មេធាវី​រាជរដ្ឋាភិបាល​ដាក់ពាក្យ​ប្តឹង​ទណ្ឌិត សម រង្ស៊ី បរិហាកេរ្តិ៍​សម្តេច​តេ​ជោ ហ៊ុន សែន

1067
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រុ​មេធាវី​រាជរដ្ឋាភិបាល បានដាក់​ពាក្យបណ្តឹង​ប្តឹង​ទណ្ឌិត សម រង្ស៊ី ដែល​បានធ្វើការ​បរិហាកេរ្តិ៍​ជា​សាធារណៈ​លើស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ចេតនា​ទុច្ចរិត​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ ចលាចល អសន្តិសុខ​ក្នុងសង្គម​។ ការដាក់​ពាក្យ​ប្តឹង​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩​។


​នៅក្នុង​ពាក្យបណ្តឹង​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​បាន​ជម្រាបជូន​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ​ថា កាលពី​យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ឈ្មោះ សម រង្ស៊ី បានធ្វើ​កិច្ចសម្ភាសន៍ ក្នុង​វេទិកា​វិទ្យុ​អាស៊ីសេរី​និង​បានធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ លើ​គេហទំព័រ Facebook ឈ្មោះ Sam Rainsy ដែលមាន​ខ្លឹមសារ​ថា “ អ្នក​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា ជា​ចំណាប់​ខ្លាំង​របស់​ហ៊ុន សែន សូម្បី​ព្រះមហាក្សត្រ​របស់​យើង ក៏​ជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន​។ ដូចនេះ​លោក​អត់​ហ៊ាន​ធ្វើ​អី លោក​ខ្លាច ហ៊ុន សែន លោក​ចង់តែ​រក្សា​រា​ជប​ល្ល័​ង​លោក​។ ដូច្នេះ​យើង​ទុក​ព្រះអង្គ​មួយអន្លើ ។​យើង​មិនអាច​រំពឹង​ព្រះមហាក្សត្រ ដែលជា​អាយ៉ង​របស់ ហ៊ុន សែន ដូច​សព្វថ្ងៃនេះ​ទេ ” ។


​ក្រុម​មេធាវី​រាជរដ្ឋាភិបាល បាន​បញ្ជាក់ថា ទង្វើ​របស់​ឈ្មោះ សម រង្សី​ពិតជា​បាន​ឆ្លុះបញ្ចាំង​អំពី​ចេតនា​ទុច្ចរិត ក្នុង​គោលបំណង​បរិហាកេរ្តិ៍​ជា​សាធារណៈ​លើស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក៏បាន​បង្ហាញ​អំពី​ចេតនា​ទុច្ចរិត ញុះញង់ បង្ក​ឲ្យ​មាន​ភាពវឹកវរ ចលាចល អសន្តិសុខ​ក្នុងសង្គម ដែលជា​ការបំពាន​លើ មាត្រា ៣០៥ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។​
​ជាមួយគ្នានេះ មេធាវី​រាជរដ្ឋាភិបាល សុំ​ប្តឹង និង​ធ្វើ​សំណូមពរ ចំពោះ​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​គឺ​សុំ​ឲ្យ​ធ្វើការ​ពិនិត្យ​សម្រេច​ចោទប្រកាន់ និង​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​លើ​ឈ្មោះ សម រង្ស៊ី​តាម​បញ្ញត្តិ នៃ​ក្រមព្រហ្មទណ្ឌ ៕សរន