មេបក្ស​ខ្មែរ​រួបរួម​ជាតិព្រមាន​មន្ត្រី​ខ្លួន​រឿង​ដាក់​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​

573
ចែករម្លែក
  • 57
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ញឹក​ប៊ុនឆៃ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ប្រធាន​ក្រុមការងារ​ពង្រឹង​មូលដ្ឋាន​និង​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​រាជធានី​ខេត្ត​។​

ដើម្បី​ពិភាក្សា​អំពី​ការដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​អាណត្តិ​ទី​៣​។​ជំនួប​នេះ​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​លោក​ញឹក ប៊ុនឆៃ បាន​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​ការដាក់​បេក្ខភាព​ឈរឈ្មោះ​ត្រូវ​បញ្ជូនមក​អគ្គលេខា​ដ្ឋា​ន​គណបក្ស​ពិនិត្យ​និង​ជៀសវាង​ការដាក់​បក្ខពួកនិយម​និង​មិន​មានការ​សូកប៉ាន់​ឬ​យក​លុ​ពី​បេក្ខជន​ជា​ថ្នូរ​ក្នុងការ​ឈរឈ្មោះ​បោះ​ទេ​។​

“​ការបោះឆ្នោត​នេះ​វា​អសកល​មិនមែន​ប្រជាជន​ទៅ​បោះ​ទេ គឺ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ជា​អ្នក​ប​បោះឆ្នោត​យើង​មាន​ជិត​៣០០​នាក់​ហើយ​អ្នក​ទាំងអស់​នឹងត្រូវ​មក​បោះឆ្នោត​កាលណា​បើ​ដាក់​បេក្ខភាព​មិន​ត្រឹមត្រូវ​គឺ​គ្នា​យើង​អន់ចិត្ត​មិន​បោះឆ្នោត​ឲ្យ​វា​លំបាក​ដែរ​អីចឹង​ខាង​ថ្នាក់ដឹកនាំ​ខាងលើ​ពិនិត្យ​ទៅលើ​បញ្ជី​នឹង​ឲ្យ​បាន​ដិតដល់​ត្រឹមត្រូវ មាន​មន្ទិលសង្ស័យ​ត្រង់ណា ហៅ​ក្រុមការងារ និង​ប្រតិបត្តិ​ខេត្ត​មក​សួរ​”​។​

​ជាមួយគ្នានេះ​លោក​ញឹក​ប៊ុនឆៃ​ក៏​បានឱ្យ​មន្ត្រី​នៅ​មូលដ្ឋាន​របស់ខ្លួន​ត្រូវ​ពង្រឹង​សម្លេង​សមាជិក​ក្រុម​ប្រឹក្ស​ឃុំ​សង្កាត់​ដែលមាន​ស្រាប់​ជិត​៣០០​នាក់​។​ត្រៀម​ដាក់​អ្នកសង្កេតការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ជូនដំណឹង​ដល់​គណបក្សនយោបាយ​ស្របច្បាប់​ទាំងអស់ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​ហើយ​ដែល​មានបំណង​សុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ដែល​នឹង​ប្រព្រឹត្ត​ទៅនឹង​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​។

​នៅក្នុង​សេចក្តីជូនដំណឹង​របស់​គ​.​ជ​.​ប​បានបង្ហាញ​ឱ្យដឹង​ដូចខាងក្រោម​នេះ​៖​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ត្រូវធ្វើ​នៅ​គណៈកម្មការ​រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​)​។ គណបក្សនយោបាយ ដែល​មានបំណង​ឈរឈ្មោះ​បោះឆ្នោត ត្រូវ​មក​យក​គំរូ​ពាក្យសុំ​នៅ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​លគ​ធ​.​ខ​ប​) ឬ​អាច​ទាញយក​គំរូ​ពាក្យសុំ​ពី​គេហទំព័រ គ​.​ជ​.​ប (www.necelect.org.kh) ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​។​

​កាលបរិច្ឆេទ​និង​ពេលវេលា​ទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ចាប់ពី​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០១៩​ដល់​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០១៩​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ត្រូវមាន​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​ដូច​មាន​ក្នុង​ទម្រង់​បែបបទ​លេខ ១០០៨៕S/​