មេទ័ព​ចិន​ព្រមាន​អាម៉េរិក​កុំអោយ​មើលស្រាល​យោធា​ចិន​

878
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ​ទី​៣១​ឧសភា​បាន​ព្រមាន​ថា អាម៉េរិក​មិនគួរ​មើលស្រាល​យោធា​ចិន ខណៈ​មន្ត្រី​ការពារជាតិ​កំពូល​មក​ពី​មហាអំណាច​ទាំងពីរ​បាន​ជួបគ្នា​​នៅក្រៅ​វេទិកា​សន្តិសុខ​មួយ​នៅ​សិង្ហ​បុរី​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​អាម៉េរិក​លោក ផា​ទ្រិក សា​ណា​ហាន(ឆ្វេង) បាន​ជួបប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក ឧត្តមសេនីយ៍ វ៉េ ហ្វេ​ង​ហឺ ​នៅក្រៅ​វេទិកា​សន្តិសុខ​មួយ​នៅ​សិង្ហ​បុរី​​

ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន​ប្រជែង​គ្នា​រក​ឥទ្ធិពល​នៅក្នុង​តំបន់​មួយ​ដែល​តំណាង​អោយ​ចំណុច​ងាយ​នឹង​ផ្ទុះ​សង្គ្រាម ដូចជា​សមុទ្រ​ចិន​ខាងត្បូង​និង​ឧបទ្វីប​កូរ៉េ​​ព្រមទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​អាម៉េរិក​លោក ផា​ទ្រិក សា​ណា​ហាន បាន​ជួបប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក ឧត្តមសេនីយ៍ វ៉េ ហ្វេ​ង​ហឺ អស់​២០​នាទី​កាលពី​ថ្ងៃ​សុក្រ​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន លោក​វូ គៀន បាន​និយាយថា​ពួកលោក​«​បាន​ឈាន​ដល់​ការស្រុះស្រួល​មតិ​គ្នា​ខ្លះ​»​លើ​បញ្ហា​ដែល​ជា​ការព្រួយបារម្ភ​រួម និង​ថា​លោក​វ៉េ​«​បាន​​សង្កត់​ធ្ងន់​ជាពិសេស​លើ​បញ្ហា​តៃវ៉ាន់​»​។​

​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ដើម្បី​នាំ​មក​បង្រួបបង្រួម​ជាមួយ​មហា​ចិនដីគោក​វិញ ទោះ​ជា​ភាគី​ទាំង​២​ត្រូវបាន​គ្រប់គ្រង​ដាច់ដោយឡែក​ពីគ្នា​ចាប់តាំងពី​​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ​១៩៤៩​ក្តី​។​អាម៉េរិក​តែងតែ​ធ្វើអោយ​ចិន​ខឹង​ដោយសារតែ​ជា​ញយៗ​បាន​បញ្ជូន​នាវាចម្បាំង​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកថា​ជា​ដែន​​ទឹក​របស់ខ្លួន​។​

​លោក​វូ​បាន​និយាយថា​«​លោក រដ្ឋមន្ត្រី វ៉េ ចង្អុលបង្ហាញ​ថា​ ​អាម៉េរិក​កាលពីពេល​ថ្មីៗ​មាន​ពាក្យសម្តី​និង​អំពើ​អវិជ្ជមាន​អំពី​បញ្ហា​នេះ​។​ចិន​ប្រឆាំង​ដាច់ខាត​បញ្ហា​នេះ​។​អំពី​បញ្ហា​ការ​​ពារ​អធិបតេយ្យភាព​ជាតិ​និង​បូរណភាព​ទឹកដី អាម៉េរិក​មិនគួរ​មើលស្រាល​ការប្តេជ្ញាចិត្ត ឆន្ទៈ​និង​លទ្ធភាព​យោធា​របស់​ចិន​ទេ​»​។​

​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​របស់​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាម៉េរិក បាន​ហៅ​ជំនួប​នេះ​ថា​មាន​លក្ខណៈ​ស្ថាបនា​និង​ផលិតភាព​។​

​អ្នកនាំពាក្យ ចូ ប៊ុក​ស៊ីណូ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​«​មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សាគ្នា​អំពី​វិធី​ស្ថាបនា​ទំនាក់ទំនង​រវាង​យោធា​ដែល​នឹង​កាត់បន្ថយ​ហានិភ័យ​នៃ​ការយល់​​ច្រឡំ​និង​គិតគូរ​ខុស​រវាង​ប្រជាជាតិ​របស់​យើង​»៕​ដោយ​៖​វាសនា​

#