មេទ័ព​ចិន​ប្រចាំ​ហុងកុង​និយាយថា កងទ័ព​ត្រៀម​ធានា​ស្ថិរភាព​នៅ​ហុងកុង​

528
ចែករម្លែក

​ឆេន ឌី​អេអូ​ស៊ាវ មេបញ្ជាការ​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន​ប្រចាំ​បន្ទាយ​ហុងកុង បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០១​សីហា​ថា កងទ័ព​រំដោះប្រជាជន ត្រៀម​ខ្លួន​ដើម្បី​ធានា​ស្ថិរភាព​​និង​សន្តិសុខ​នៅ​ហុងកុង​ក្រោយ​ការ​មាន​បាតុកម្ម កុបកម្ម​និង​ការប៉ះទង្គិច​រាប់​សប្តាហ៍​។​

​មេបញ្ជាការ​រូបនេះ​ត្រូវបាន​កាសែត​South China Morning Post​ស្រង់​សម្តី​ដែល​បាន​និយាយថា​«​យើង​ត្រៀម​គាំទ្រ​ចំណាត់ការ​រក្សា​នីតិរដ្ឋ​ហុងកុង​របស់​ក្រុម​ជន​ស្រឡាញ់​ប្រ​​ជា​ជាតិ​និង​ទីក្រុង​មួយ​នេះ និង​យើង​ប្តេជ្ញាចិត្ត​ការពារ​អធិបតេយ្យភាព​ជាតិ សន្តិសុខ ស្ថិរភាព​និង​ទ្រព្យសម្បត្តិ​របស់​ហុងកុង​»​។​

​ការតវ៉ា​ប្រឆាំង​កាលពី​ថ្ងៃ​សៅរ៍​និង​អាទិត្យ​កន្លងទៅ នាំ​ដល់​ការប៉ះទង្គិច​ហិង្សា​រវាង​ប៉ូលិស​ហុងកុង​និង​អ្នកប្រឆាំង​តវ៉ា​រាប់ពាន់នាក់​។​

​មេ​បញ្ជា​ទ័ព​រូបនេះ​បាន​ព្រមាន​ថា ការ​ប៉ះទង្គិច​នឹង​មិន​ត្រូវ​អត់ឱន​ឡើយ​ពីព្រោះ​វា​គំរាម​សុវត្ថិភាព​ពលរដ្ឋ​ហុងកុង និង​ប្រឆាំង​នឹង​ខ្លឹមសារ​នៃ​គំរូ «​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​»​។​

​នេះ​ជា​លើកដំបូង​ដែល​មេទ័ព​ប្រចាំ​ហុងកុង​បាន​និយាយ​អំពី​ចលាចល​ស៊ីវិល​នៅក្នុង​ទឹកដី​នេះ​ចាប់​តាំងពី​ពេល​វា​បាន​ចាប់ផ្តើម​ផ្ទុះឡើង​កាលពី​ដើមខែ​មិថុនា​។​មនុស្ស​រាប់សែន​​នាក់​បាន​ចូលរួម​ការតវ៉ា​ប្រឆាំង​នឹង​ពង្រាង​ច្បាប់​បត្យាប័ន​ដែល​នឹង​អនុញ្ញាត​អោយ​មាន​ការបញ្ជូន​ខ្លួន​ជនសង្ស័យ​ពី​ហុងកុង​ទៅ​កាត់ទោស​នៅ​តុលាការ​ចិន​។​ទោះ​ជា​មេដឹកនាំ​​ហុងកុង​ចេញមក​អះអាងថា ពង្រាង​ច្បាប់​នេះ​បាន​ងាប់​បាត់ទៅហើយ តែ​ការតវ៉ា​ប្រឆាំង​មិន​ត្រូវបាន​បញ្ឈប់​និង​វា​ឥឡូវ​ប្រែ​ក្លាយទៅជា​ចលនា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ និង​កែ​​ទម្រង់​នៅ​ហុងកុង​។​

​ជា​ការឆ្លើយតប រដ្ឋាភិបាលកណ្តាល​ចិន​បានបញ្ជាក់​ថា សេរីភាព​នៅ​ហុងកុង​សព្វថ្ងៃ​មាន​ហូរហៀរ​ជាង​កាល​ពី​ហុងកុង​នៅក្រោម​ការគ្រប់គ្រង​របស់​អង់គ្លេស​ទៅទៀត និង​បាន​​ព្រមាន​កុំអោយ​«​កម្លាំង​ខាងក្រៅ​»​ជ្រៀតជ្រែក​កិច្ចការ​ហុងកុង​៕​ដោយ​៖​វាសនា​

​ឆេន ឌី​អេអូ​ស៊ាវ មេបញ្ជាការ​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន​ប្រចាំ​បន្ទាយ​ហុងកុង បាត់​ការស្ងៀមស្ងាត់​ក្រោយ​មាន​ការតវ៉ា​និង​ប៉ះទង្គិច​អស់​២​ខែ​