មេធាវី​របស់​អគ្គមេបញ្ជាកា​រ​នៃ​កងយោធពល​ខេមរភូមិន្ទ ដាក់ពាក្យ​ប្តឹង​ទណ្ឌិត សម រង្ស៊ី

822

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង​៨៖៣០​នាទី​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ លោក វង្ស ភក្តី មេធាវី​របស់​អគ្គមេបញ្ជាកា​រ​នៃ​កងយោធពល​​ខេមរភូមិន្ទ បាន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​បានដាក់​ពាក្យ​ប្តឹង​ទណ្ឌិត សម រង្ស៊ី រួចហើយ​ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​​កុំ​ឲ្យ​កងទ័ព​កម្ពុជា​ស្តាប់បង្គាប់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​និង​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​។​

លោក វង្ស ភក្តី មេធាវី​របស់​អគ្គមេបញ្ជាកា​រ​នៃ​កងយោធពល​​ខេមរភូមិន្ទ បាន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ

​សូម​ជំរាប​ថា កាលពី​រសៀល​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៧​ម្សិលមិញ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន​អគ្គមេបញ្ជាការ​នៃ​កងយោធពល​​ខេមរភូមិន្ទ បាន​ថ្លែង​នៅក្នុង​ស​ន្នី​សីទ​កាសែត​ថា មេធាវី​កងយោធពល​ខេមរភូមិន្ទ បានរៀបចំ​ឯកសារ​រួចរាល់​ហើយ​ដើម្បីឱ្យ​តុលា​​ការកាត់ទោស​លោក សម រង្ស៊ី ទៅតាម​ផ្លូវច្បាប់ ជុំវិញ​ការ​ញុះញង់​អោយ​កងទ័ព​បែរ​ចុង​កាណុង​ប្រឆាំង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​​ស្របច្បាប់​។​

​នៅក្នុង​ពាក្យបណ្តឹង​បាន​រៀបរាប់ថា​៖ «​នៅ​អំឡុង​ដើមខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ឈ្មោះ សម រង្ស៊ី​បាន​ញុះញង់​ឲ្យ​កងកម្លាំង​កុំ​ឲ្យ​ស្តាប់​​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត និង​បាន​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព ដែល​អំពើ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ ដែលជា​បទល្មើស​ចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​អនុវត្ត​»​។​

​បណ្តឹង​ស្នើ​សុំអោយ​ព្រះរាជអាជ្ញា​ពិនិត្យ​និង​សំរេច​អោយបាន​ឆាប់រហ័ស​ព្រោះ​អំពើ​របស់​សម រង្ស៊ី កំពុង​ធ្វើអោយប៉ះពាល់​ដល់​សន្តិសុខ​​រដ្ឋ​ធ្ងន់ធ្ងរ​៕​ដោយ​៖​វាសនា​