មេបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​ដឹកនាំ​ធ្វើ​សមាជ​ពង្រឹង​បក្ស​ក្រោយ​ការ​រង្គោះរង្គើ​

454

(​ភ្នំពេញ​) ៖ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹងធ្វើ​សមាជ​ដើម្បី​ពង្រឹង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​ថ្ងៃទី​១២ សីហា គឺ​ក្រោយពី​គណបក្ស​បំបែក​ចេញពី​ហ្វ៊ុនស៊ីនប៉ិច​មួយ​នេះ​បាន​រង្គោះរង្គើ​ចាប់តាំងពី​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​រួចមក​។


​ ​
​សមាជ​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​ដឹកនាំ​ដោយ​ប្រធាន​គណបក្ស គឺ​លោក ញឹក ប៊ុនឆៃ​

​ទីប្រឹក្សា​ផ្ទាល់​របស់លោក ញឹក ប៊ុនឆៃ លោក ម៉ៅ សុផាន់​ណា បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ផ្ដាច់​សម្ពន្ធភាព​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មក មាន​សមាជិក​គណបក្ស​ចំនួន​២៣​នាក់ ចាប់ពី​ឋានៈ​អគ្គលេខាធិការ​បក្ស​ដល់​សមាជិក​បាន​ចាក​​ចេញពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​
​ ​
​បើទោះជា​មាន​សមាជិក​ចាកចេញ និង​ផ្ដាច់​សម្ពន្ធភាព​ជាមួយ​គណ​បក្ស​កាន់អំណាច​ក្ដី ក៏​ទីប្រឹក្សា​របស់លោក ញឹក ប៊ុនឆៃ​នៅតែ​សង្ឃឹម​​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នឹង​រឹងមាំ ក្រោយ​ធ្វើ​សមាជ​រួច​។ លោក ម៉ៅ សុផាន់​ណា បាន​បដិសេធ​ព័ត៌មាន​ដែលថា លោក ញឹក ប៊ុនឆៃ បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៕ដោយ៖វិបុល