មេទ័ព​ជើងគោក​សុំឱ្យ​រុស្សី​បណ្ដុះបណ្ដាល​សមត្ថភាព​ផ្នែក​វិស័យ​យោធា​ដល់​នាយទាហាន​កម្ពុជា​

241
ចែករម្លែក

ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​IGOMISHUTKIN​នាយក​សាកលវិទ្យាល័យ​ការពារ​ប្រទេស​សហព័ន្ធរុស្ស៊ី បាន​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក កាលពី​រសៀល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ ។

​នៅក្នុង​ជំនួប​សន្ទនា​នោះ​ក្នុងនាម​កងទ័ពជើងគោក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​គណៈប្រតិភូ​នៃ​ប្រទេស​រុស្ស៊ី​ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​IGOMISHUTKIN​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​រុស្ស៊ី ដែល​តែងតែមាន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ និង​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា ចាប់តាំងពី​ដើម​រៀងមក​។​ក្រៅពីនេះទៀត​ប្រទេស​រុស្ស៊ី​ក៏បាន​ជួយ​ដល់​កម្ពុជា​លើ​ការងារ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ឱ្យមាន​ការរីកចម្រើន​និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​សុំឱ្យ​ប្រទេស​រុស្ស៊ី​បន្ត​យកចិត្តទុកដាក់​បណ្ដុះបណ្ដាល​សមត្ថភាព​ផ្នែក​វិស័យ​យោធា​ដល់​នាយទាហាន​កម្ពុជា​និង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​។​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក IGO MISHUTKIN បាន​សម្ដែង​ការកោតសរសើរ និង វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​លោក​សង្ឃឹមថា កម្ពុជា​នឹង​បន្តធ្វើ​ការអភិវឌ្ឍ​រីកចំរើន​ទៅមុខទៀត និង​មាន​សន្តិភាព​ល្អប្រសើរ​ទៅ​ថ្ងៃ​អនាគត ។

​នាយក​សាកលវិទ្យាល័យ​ការពារ​ប្រទេស​សហព័ន្ធ​រុស្សី​រូបនេះ​បានបញ្ជាក់​ទៀតថា​ប្រទេស​រុស្សី​នឹង​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​កម្ពុជា​ដើម្បី​ថែរក្សា​សន្តិភាព​ស្ថេរភាព​និង​រួមចំណែក​ជំរុញ​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​ថែមទៀត ។​

សូមបញ្ជាក់ថា ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​រវាង​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា និង​នាយក​សាកលវិទ្យាល័យ​ការពារ​ប្រទេស​សហព័ន្ធរុស្ស៊ី​នាពេលនេះ គឺ​ផ្ដោត​សំខាន់​លើ​ការពង្រឹង និង​ពង្រីក​កិច្ចសហការ​នៃ​ប្រទេស​ទាំងពីរ​លើ​យោធា និង​វិស័យ​ផ្សេងៗ​ដើម្បី​សេចក្តីសុខ​របស់​ប្រជាជន និង​ការអភិវឌ្ឍ​នៃ​ប្រទេស​ទាំងពីរ​៕S/​