មេបក្ស​ខ្មែរ​រួបរួម​ជាតិ​មិន​គាំទ្រ​ការស្នើ​សុំឱ្យ​រដ្ឋមន្ត្រី​ការពារជាតិ​មក​បំភ្លឺ​លើ​វិស័យ​ការពារជាតិ​

1283
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ញឹក​ប៊ុនឆៃ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មិន​គាំទ្រ​ចំពោះ​គណបក្សនយោបាយ​មួយ ដែល​បាន​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីឱ្យ​សម្តេច​ពិជ័យ​សេនា ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​មក​ឆ្លើយបំភ្លឺ​ពាក់ព័ន្ធ​វិស័យ​ការពារជាតិ​នៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។​ពីព្រោះ​វា​ប៉ះពាល់​ទៅលើ​វិស័យ​ការពារជាតិ​សន្តិសុខ​ជាតិ​ដែលជា​វិស័យ​មាន​សារៈសំខាន់​ដែលជា​និច្ច​ជា​កាល​តែងតែ​យក​បញ្ហា​នឹង​មក​លាតត្រដាង​។​

​លោក​ញឹក​ប៊ុនឆៃ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​កាលពី​រសៀល​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៩​នេះ​ថា នៅក្នុង​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ គឺ​លោក​បានលើកឡើង​ចំនួន​៣​ចំណុច​ជូន​សម្តេច​តេ​ជោ​រួមមានៈ​

​ទី​១.​អំពី​បញ្ហា​ប្រតិភូ​គណបក្សនយោបាយ​មួយ​ដែល​បាន​ស្នើសុំ​សម្តេច​តេ​ជោ​ដើម្បីឱ្យ​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​មក​ឆ្លើយបំភ្លឺ​ពាក់ព័ន្ធ​ករណី​អំពើពុករលួយ​នៅក្នុង​វិស័យ​ការពារជាតិ​។​ត្រង់ចំណុច​នេះ​គឺ​លោក​មិន​គាំទ្រ​ការអញ្ជើញ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​មក​ឆ្លើយបំភ្លឺ​នៅក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ទេ​។​ពីព្រោះ​វា​ប៉ះពាល់​ទៅលើ​វិស័យ​ការពារជាតិ​សន្តិសុខ​ជាតិ​ដែលជា​វិស័យ​មាន​សារៈសំខាន់​ដែលជា​និច្ច​ជា​កាល​តែងតែ​យក​បញ្ហា​នឹង​មក​លាតត្រដាង ឬ​មក​សួរដេញដោល​ពាក់ព័ន្ធ​វិស័យ​ការពារជាតិ​ជាតិ សន្តិសុខ​ជាតិ ដែល​ត្រូវ​រក្សា​ការសម្ងាត់​។​

​ទី​២. អំពី​ទិដ្ឋភាព​ថ្មី​មួយ​ក្រោយពី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​កាលពី​ប្រាំ​មួយខែ​មុន គឺ​អន្តរាគមន៍​ទៅ​បណ្តា​រាជធានី​ខេត្ត​សូម​ឲ្យ​ដោះស្រាយ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជាប់ពន្ធនាគារ​ដោយសារ​ជម្លោះដីធ្លី​ឲ្យ​បាន​នៅក្រៅ​ឃុំ​ដើម្បី​តតាំង​ក្តី​ស្មើភាព​គ្នា​ហើយ​ចំណុច​នេះ​ប្រជាពលរដ្ឋ​បាន​អបអរសាទរ​និង​ថ្លែ​អ​អំណរគុណ​ដល់​សម្តេច​តេ​ជោ​។​

​ក្នុង​ទិដ្ឋភាព​ថ្មី​មួយទៀត​ដែល​លោក​បានលើកឡើង​ជូន​សម្តេច​តេ​ជោ​ក្រោយពី​មានការ​ដោះស្រាយ​បញ្ហា​នេះ​គឺ​ឃើញ​អ្នក​ដែល​រំលោភបំពាន​យក​ដីធ្លី​មួយចំនួន​របស់​ប្រជាពលរដ្ឋ​បាន​ប្រើ​រូបភាព​ថ្មី​ដោយ​ប្តឹងផ្តល់​ជា​បទ​ព្រហ្មទណ្ឌ​ដើម្បី​ចាប់​ប្រជាពលរដ្ឋ​ដាក់ពន្ធនាគារ​។

​លោក​បាន​បន្តថា​ចំពោះ​ចំណុច​ទី​៣.​លោក​បាន​ឆ្លើយបំភ្លឺ​ទៅលើ​ករណី​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ដែល​បាន​ចោទប្រកាន់​មកលើ​រូបលោក​ថា​ប្រើ​តួនាទី​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ទៅ​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​របស់លោក​លី​សាយ​ឃាង​នៅ​ខេត្តបន្ទាយមានជ័យ​ដែល​ផ្ទុយទៅនឹង​ព្រះរាជក្រឹត្យ​ដែល​បានចែង​អំពី​តួនាទី​ភារកិច្ច​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។

​លោក​បាន​ឆ្លើយថា​ការដែល​លោក​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី​នៅ​ប៉ោយប៉ែត​នេះ​គឺ​មិនបាន​ប្រើ​តួនាទី​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ទេពី​ព្រោះ​តាំង​ពីមុន​ដែល​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​គឺ​លោក​ជា​ប្រជាពលរដ្ឋ​ធម្មតា​ត្រូវបាន​ខាង​ក្រុមហ៊ុន​ពឹងពាក់​និង​ដាក់​លោក​ជា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ទំនាស់ និង​លើកដី​ក្រុមហ៊ុន​។

​ចំពោះ​ការ​លើកឡើងថា​លោក​មិន​បានធ្វើ​របាយការណ៍​ទាក់ទង​ករណី​ដី​នេះ​គឺ​លោក​បាន​ជម្រាប​រាយការណ៍​ជូន​សម្តេច​តេ​ជោ​ថា​“​ខ្ញុំ​មិនមាន​ផលប្រយោជន៍​អ្វី​នៅក្នុង​ការដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ទេ​ហើយ​ដី​នេះ​មានទំនាស់​រាំ​រ៉ៃ​ជាង​១៤​ឆ្នាំ​ហើយដោយ​ខ្ញុំ​បាន​សិក្សា​រហូត​ដោះស្រាយ​បញ្ហាដីធ្លី​នេះ​រហូតដល់​ចប់​។​

​ករណីនេះ​បើ​យើង​យកឈ្នះ​យក​ចាញ់​គឺ​ត្រូវ​ប្រើ​រយៈពេល​យូរណាស់​ដើម្បី​បញ្ចប់​បញ្ហា​នេះ​ខ្ញុំ​បាន​យក​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​យកទៅអនុវត្ត​ដោយ​មិន​បានឱ្យ​អ្នកណា​ខុស​ឬ​អ្នកណា​ត្រូវ​អ្នកណា​ឈ្នះ​ឬក៏​អ្នកណា​ចាញ់​ទេ​គឺ​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា​និង​បែងចែក​ផលប្រយោជន៍​ជូន​ទាំងអស់គ្នា​”​។​ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ​នេះហើយ​ទើបបាន​លោក​ឈានទៅ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជាង ១៤​ឆ្នាំ​ជា​ស្ថាពរ​៕S/

​រូបថត​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ (​រូប​ថ​តៈ មុនី​រ័ត្ន​)

#