រយុទ្ធ។

រដ្ឋាភិបាលក្រុងមូស្គូបាននិយាយថា ខ្លួនបានអញ្ជើញតំណាងមកពីអាមេរិក ឥណ្ឌា ចិននិងប៉ាគីស្ថាន ព្រមទាំងអតីតសាធារណរដ្ឋសូវៀតចំនួន៥នៅអាស៊ីកណ្តាលមកចូលរួមកិច្ចប្រជុំនេះ៕ដោយ៖វាសនា