មេធាវី ៖ វេន​ស្តិ​ន​យល់ព្រម​បង់ប្រាក់​២៥​លាន​ដុល្លារ​ដោះស្រាយ​បញ្ចប់រឿង​ជាមួយ​ដើមចោទ​

288
ចែករម្លែក

​មេធាវី​របស់លោក​វេន​ស្តិ​ន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP កាលពី​ថ្ងៃ​ពុធ​ទី​១១​ធ្នូ​ថា មហាសេដ្ឋី​ហូលីវូដ​អាប់យស លោក​ហា​វី វេន​ស្តិ​ន បាន​ឈានដល់​ការបង់ប្រាក់​២៥​លាន​ដុល្លារ​ដោះស្រាយ​បញ្ចប់រឿង​ជាមួយ​ជនរងគ្រោះ​នៃ​ការ​បំពារបំពាន​ផ្លូវភេទ​រាប់សិប​នាក់​។​

​សាច់ប្រាក់​នេះ​នឹងត្រូវ​ចែកគ្នា​ស្មើ​រវាង​តារា​ស្រី​និង​អតីត​បុគ្គលិក​របស់គាត់​ជាង ៣០ នាក់ ដែល​បាន​ប្តឹង​ផលិតករ​អាយុ ៦៧ ឆ្នាំ​រូបនេះ ពីបទ​ល្មើស​ជាច្រើន​រាប់​ចាប់ពី​ការ​បៀតបៀន​ផ្លូវភេទ​រហូតដល់​ការរំលោភ​សេពសន្ថវៈ​។

​លោក​អា​រ៉ុ​ន ហ្វីល​ល័​រ មេធាវី​របស់​តារា​ស្រី​ក្នុង​រឿង “Boardwalk Empire” នាង ផាស ដេ​ឡា ហ៊ូ​អឺ​តា បាន​ប្រាប់ AFP ថា គាត់​រំពឹង​កូនក្តី​របស់គាត់ ដែល​ចោទ​លោក​វេន​ស្តិ​ន​ពីបទ​ចាប់រំលោភ​នាង​ក្នុង​ឆ្នាំ​២០១០ ជា​ផ្នែក​មួយ​នៃ​ការទូទាត់​សង​បញ្ចប់​រឿងនេះ​។

​វេ​ប​សាយ​តារា TMZ បាន​រាយការណ៍​ថា លោក​វេន​ស្តិ​ន​នឹងមិន​ចាំបាច់​សារភាព​កំហុស ឬ បង់លុយ​ហោប៉ៅ​គាត់​នោះទេ ព្រោះ​លុយ​នេះ​នឹងត្រូវ​ចេញសង​ជំនួស​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​សម្រាប់​ផលិតកម្ម​ភាពយន្ត​ក្ស័យធន​របស់គាត់ The Weinstein Company​។

​កិច្ចព្រមព្រៀង​ដោះស្រាយ​បញ្ចប់​រឿងនេះ​នឹងត្រូវ​ចុះហត្ថលេខា​ដោយ​ភាគី​ទាំងអស់ និង ត្រូវ​ទទួលបាន​ការយ​ល់​ព្រម​ពី​តុលាការ​ដើម្បី​ដោះស្រាយ​រាល់​ពាក្យបណ្តឹង​ស្ទើរ​ទាំងអស់​អំពី​ការប្រព្រឹត្ត​មិន​សមរម្យ​ប្រឆាំង​លើ​រូបគាត់​តាំងពី​ឆ្នាំ​២០១៧ និង ធានា​ការពារ​លោក​ពី​បំណុល​ណាមួយ​ទៀត​នាពេល​អនាគត​។

​អ្នកចោទ​ប្រកាន់​លើ​លោក​វេន​ស្តិ​ន​ក៏មាន​តារា​ល្បី​លំដាប់​ពិភពលោក​មួយចំនួន​ដែរ គឺ​នាង​អ៊ែន​ជេ​លី​ណា ចូ​លី នាង​គ្វី​ណេ​ត ផាល់​ត្រូវ និង​នាង​សាល់​ម៉ា ហា​យ៉េក ប៉ុន្តែ​អ្នក​ទាំងបី​មិន​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ទទួលបាន​ប្រាក់​សំណង​នោះទេ​៕ ដោយ៖កញ្ញាដាលីស

លោក​ហា​វី វេន​ស្តិ​ន​យល់ព្រម​បង់ប្រាក់​២៥​លាន​ដុល្លារ​បញ្ចប់រឿង​ជាមួយ​ជនរងគ្រោះ​ពី​ការរំលោភ​ផ្លូវភេទ​ជាង​៣០​នាក់