មេដឹកនាំ​ កម្ពុជា ឡាវ វៀតណាម អញ្ជើញ​ទទួលទាន​អាហារ​ពេលព្រឹក​ជុំគ្នា​

1102
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី ៣១ ខែមីនា ដែលជា​ថ្ងៃទី​២​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​(GMS) លើក​ទី​៦ និង កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម​(CLV) លើកទី​១០ ស្តីពី​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​នៅ​ទីក្រុង ហាណូយ​ប្រទេស​វៀតណាម លោក ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀត​ណាម​បានរៀបចំ​ពិធី ទទួលទាន​អាហារ​ពេលព្រឹក​ការងារ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក ថង​លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ ។

មេដឹកនាំនៃប្រទេសទាំងបីអាហារជុំគ្នា

​សេចក្តីរាយការណ៍​រប​ស់​អ្នកយកព័ត៌មាន​ពិសេស​នៃ​ទូរ​ស្សន៍​ជាតិ​ពី​ទីក្រុង​ហាណូយ​នៅ​ព្រឹក​នេះ​បានឲ្យ​ដឹងថា​នៅក្នុង​ពិធី​ទទួលទាន​អាហារ​ការងារ​ពេលព្រឹក​មេដឹកនាំ​នៃ​ប្រទេស CLV បាន​សំដែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​រួមគ្នា​អំពី​ទំនាក់ទំនង​ប្រពៃណី​នៃ​មិត្តភាព សាមគ្គីភាព ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ និង​កិ​ច្វ​សហ​ប្រតិ ប​ត្តិ​ការ​ទូលំទូលាយ ក្នុងចំណោម​ប្រទេស​ទាំងបី​ដែល រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​ប្រទេស​​និ​មួយៗ ព្រមទាំង​រក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៃ​តំបន់​ទាំងមូល​។

ជាមួយគ្នានេះ​មេដឹកនាំ​នៃ​ប្រទេស​ទាំងបី​បានធ្វើការ​កត់សំគាល់​យ៉ាង​យកចិត្តទុកដាក់ អំពី​វឌ្ឍនភាព​ដ៏​សំខាន់ ដែល​បាន​ធ្វើឡើង​នៅក្នុង​ការអនុវត្ត​ផែនការមេ ដែល​បាន​កែសម្រួល​សម្រាប់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច នៃ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV សម្រាប់​ឆ្នាំ​២០១០-២០២០ ក៏ដូចជា​សកម្មភាព​និង​កម្មវិធី​សហប្រតិបត្តិការ នៅតាម​តំបន់ ផ្សេងៗ ក្នុងចំណោម​ប្រទេស​ទាំងបី​។

សូម​បញ្ជាក់ដែរថា តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម ជា​តំបន់​ដែល​ព្រំដែន​ជាប់​គ្នា នៃ​ខេត្ត​ចំនួន​១៣ រួមមាន ខេត្ត​ចំនួន​៤​របស់​កម្ពុជា គឺ​ខេត្តស្ទឹងត្រែង រតនគីរី មណ្ឌល​គី​រី និង​ខេត្ត ក្រចេះ ខេត្ត​ចំនួន​៤​របស់​ឡាវ គឺ​ខេត្ត​អា​តា​ពូ សាឡា​វ៉ាន់ សេកុង និង​ខេត្ត​ចំប៉ា​សាក់ និង​ប្រទេស​វៀតណាម មាន​៥​ខេត្ត គឺ​ខេត្ត​កុន​ទុម ហ្កា​ឡាយ ដាក់​ឡាក់ ដាក់​ណុង និង​ប៊ី​ង​ភឿ​ក ៕​មន​

សម្តេចតេជោហ៊ុនសែនជាមួយលោក ង្វៀនស៊ុនហ្វុក