មេដឹកនាំ​អូស្ត្រាលី​សុំទោស​ចំពោះ​វិស្សមកាល​ចំពេល​មាន​ភ្លើង​ឆេះ​ព្រៃ​

219
ចែករម្លែក

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ស្កត់ ម័រ​រី​សុន​( Scott Morrison )​កាលពី​ថ្ងៃអាទិត្យ​ទី​២២​ធ្នូ បាន​សុំ​អភ័យទោស​ចំពោះ​ការចំណាយ​ពេល​វិស្សមកាល​ជា​លក្ខណៈ​គ្រួសារ​នៅ​កោះ ហា​វ៉ៃ ខណៈ​ដែល​ភ្លើង​ឆេះ​ព្រៃ​បាន​ឆាបឆេះ​នៅ​រដ្ឋ​មួយ​ចំនួន ដោយ​បំផ្លាញ​ផ្ទះ​ជា​ច្រើន​និង​បាន​សម្លាប់​អ្នក​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​២ នាក់​។​

លោក ស្កត់ ម័រ​រី​សុន និយាយ​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុងពេល​ទៅកាន់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​គ្រាអាសន្ន​នៅ​ទីក្រុង​ស៊ីដនី​កាលពី​ថ្ងៃអាទិត្យ​ទី​២២ ខែ​ធ្នូ​ឆ្នាំ​២០១៩

​លោក​ស្កត់ ម័រ​រី​សុន បាន​ផ្អាក​វិស្សមកាល​ជាមួយ​ភរិយា​និង​កូន​របស់​លោក​នៅពេល​មាន​កំហឹង​ជា​សាធារណៈ​ចំពោះ​ការ​អវត្តមាន​របស់​លោក​នៅ​ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​ជាតិ​ ហើយ​បាន​មកដល់​ស្រុក​វិញ នៅ​យប់​ថ្ងៃ​សៅរ៍​។

​លោក​បាន​និយាយថា​”​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ត្រូវមាន​ការទទួលខុសត្រូវ និង​ខ្ញុំ​ព្រម​ទទួលយក​ការរិះគន់ តែ​នេះ​មិនមែន​ជា​ពេលវេលា​សម្រាប់​ការ​កេងចំណេញ​ន​យោ​​បាយ​ទេ ប៉ុន្តែ​ជា​ពេលវេលា​ដែល​ត្រូវ​មានចិត្ត​ល្អ​ចំពោះ​គ្នា​ទៅវិញទៅមក​”​។

​លោក​ស្កត់ ម័រ​រី​សុន ក៏​បាន​ឆ្លើយតប​ចំពោះ​ក្រុម​អ្នក​រិះគន់​ដែល​និយាយថា​រដ្ឋាភិបាល​របស់​លោក​មិនទាន់​បាន​ធ្វើ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ​ដែល​​ត្រូវបាន​គេ​លើកឡើងថា​ជា​កត្តា​ចំបង​នៃ​ការឆេះ​រាលដាល​នៅ​ទូ​ទាំង​រដ្ឋ​New South Wales រដ្ឋ Victoria និង​រដ្ឋ​South Australia​។ លោក​បាន​និយាយថា មាន​កត្តា​ជា​​ច្រើន​ទៀត​ដែល​ទទួលខុសត្រូវ​ចំពោះ​ចំនួន​អគ្គិភ័យ​ឆាប់ឆេះ​ដែល​មិន​ធ្លាប់មាន​ពីមុន​មក​នៅក្នុង​កំឡុងពេល​មាន​រលក​កម្តៅ​ខ្លាំង​។​

​ស្នងការ​សេវាកម្ម​អគ្គិភ័យ បាន​ពណ៌នា​ភ្លើង​ឆេះ​ព្រៃ​កាលពី​ថ្ងៃ​សៅ​រ៍ថា​ជា​ថ្ងៃ​ដ៏​គួរឱ្យ​ភ័យខ្លាច​សម្រាប់​អ្នក​ពន្លត់​អគ្គិភ័យ​ខណៈ​ដែល​ខ្យល់​បក់​ខ្លាំង​ពី​ទិស​ខាងត្បូង​បាន​បណ្តាល​​ឱ្យ​ភ្លើង​ឆេះ​ព្រៃ​ជាង​១០០ កន្លែង​នៅ​រដ្ឋ​New South Wales ។​

​អគ្គិភ័យ​ដែល​ឆាបឆេះ​យ៉ាង​លឿន​នេះ​បាន​ឆេះ​បំផ្លាញ​ដើមឈើ​រថយន្ត និង​សំណង់​អគារ​ជាច្រើន និង​អ្វីៗ​ផ្សេង​ទៀត​ដែល​នៅ​ចំ​មុខ​ភ្លើង​ឆ្លងកាត់​ដោយ​បណ្តាល​ឱ្យ​ពួក​អ្នក​​ស្រុក​ចាកចេញ​ពី​ផ្ទះ ហើយ​ទៅ​កាន់​ទី​ជម្រក​សុវត្ថិភាព​៕ដោយ៖សុខា/sn

អគ្គិភ័យ​ដែល​ឆាបឆេះ​យ៉ាង​លឿន​នេះ​បាន​ឆេះ​បំផ្លាញ​ដើមឈើ​រថយន្ត និង​សំណង់​អគារ​ជាច្រើន និង​អ្វីៗ​ផ្សេងទៀត​