មេធាវី​ចំនួន​បី​រូប​ប្តឹង​ជំទាវ​លី អ៊ុ​អេង ទៅ​តុលាការ​ករណី​ក្លែង​ឯកសារ​រំលោភ​កាន់កាប់​ដី​រដ្ឋ​ក្នុង​តំបន់​បុរី​សណ្ឋាគារ​

2830

(​សៀមរាប​)៖​មេធាវី​ចំនួន​បី​រូប​ដែល​តំណាង​ដោយ​អាណត្តិ របស់​អង្គភាព​អាជ្ញាធរ​អប្សរា បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ប្តឹង​លោកស្រី​លី អ៊ុ​អេង ទៅ​តុលាការ បន្ទាប់ពី​បាន​រកឃើញថា លោកស្រី​ក្លែងបន្លំ​ឯកសារ សាធារណៈ​ប៉ុនប៉ង​រំលោភ​កាន់កាប់​ដី​រដ្ឋ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ក្នុង​តំបន់​បុរី​សណ្ឋាគារ​ជិត​៣​ហិកតា និង​ទារ​សំណង​៥០.០០០.០០០​រៀល​។​

​មេធាវី​ទាំងបី​រូប​ដែល​រួមគ្នា​ប្តឹង​នោះ ទី​១​មានឈ្មោះ​ឈិ​ត បូ​រ៉ាវុធ ទី​២​ឈ្មោះ​ភុំ ប៊ុន​ផាន់ និង​ទី​៣​ឈ្មោះ​ស៊ន់ សុជាតិ​។ ក្រុម​មេធាវី​ខាងលើ បានដាក់​ពាក្យបណ្តឹង​ចូលទៅ​តុលាការ កាលពី​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ឈ្មោះ​លី អ៊ុ​អេង ភេទ​ស្រី​អាយុ​៤៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ពីបទ ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​។

ក្នុង​ពាក្យបណ្តឹង​នោះបាន​សំណូមពរ ដល់​តុលា​ករ​ឲ្យ​បើក​ការស៊ើបអង្កេត និង​ចោទប្រកាន់​ឈ្មោះ​លី​អ៊ុ​អេង ពីបទ​ក្លែង​ឯកសារ​សាធារណៈ និង​ឲ្យ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ ព្រមទាំង​ទាមទារ​សំណង​ខូចខាត​ចំនួន​៥០.០០០.០០០​រៀល​ទៀតផង​។​

​យោង​ខ្លឹមសារ​នៃ​បណ្តឹង ចុះ​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧ បង្ហាញថា​ឈ្មោះ​លី​អ៊ុ​អេង​និង​បក្ខពួក​ប៉ុនប៉ង​រំលោភ​កាន់កាប់​ដី​របស់​រដ្ឋ ក្នុង​តំបន់​បុរី​សណ្ឋាគារ រហូត​ជិត​៣​ហិច​តា តាមរយៈ​ក្លែងបន្លំ​ឯកសារ​កាន់កាប់​ដី​។ ឯកសារ​កាន់កាប់​ដី​ទាំងនោះ​មានការ​កោស​លប់ សរសេរ​ឡើងវិញ​នៅត្រង់​ឈ្មោះ​អ្នកកាន់កាប់​ដី​សរសេរ​កែ​ទំ​ហ៊ំ​ដី​ក្លែងបន្លំ​ហត្ថលេខា​ម្ចាស់​ដី​ដើម​ឯកសារ​កាន់កាប់​ដី​ពីរ​ផ្សេងគ្នា​តែមាន​ព្រំប្រទល់​ដូចគ្នា និង​ឯកសារ​កាន់កាប់​ដី​ខុស​ទីតាំង​ដី​។​
​លោក​ភុំ​ប៊ុន​ផាន់​មេធាវី​ក្នុងចំណោម​មេធាវី​ទាំងបី​រូប​បាន​បញ្ចា​ក់ថា​ដី​របស់​រដ្ឋ​ជិត​បី​ហិច​តា​ដែល​ឈ្មោះ​លី​អ៊ុ​អេង​ក្លែង​ឯកសារ​ប៉ុនប៉ង​រំលោភ​កាន់កាប់ មាន​ទីតាំង​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ត្រង់ចំណុច​ជា​ក្បែរ​រង្វង់​មូល​អង្គរ​ឃ្យូ​ង​យូ ជាប់​សារមន្ទី​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​(​ឥណ្ឌា​)​និង​ទល់មុខ​សារមន្ទីរ​។

ដី​ទាំងពីរ​កន្លែង​នោះ​ឈ្មោះ​លី​អ៊ុ​អេង បាន​ប្រើ​លិខិត​ក្លែងបន្លំ​ចំនួន​៣ មក​ធ្វើជា​មូលដ្ឋាន​សម្រាប់​រំលោភ​កាន់កាប់ ដែល​លិខិត​ទីមួយ​មាន​ក្បាលដី​លេខ​៣៩០​ចុះ​ថ្ងៃទី​២៧/២/១៩៩២ ទី​ពីរ​លេខ​១០៨៧​ចុះ​ថ្ងៃទី​១៩/១២/១៩៨៧ និង​ទី​បី​លេខ​២៨៣​ចុះ​ថ្ងៃទី​១៨/២/១៩៩២​។ ដី​នៅ​ទីតាំង​ដដែល​តែ​លិខិត​កាន់កាប់ មាន​ភូមិ​ខុសគ្នា ហើយ​លិខិត​ទាំងនោះ​មាន​កោស​លប់ឈ្មោះ​ចាស់ ដាក់ឈ្មោះ​ថ្មី​.​កោស​លប់​ផ្ទៃក្រឡា​និង​យក​លិខិត​ផ្សេង​មកប្តឹង​ទាមទារ​។

លោក​បន្តថា តាមពិត​ដី​ទាំងនេះ​អាជ្ញាធរ​អប្សរា បាន​ដោះស្រាយ​គោលនយោបាយ​ជាមួយ​ម្ចាស់​ដើម​ចំនួន​៣​នាក់​រួចហើយ តាមរយៈ​សំណុំរឿង​ហៅ​កាត់​ថា (IRC) ដែល​ម្ចាស់​ទី​១​ឈ្មោះ​ឯល កូប ភេទ​ស្រី IRC​លេខ​៣០៣៤ ទី​២​ឈ្មោះ​ហ៊ាង សា​រិ ភេទ​ប្រុស​IRC​លេខ​៤០៣៥ និង​ទី​៣​ឈ្មោះ​ខៀវ ប្រសើរ ភេទ​ប្រុស​IRC​លេខ​៣១៧៩​។​

​តាមរយៈ​ដំណោះស្រាយ​គោលនយោបាយ​(IRC) និង​ការ​កោស​លប់​ក្លែងបន្លំ លើ​លិខិត​កាន់កាប់​ដី​ខាងលើ​បង្ហាញថា ជា​ទង្វើ​ដែល​ឈ្មោះ​លី​អ៊ុ​អេង ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​នូវ​ការពិត ដើម្បី​រំលោភ​កាន់កាប់​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ ខ្លួន​។ ទង្វើ​នេះ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៦២៩ (​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​)​មាត្រា​៦៣០(​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​) នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះ​រា ជាណា​ចក្រ​កម្ពុជា​។ ដូច្នេះហើយ​ទើប​សំណូមពរ​ឲ្យ​តុលាការ បើក​ការស៊ើបអង្កេត​ដើម្បី​ផ្តន្ទាទោស និង​ទាមទារ​សំណង​ខូចខាត​៥០​លាន​រៀល​(៥០.០០០.០០០​រៀល​។​

​ក្នុងករណីនេះ​ថ្វិ​ត​ភ្ងា​ក់​ងារ​សារព័ត៌មាន​ពុំ​អាច​សុំ​ជួប​លោកស្រី​លី​អ៊ុ​អេង​ដើម្បី​បកស្រាយ​និង​ពន្យល់​អំពី​ហេតុផល​តែ​ស្វាមី​របស់លោក​ស្រី​គឺ​លោក អ៊ូ ម៉េង បាន​ថ្លែងប្រាប់​តាម​ទូរ​សព្ទ័​ថា រឿង​ថា​មាន​គេ​ប្តឹងទៅ​តុលាការ ខាង​លោក​មិនទាន់​បានដឹង​ទេ​។ ម្យ៉ាងវិញទៀត ក៏​នៅ​មិនទាន់មាន​ដីកា​រកោះ​ពី​ស្ថាប័ន​តុលាការ​នោះដែរ​។ លោក​បន្តថា ប្រសិនបើ​មាន លោក​នឹង​តតាំង​តាមច្បាប់​។ តែ​រឿង​សុំ​ធ្វើលិខិត​កាន់កាប់​ដី​របស់លោក លោក​នៅតែ​បន្តធ្វើ​។​

​លោក​យិន ស្រាង អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប បាន​មាន​ប្រសា​ស​ន៏​ថា ខាង​លោក​បានទទួល​បណ្តឹងរ​បស់​មេធាវី​អប្សរា​ហើយ ហើយក៏​បាន​ចុះ​លេខ​រួចហើយ​ដែរ​។ ក្នុង​សំណុំរឿង​ដណ្តើមយក​ដី​ដ៏​កក្រើក ដែល​គិតពី​ទំ​ហ៊ុំ​ទឹកប្រាក់ អាច​ឈានដល់​រាប់សិប លា ន ដុល្លារ ដែល​ភាគី​ម្ខាង​ជា​អ្នកមានអំណាច​និង​ភាគី​ម្ខាង​ជា​អាជ្ញាធរ​នេះ​មហាជន​ទូទាំង​ខេត្តសៀមរាប​រងចាំ​មើល​ថា​តើ​ចំណាត់ការ​ផ្លូវច្បាប់​ទៅជា​យ៉ាងណា​។​ដោយ​គេ​និយាយថា​សុំ​ឲ្យ​មាន​ចំណាត់ការ​ដូចដែល​ធ្លាប់​ចាត់ការ​ទៅលើ​ពលរដ្ឋ​ផ្សេងៗ​ដែល​អះអាងថា​រំលោភ​កាន់កាប់​ដី​របស់​រដ្ឋ​៕S/​ដោយៈ​អង្គរតូច​

​រូបភាពៈ​លោកស្រី​លី​អ៊ុ​អេង និង​ដី​ដែល​ក្លែង​ឯកសារ​រំលោភ​កាន់កាប់​។​


​ ​