មេទ័ព​បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទប់ស្កាត់​កុំ​ឲ្យ​កើតមាន​ក្រុម​ជ្រុលនិយម​បង្ក​ភាពវឹកវរ​ក្នុង​សង្គមជាតិ​

986
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ដាស់តឿន​ដល់​កងកម្លាំងប្រដាប់អាវុធ​ត្រូវ​បង្កើន និង​បង្ការ ការពារ​ទប់ស្កាត់ មិនឱ្យ​កើតមានឡើង​ជាដាច់ខាត ក្រុម​ជ្រុលនិយម ឬ សកម្មភាព​ណាមួយ​នាំឱ្យមាន​ភាព វឹកវរ​ក្នុង​សង្គមជាតិ ឬ​មាន​ចរិត បំផ្លាញ​សន្តិភាព​នោះឡើយ និង​បាន​អំពាវនាវ​ឲ្យ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ ជាពិសេស​ក្នុងឱកាស​ដែល​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ត្រៀម​ចូលរួម​សប្បាយរីករាយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ (រូប: សុភាព)

​ការ​ថ្លែង​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល សារឿន បានធ្វើ​នៅក្នុង​ពិធី​ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរ​ស័​ក្តិ៍​នាយទាហានជាន់ខ្ពស់ នៅ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ កាលពី​រសៀល​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៨​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​មានប្រសាសន៍​ដាស់តឿន​ក​ង​កម្លាំងប្រដាប់អាវុធ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ថែរក្សា​ការពារ​ឱ្យបាន​ដាច់ខាត​សុខ សន្តិភាព រក្សា​ស្ថិរភាព សណ្តាប់ធ្នាប់​សង្គម និង​ការពារ​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋនៅក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​មានប្រសាសន៍​ដាស់តឿន​ទៀ​ត​ថា ត្រូវ​បង្កើន និង​បង្ការ ការពារ​ទប់ស្កាត់​មិនឱ្យ​កើត មាន​ឡើង ជាដាច់ខាត ក្រុម​ជ្រុលនិយម ឬ សកម្មភាព​ណាមួយ នាំឱ្យមាន​ភាព វឹកវរ​ក្នុង​សង្គមជាតិ ឬ​មាន​ចរិត បំផ្លាញ​សន្តិភាព​នោះឡើយ​។

​ការអំពាវនាវ​របស់​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ធ្វើឡើង​ទន្ទឹមនឹង​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស​បានចាត់ទុក​ខែមេសា​នេះ​ជា​ខែ​មួយ​ដែល​ក្តៅគគុក នៃ​ការធ្វើផែនការ​ណ៍ស​កម្ម​ភាព​នយោបាយ​ប្រឆាំង​រាជរដ្ឋាភិបាល​។ មេខ្លោង​ម្នាក់​នៃ​ក្រុម​ធ្វើ​ចលនា​ប្រឆាំង ក្រៅ​ស្រុក គឺ​លោក​អេង ឆៃអ៊ាង បាន​និយាយ​កាលពីពេល​កន្លងមកនេះ​ថា បើសិនជា​រហូតដល់​ខែមេសា ឆ្នាំ​២០១៨ នឹងមិន​អាចមាន​អ្វី​ប្រែប្រួល​ដែល​ពួកគេ​គ្មាន​សង្ឃឹមថានឹង​អាច​ចូលរួម​ក្នុងការ​បោះឆ្នោត​នៅ​ខែកក្កដា ឆ្នាំ​២០១៨​បានទេ គឺ​ពួកគេ​នឹង​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ថ្មី​មួយ ទៀត​។​

​សូមជម្រាបថា ក្នុង​សប្តាហ៍​នេះ តុលាការ​បានចេញ​ដីកា​៦​ផ្សេងៗ​គ្នា ក្នុងការ​កោះហៅ មេខ្លោង​ចលនា​សង្គ្រោះ​ជាតិ ក្នុងនោះ​រួមមាន លោក​អេង ឆៃអ៊ាង លោក​សម រង្ស៊ី លោកស្រី ជូ ឡុង សូ​មូរ៉ា លោក​ហូ វ៉ាន់ លោក​តុ វ៉ាន់​ចាន់ និង​លោក​នុត រំដួល ដើម្បី​ចូល​បំភ្លឺ​នៅមុខ​តុលាការ​នៅក្នុង​ខែឧសភា ពីបទ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែលមាន​សកម្មភាព​បំផ្លិចបំផ្លាញ​ជាតិ​… ផ្តាច់ដង្ហើម​សេដ្ឋកិច្ចកម្ពុជា​… ញុះញង់​ឲ្យ​កងទ័ព​បង្វែរ​ចុង​កាណុង​ប្រឆាំង រាជរដ្ឋាភិបាល និង​ការ​ញុះញង់​ឲ្យ​ពលរដ្ឋ​ប្រឆាំង ការដឹកនាំ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​៕ ល​

#