មេធាវី​រាប់រយ​នាក់​ប្រតិកម្ម​ដោយសារគិតថាអគ្គនាយករង​ដ្ឋា​ន​ពន្ធដារ ប្រមាថ​មេធាវី​ថា​ជាស​ត្វ​គោ

1146
ចែករម្លែក

(​ភ្នំពេញ​)៖​មេធាវី​ប្រមាណ​២០០​នាក់ បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​លោក​វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បន្ទាប់ពីបានឃើញសារ​​ប្រមាថ​មេធាវី​ថា ជា​សត្វ​គោ ។ នៅ​ថ្ងៃទី​៥ ខែសីហា នេះ ក្រុមប្រឹក្សា​គណៈមេធាវី នឹង​ប្រជុំ​អំពី​ករណីនេះ ។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក យឹម សារី អ្នកនាំពាក្យ​គណៈមេធាវី ។ ប៉ុន្តែ​លោក វ៉ាន់ ពុទ្ធិ​ពល បាន​បដិសេធ​ចំពោះ​បញ្ហា​នេះ ។​

​លោក វ៉ាន់ ពុទ្ធិ​ពល ក្នុង​សិក្ខាសាលា​កាលពី​ថ្ងៃទី​០៣​សីហា​(​ឆាយា​នាថ​)

​ ​
​ជម្លោះ​ពាក្យសម្ដី​ផ្ទុះ​ខ្លាំង​តឹងសរសៃក​រៀងៗ​ខ្លួន រវាង​មេធាវី​មួយចំនួន និង​លោក​វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃទី​៣ ខែសីហា ស្តីពី​”​កាតព្វកិច្ច​បង់ពន្ធរ​បស់​មេធាវី​”​។ នេះ​បើតាម​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ​បង្ហើប​​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៤ ខែសីហា នេះ ។
​ ​
​នៅ​ទីស្នាក់ការ​គណៈមេធាវី កាលពី​ថ្ងៃទី​៣ ខែសីហា បានរៀបចំ​សិក្ខាសាលា​ស្ដីពី “​កាតព្វកិច្ច​បង់ពន្ធ​” ក្រោម​អធិបតីភាព លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី និង​លោក អ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ តំណាង លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។​


​ ​
​វាគ្មិន​ធ្វើ​បទ​បង្ហាញ រួមមាន លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក​ចៅក្រម​តុលាការ​កំពូល គង់ តារា​ឆាត និង​លោក អ៊ីវ ប៉ូ​លី សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​។​
​ ​
​ប្រភពព័ត៌មាន​មួយ បង្ហើប​ឲ្យ​ដឹងថា ក្នុង​ការជជែក​ពិភាក្សា​នេះ គឺមាន​មេធាវី​មួយចំនួន មិន​យល់ស្រប​ចំពោះ​ការតម្រូវ​ឲ្យ​មាន​ការបង់​​ពន្ធ​លើ​ប្រាក់ចំណូល​ទេ​។​
​ ​
​មេធាវី​មួយរូប លើកឡើងថា “​តើ​ឲ្យ​មេធាវី អនុវត្ត​ប្រព័ន្ធ​យ៉ាងម៉េច បើជា​ក្រុមហ៊ុន​ស៊ីវិល តែ​ខាង​ពន្ធដារ ថា ក្រុមហ៊ុន​ស៊ីវិល​ក្តី គេ​អត់​ខ្វល់​ទេ គេ​ទារពន្ធ​លើ​ប្រាក់ចំណូល​តែប៉ុណ្ណោះ ដោយ​ទារពន្ធ​តាម​របប​ស្វ័យ​ប្រកាស ដោយមាន​ពន្ធ​៣​ប្រភេទ គឺ​ពន្ធ​តូច ពន្ធ​មធ្យម និង​ពន្ធ​ធំ ។ ប្រាក់ចំណូល​ក្រោម ២៥.០០០​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ គឺ មិន​ឲ្យ​បង់ពន្ធ​ទេ ” ។
​ ​
​មេធាវី​ដដែល អះអាងថា ពេលនេះ ពុំទាន់​មានច្បាប់​ដោយឡែក ដែល​តម្រូវ​ឲ្យ​មេធាវី​បង់ពន្ធ ។ ជម្លោះ​នេះ រហូត​មេធាវី​ម្នាក់ទៀត និយាយថា មក​បញ្ជា​គេ មក​គំរាម ឬ ។ ប៉ុន្តែ​ជម្លោះ​នេះ ត្រូវបាន​សម្របសម្រួល​បញ្ចប់ ។

​ប៉ុន្តែ​អ្វី​ជា​រឿង​ដែល​ធ្វើ​ឲ្យ​មេធាវី​មួយចំនួន ខឹងសម្បារ​ខ្លាំង​នោះ គឺ​នៅ​ព្រឹក​ថ្ងៃទី​៤ ខែសីហា គេ​ឃើញ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ” Puthipol Vann ” ដែល​គេ​ស្គាល់​ថា ជា​របស់ លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បង្ហោះ​ហ្វេ​ស​ប៊ុ​ក ដែល​មេធាវី​អះអាងថា មានន័យ​ប្រមាថ​មកលើ​មេធាវី​ទូទាំងប្រទេស​ដែល​មិនអាច​​ទទួលយកបាន ។



​ហ្វេ​ស​ប៊ុ​ក បាន​សរសេរ​ន័យ​ប្រៀបធៀប​ថា “​ថ្ងៃនេះ​ថ្នាក់លើ​ប្រើ​ទៅ​ឲ្យ​ប្រមូល​គោ​បញ្ចូល​ក្រោល ដើម្បី​ថែរក្សា​ឲ្យ​គត់មត់​។ គោ​មួយចំនួនធំ បាន​ចូល​ក្រោល​ត្រឹមត្រូវ វៀរលែងតែ​អា​ពាល អា​ត្នោត និង អា​ទែ​ក វា​ធ្លាប់តែ​នៅ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅក្រៅ ដើរ​ជាន់​ដំណាំ ស៊ី​ដំណាំ​អ្នកស្រុក កៀច​មិន​ព្រម​ចូល​ក្រោល​។ មិន​ត្រឹមតែ​កៀច វា​ចង់​ជល់​ហើយ​ធាក់​ខ្ញុំ​ទៀត ” សុំ​សួរ​ប្រិយមិត្ត តើ​អា​៣​ក្បាល​ហ្នឹង សម​នឹង​ចាក់​កន្លុះ​ឲ្យ​តឹង ហើយ​សំពង​នឹង​ទំ​ពក់​រនាស់​ឲ្យ​បាក់​លោង​ទេ ? សើច ! ” ។​

​សា​រលើ​ហ្វេ​ស​ប៊ុ​ក​នេះ ត្រូវបាន​មេធាវី​មួយចំនួន បង្ហើប​ឲ្យ​ដឹងថា គឺ​មិនអាច​ទទួលយក​បានជា​ដាច់ខាត​និង​ជាការ​ប្រមាថ​មេធាវី​ទូទាំង​​ប្រទេស​៕​ដោយ​៖​ឆាយា​នាថ​/sn

#