មេទ័ព​ចុះសួរសុខទុក្ខ និង​យក​ស្បៀងអាហារ ទៅ​ឧបត្ថម្ភ​ដល់​កងទ័ព ការពារ​ព្រំដែន​កម្ពុជា​-​ឡាវ​

442
ចែករម្លែក

​ដោយ​: សុខុម / ស្ទឹងត្រែង​: មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តស្ទឹងត្រែង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្វាយ​ញ៉​ន បាន​អញ្ជើញ​ចុះទៅ​សួរសុខទុក្ខ​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន ដែល​កំពុង​បំពេញភារកិច្ច ការពារ​បូរណភាព​ទឹកដី នៅលើ​ខ្សែត្រៀម​ជួរមុខ​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ ក្នុង​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១៦ ខែមករា​ឆ្នាំ​២០១៩​។​

​នៅក្នុងពេល​ចុះទៅ​នោះ​លោក​មេបញ្ជាការ​បាន​យក​ស្បៀង​និង​គ្រឿងឧបភោគ បរិភោគ ចែកជូន​ដល់ កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្វាយ ញ៉​ន បាន​អញ្ជើញ​ទៅដល់ ក្នុង​រយះពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៤​មករា ដល់​ថ្ងៃទី​១៦​មករា​២០១៩​កន្លងមកនេះ​ក្នុង​គោលបំណង​យក​អំណោយ​ទៅ​ចែកជូន​ដល់​កងទ័ព ត្រួតពិនិត្យ​សភាពការណ៍​ព្រំដែន លេណដ្ឋាន​ឈរជើង ទីជម្រក​ស្នាក់នៅ និង​ត្រួតពិនិត្យ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​របស់​កងទ័ព​។​

​នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​សភាពការណ៍ នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ​នោះ​ទៀត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្វាយ ញ៉​ន បាន​ដឹកនាំ​មន្ត្រី​យោធា​ក្រោម​ឧិ​វាទ ចូលជួប​កងទ័ព​នៅ​គ្រប់​កងឯកភាព​ចំណុះ​សឹក​រង​ខេត្ត ចាប់ពី​បង្គោល​ឡាក់​លេខ​០៣៥ រហូតដល់​បង្គោល​ឡាក់​លេខ​០៧៨ ហើយ​បន្ត​ឆ្ពោះទៅកាន់​ទីតាំង​ឈរជើង​កោះទន្សាយ ស្រែ​ចំប៉ា អូររូង ត្រង់ចំណុច​បង្គោល​ឡាក់​លេខ​០៤៩ អូរ​សង្កែ ត្រង់​បង្គោល​ឡាក់​លេខ​០៥១ អូរ​រំ​ផា ត្រង់​បង្គោល​ព្រំដែន​លេខ​០៥៩ បង្គោល​០៦៨ និង​ចំណុច​បង្គោល​ឡាក់​លេខ​០៧៧ ចំណុះ​កងអនុសេនាធំ​ទី​១ និង​កងអនុសេនាធំ​ទី​២ របស់​ផ្នែក​សឹក​រង​សៀម​ប៉ាង នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង យោធភូមិភាគ​ទី​១​ស្ទឹងត្រែង​។​

​ស្រប​ពេលដែល លោក​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ អញ្ជើញ​ចុះទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ បាន​នាំយក​គ្រឿងឧបភោគ បរិភោគ មានដូចជា មី ផ្អក ប៊ីចេង ត្រីងៀត ស្ករស សាច់​កំប៉ុង ត្រីខកំប៉ុង ស្ពៃក្តោប សាច់ជ្រូក ប្រេងឆា ទឹកត្រី និង​ទឹក​ស៊ីវ ផ្តល់ជូន​គ្រប់​កងឯកភាព ចំណុះ​អង្គភាព​ផ្នែក​សឹក​រង​សៀម​ប៉ាង ទុក​សម្រាប់​ដោះស្រាយ​ការហូបចុក​នៅក្នុង​អង្គភាព ដែលមាន​មូលដ្ឋាន​នៅតាម​បណ្តោយ​ខ្សែបន្ទាត់ ព្រំដែន​កម្ពុជា​-​ឡាវ​នេះ​។ ហើយ​អំណោយ​ទាំងនោះ ក៏មាន​ការជួយឧបត្ថម្ភ ពី​មេបញ្ជាការរង​កងទ័ព​ជើងគោក និង​មេបញ្ជាការ​យោធភូមិភាគ​ទី​១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហួត ឈាង ។​

​បន្ទាប់ពី​បាន​ផ្តល់ជូន​នូវ​ស្បៀង ដល់​កងទ័ព​ប្រចាំ​ព្រំដែន​នោះ​រួច លោក​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ ក៏បាន​ចុះ​ជួប​នាយទាហាន និង​ពលទាហាន​ទាំងអស់ ដែល​កំពុង​ឈរជើង​នៅតាម​បណ្តោយ​ខ្សេ​ត្រៀម​ជួរមុខ ដើម្បី​ចង់ដឹង​ពី​ភាព​សុខទុក្ខ របស់​យោធិន​នៅ​ទីនោះ រួច​ក៏​បន្ត​ចុះ​ត្រួតពិនិត្យ​លេណដ្ឋាន ទីជម្រក​ស្នាក់នៅ ការដាំដុះ ការដាំ​ស្លរ និង​ត្រួតពិនិត្យ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទៀតផង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្វាយ ញ៉​ន បាន​ថ្លែង​ក្រើនរំលឹក​ដល់​នាយទាហាន និង​ពលទាហាន ដែល​កំពុង​ឈរជើង​នៅ​ខ្សែត្រៀម​ជួរមុខ​ទាំងអស់ មិនត្រូវ​ធ្វេសប្រហែស​ស្មារតី នៅក្នុង​កិច្ចការងារ ការពារ​បូរណភាព​ទឹកដី​នោះ​ជាដាច់ខាត ក្នុងនោះ អាវុធ​យុទ្ធ​ភ័​ណ្ឌ​គ្រប់​ប្រភេទ ត្រូវតែ​ធ្វើការ​ដុសខាត់​ជាប្រចាំ និង​ទុកដាក់​ឲ្យ​បានល្អ ហើយ​ត្រូវ​បន្ត​ស្តារ កសាង​លេណដ្ឋាន​ឈរជើង និង​ទីជម្រក​ស្នាក់នៅ​បន្ថែមទៀត ដើម្បី​ត្រៀម​ទប់ទល់ នូវ​រាល់​សភាពការណ៍ ដែល​កើតឡើង​ជាយថាហេតុ​ណាមួយ​។

​ក្រៅពី​កិច្ចការងារ​បំពេញ​តួនាទី​ការពារ​ទឹកដី នៅតាម​ខ្សែបន្ទាត់​ព្រំដែន​នោះ នាយទាហាន និង​ពលទាហាន​ទាំងអស់ ត្រូវខិតខំ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​ប្រសើរ ដោយ​ត្រូវ​រស់នៅ​ស្អាត ហូប​អាហារ​ស្អាត ផឹកទឹក​ស្អាត គេង​ត្រូវដាក់​មុង ឲ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​បញ្ជៀ​សបាន នូវ​ការកើតឡើង​ជម្ងឺ​ដ​ង្កា​ត់​នានា​។ ក្រៅពីនោះ ត្រូវខិតខំ ដាំ​ដំណាំ បន្លែបង្ការ​គ្រប់មុខ និង​ការ​ចិញ្ចឹមសត្វ ដើម្បី​ជួយ​លើកស្ទួយ​កម្រិតជីវភាព​រស់នៅ ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ជាង​នេះ ថែមទៀត​៕ ល​