មេធាវី​រាប់រយ​នាក់​ចូលរួម​ដើរ​ក្បួន​ក្នុង​ភាព​ស្ងៀមស្ងាត់​ដើម្បី​ទាមទារ​ស៊ើបអង្កេត​ចំពោះ​ការតវ៉ា​នៅ​ហុងកុង​

474
ចែករម្លែក

​មេធាវី​រាប់រយ​នាក់​នៅ​ថ្ងៃ​ពុធ ទី​៧ សីហា​នេះ បាន​ដើរ​ជា​ក្បួន​ក្នុង​ភាព​ស្ងៀមស្ងាត់​ជា​លើក​ទី​២ ចាប់តាំងពី​ខែមិថុនា​ដើម្បី​ទាមទារ​ឱ្យមាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ទៅក្នុង​ការតវ៉ា​ជាច្រើន​ដែល​បានធ្វើឱ្យ​កក្រើក​ទីក្រុង​ហុងកុង ដែល​បង្កដោយ​សេចក្តីព្រាងច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​។​

​ស្លៀកពាក់​ក្នុង​ឈុតខ្មៅ ក្រុម​មេធាវី​បាន​ដើរ​ចេញពី​តុលាការ​ឧទ្ធរណ៍​ទៅកាន់​ក្រសួងយុត្តិធម៌​នៅមុន​ម៉ោង ១ រសៀល​។​

​នេះ​ជា​លើក​ទី​៦​ហើយ​ដែល​សហគមន៍​ច្បាប់​របស់​ទីក្រុង​នេះ​បានធ្វើ​ការតវ៉ា​បែបនេះ​ចាប់តាំងពី​ហុងកុង​ត្រូវបាន​អង់គ្លេស​ប្រគល់ឱ្យ​ចិន​វិញ​នៅ​ឆ្នាំ ១៩៩៧ ។​

​ពួកគេ​បារម្ភ​ថា​ការកាត់ទោស​ដោយ​ក្រសួងយុត្តិធម៌​ទៅលើ​ក្រុមអ្នកតវ៉ា​ដែល​ត្រូវបាន​ចាប់ខ្លួន កំពុង​ងាក​ទៅរក​និន្នាការ​នយោបាយ​កាន់តែខ្លាំង​ឡើង បន្ទាប់ពី​បាតុករ​ចំនួន ៤៤ នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​កុបកម្ម ដែលជា​បទល្មើស​មួយ​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល ១០ ឆ្នាំ​។​

​កាលពី​សប្តាហ៍​មុន​ក្រុម​រដ្ឋអាជ្ញា​រដ្ឋាភិបាល​អ​នា​មិ​ក​មួយក្រុម​បានចេញ​លិខិត​ចំហ​មួយ​ដោយ​ចោទប្រកាន់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លោកស្រី​ថេ​រ៉េ​សា ចេង ថា​បានដាក់​នយោបាយ​ខ្ពស់ជាង​គោលការណ៍​ច្បាប់​។​

​នៅ​ថ្ងៃ​ពុធ​ដដែល​នេះ អតីត​ប្រធាន​គណៈមេធាវី​លោក អា​ឡាំង លឿង បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ដើម្បី​ជួយសង្គ្រោះ​ទីក្រុង​ហុងកុង​។​

​លោក​បាន​និយាយថា “​វា​គឺ​ដោយសារតែ​ប្រព័ន្ធ​របស់​យើង​កំពុង​យ៉ាប់យ៉ឺន​ក្នុង​ល្បឿន​មួយ ដែល​មិនអាច​ទទួលយកបាន​ទាំងស្រុង​។ ដរាបណា​យើង​ធ្វើ​អ្វីមួយ​ដើម្បី​ទទួលបាន​ការទុកចិត្ត​និង​ទំនុកចិត្ត​ឡើងវិញ​មិន​ត្រឹមតែ​ហុងកុង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​សហគមន៍​អន្តរជាតិ​នៅក្នុង​ប្រព័ន្ធ​ច្បាប់​ហុងកុង នោះ​យើង​នឹងត្រូវ​វិនាស​”៕ ដោយ៖ កញ្ញាដាលីស

មេធាវី​ជិត​៣០០​នាក់​ដើរ​ក្បួន​ស្ងៀមស្ងាត់​នៅ​ហុងកុង​នៅ​ថ្ងៃ​ពុធ​នេះ