មេទ័ព​មី​យ៉ាន់​ម៉ា ថា អង្គការសហប្រជាជាតិ​មិនគួរ “​ជ្រៀតជ្រែក ” នៅក្នុង​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​

333

ប្រមុខកងទ័ពដ៏មានឥទ្ធិពលរបស់មីយ៉ាន់ម៉ាបាននិយាយថា អង្គការសហប្រជាជាតិគ្មានសិទ្ធិជ្រៀតជ្រែកអធិបតេយ្យភាពរបស់ប្រទេសខ្លួនទេគឺ មួយសប្តាហ៍ បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិបានអំពាវនាវឱ្យកាត់ទោសលោក ​(ប្រមុខកងទ័ពដ៏មានឥទ្ធិពលនេះ) និងឧត្តមសេនីយ៍កំពូលដទៃទៀត ពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងក្រុមរ៉ូហ៊ីងយ៉ា។

ការឆ្លើយតបដ៏មុតមាំនេះគឺជាប្រតិកម្មជាសាធារណៈដំបូងរបស់ប្រមុខកងទ័ពនេះ បន្ទាប់ពីបេសកកម្មស្វែងរកការពិតមួយរបស់អង្គការសហប្រជាជាតិបានជំរុញឱ្យក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ បញ្ជូនក្រុមមន្ត្រីយោធាកំពូលមីយ៉ាន់ម៉ាទាំងនេះ ទៅឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។

លោក Min Aung Hlaing អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ានេះ ក៏បានច្រានចោលផងដែរការទាមទាររបស់អង្គការសហប្រជាជាតិ ឱ្យកងទ័ពដកខ្លួនចេញពីជីវិតនយោបាយនៅប្រទេសមីយ៉ាន់ម៉ាដែលយោធានៅតែមានឥទ្ធិពលយ៉ាងខ្លាំង បើទោះបីជាមានការផ្លាស់ប្តូរទៅជាការគ្រប់គ្រងដោយស៊ីវិលនៅឆ្នាំ២០១១ ក៏ដោយ។

កាសែតកងទ័ព Myawady បានរាយការណ៍ថា លោក Min Aung Hlaing បាននិយាយប្រាប់កងទ័ពនៅក្នុងសុន្ទរកថាកាលពីថ្ងៃអាទិត្យថា ” គ្មានប្រទេសណាមួយ អង្គការណាមួយឬក្រុមណាមួយ មានសិទ្ធិជ្រៀតជ្រែកក្នុងការសម្រេចចិត្តនិងការធ្វើការសម្រេចចិត្តអំពីអធិបតេយ្យភាពរបស់ប្រទេសណាមួយនោះទេ ” ។

របាយការណ៍ស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិទំព័រ៤៤៤ដែលបានចងក្រងអស់រយៈពេល១៨ខែបានរៀបរាប់យ៉ាងលម្អិតអំពីអំពើឃោរឃៅប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ាដែលបានរត់ភៀសខ្លូនពីយុទ្ធនាការបង្ក្រាបដ៏ហិង្សាដោយយោធា ដែលបានចាប់ផ្តើម កាលពីខែសីហាឆ្នាំមុន។

ក្រុមអ្នកស៊ើបអង្កេតបានសន្និដ្ឋានថា ពួកទាហាន ដែលជួនកាលត្រូវបានជួយដោយក្រុមជនជាតិភាគតិចនៅរដ្ឋរ៉ាឃីននោះ បានប្រព្រឹត្តអំពើឃាតកម្ម ការរំលោភសេពសន្ថវៈ ការដុតផ្ទះ ការធ្វើទារុណកម្ម ដោយប្រើអំពើហិង្សាដ៏ធ្ងន់ធ្ងរនិងការមិនយកចិត្តទុកដាក់ចំពោះជីវិតមនុស្ស។

ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាជាង៧០០.០០០នាក់បានរត់ភៀសខ្លួនទៅប្រទេសបង់ក្លាដែសជាកន្លែងដែលពួកគេនៅតែមានការភ័យខ្លាចក្នុងការវិលត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ ថ្វីបើមានកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍រវាងប្រទេសទាំង២ក៏ដោយ៕ដោយ:សុខា/sn

លោក Min Aung Hlaing អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា