មេបក្ស​ខ្មែរ​រួបរួម​ជាតិៈ ការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​មានដំណើរ​ការល្អ​

638
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ញឹក ប៊ុនឆៃ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ក្រុង​ស្រុក​ខណ្ឌ​ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល​៨ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ គឺ​បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ និង​ដោយ​រលូន មិនមាន​បញ្ហា​អ្វី​កើតឡើង​គួរ​ចាប់អារម្មណ៍​ទេ​។

​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​”​ការចុះ​ឃោសនា​មិនមាន​អ្វី​ទេ​ដំណើរការ​រលូន​ល្អ​មិនមាន​បញ្ហា​គួរ​ចាប់អារម្មណ៍​ទេ​អាជ្ញាធរ​នៅតាម​មូលដ្ឋាន​និង​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​សហ​ការជួយ​សម្រួល​បានល្អ ក្នុងការ​ឃោសនា ដោយ​មិនមាន​ឧបសគ្គ​អ្វី​កើតឡើង​នោះទេ​”​។​

​លោក​ញឹក​ប៊ុនឆៃ​បាន​បន្តថា​នៅក្នុង​រយៈពេល​នៃ​ដំណើរ​ការចុះ​ឃោសនា​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន គឺ​ដំណើរ​ការល្អ​មានការ​គាំទ្រ​ពី​ក្រុមប្រឹក្សា​នៅតាម​មូលដ្ឋាន​ហើយ​មាន​មជ្ឈដ្ឋាន​ខ្លះ​ជួយ​គាំទ្រ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ខ្លះ​ដែរ​។​

ដោយ​លោក​សង្ឃឹមថា​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ នេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ មិន​បាត់បង់​សំឡេង​នោះទេ​និង​អាចមាន​សំឡេង​កើតឡើង ដោយសារ​តែមាន​គណបក្ស​នយោបាយ​ខ្លះមក​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​

​លោក​ញឹក​ប៊ុនឆៃ​បាន​លើកឡើងថា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មាន​លក្ខន្តិកៈ​បទបញ្ជាផ្ទៃក្នុង​ស្រប​តាមបែប​ប្រជាធិបតេយ្យ​មិន​ប្រកាន់​បក្សពួក​គ្រួសារនិយម​មិន​ពុករលួយ​ក្នុងការ​តែងតាំង​មន្ត្រី​ហើយ​គោលជំហរ​របស់​គណបក្ស​គឺ​កណ្ដាល​អព្យាក្រឹត​មិន​លំអៀង​ទៅរក​មហាអំណាច​ណាមួយ​នោះទេ​៕S/​