មេធាវី​ការពារ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​២​រូប​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​រឿង​សុំ​នៅក្រៅ​ឃុំ​

446

(​ភ្នំពេញ​)៖​មេធាវី​ការពារ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​២​រូប​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ពីបទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ​ ​បានដាក់​ពាក្យ​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​នៅ​រសៀល​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៨​ដែលមាន​កម្មវត្ថុ​សុំ​ឲ្យ​កូនក្តី​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​បន្ទាប់ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​និង​សាលាឧទ្ធរណ៍​បាន​បដិសេធ​មិន​ឲ្យ​នៅក្រៅ​ឃុំ​នាពេល​កន្លង​​មក​។​

​លោក​កែវ វ៉ា​នី មេធាវី​ការពារ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​២​រូប​បានដាក់​ពាក្យសុំ​ឲ្យ​កូនក្តី​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​តែ លោក ពេជ្រ វិជ្ជាធរ​​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​មិន​អនុញ្ញាតិ​ឲ្យ​នៅក្រៅ​ឃុំ​តាម​ការស្នើសុំ​ទេ​ទើប​មេធាវី​បានដាក់​ពាក្យ​ប្តឹង​​ឧទ្ធរណ៍​ប្រឆាំងនឹង​ការសម្រេច​នេះ​។​

​សាលាឧទ្ធរណ៍​បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​២​រូប​នៅ​ថ្ងៃទី​២៦​ខែធ្នូ​។​ប៉ុន្តែ​ក៍បាន​ប​ដិ​​សេធ​មិន​ឲ្យ​នៅក្រៅ​ឃុំ​ដែរ​។​

​យោងតាម​មាត្រា​៤៤៥​នៃ​ក្រមព្រហ្មទណ្ឌ​ឃើញថា​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​២​រូបនេះ​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំ​ដល់​១៥​ឆ្នាំ​បើសិនជា​តុលាការ​រកឃើញថា​មាន​ពិរុទ្ធភាព​ដូច​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​នេះ​មែន​។​

​លោក អ៊ួ​ន ឈិន និង លោក យាង សុជា​មេត្តា​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៤ វិច្ឆិកា នៅក្នុង​បន្ទប់​ជួល​នៃ​សណ្ឋាគារ ម៉ា​រ៉ា​ឌី ស្ថិតក្នុង​ខណ្ឌមានជ័យ ជិត​គល់​ស្ទឹងមានជ័យ ក្រុងភ្នំពេញ​ពាក់ព័ន្ធ​លួច​ផលិត​ព័ត៌មាន ផ្ញើ​ឲ្យ​វិទ្យុ​អាស៊ីសេរី ដែលមាន​ការិយាល័យ​នៅ​រដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។​

​លោក អ៊ួ​ន ឈិន បាន​បដិសេធ​នៅក្នុង​កំណត់ហេតុ របស់​សមត្ថកិច្ច​កាល​ពីថ្ងៃ​ទី​១៤ វិច្ឆិកា នោះ​ថា ការបង្កើត​ស្ទូ​ឌី​យោ​នេះ​ឡើង គឺ​ដើម្បី​ធ្វើ ថត​សំឡេង​ច្រៀង​កា​រ៉ា​អូ​ខេ​ជា​លក្ខណៈ​គ្រួសារ និង​ស៊ីឈ្នួល​គេ​ថត​កម្រង​អា​ពា​ពិពាហ៍ ប៉ុណ្ណោះ​ពោល​វា​ពុំមែន​ជាការ​លួច​​ផលិត​ព័ត៌មាន បម្រើ​ឲ្យ​ស្ថាប័ន​អាស៊ីសេរី​ទៀតឡើយ​៕​ដោ​យៈស​.​រិ​ទ្ធ​/sn