មេបក្ស​ប្រឆាំង​ឥណ្ឌា​សន្យា​ផ្តល់ជូន​ប្រាក់ចំណូល​អប្បបរមា​ប្រចាំឆ្នាំ​ដល់​ជនក្រីក្រ​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត​

389
ចែករម្លែក

​គណបក្ស​សមាជ ដែលជា​បក្សប្រឆាំង​ដ៏​សំខាន់​របស់​ឥណ្ឌា​បាន​សន្យា​ផ្តល់ប្រាក់​ចំណូល​ដល់​គ្រួសារ​ក្រីក្រ​នីមួយៗ​ដែល​រកប្រាក់​ចំណូល​បាន​តិចជាង ១២.០០០ រូពី (១៧៥ ដុល្លារ​) ក្នុង​មួយខែ ជា​ផ្នែក​មួយ​នៃ​ការឃោសនាបោះឆ្នោត​របស់​ខ្លួន ក្នុង​គោលបំណង​ប្រជែង​យក​អំណាច​ពី​ក្រុម​គណបក្ស​ចម្រុះ​កំពុងកាន់​អំណាច​របស់​នាយករដ្ឋមន្ត្រី​ណារិន​ដ្រា ម៉ូ​ឌី​។​

​ដោយ​ពណ៌​នាវា​ថា​ជា​ផែនការ​ប្រាក់ចំណូល​អប្ប​បរមា​ធំ​បំផុត​របស់​ពិភពលោក ប្រធាន​បក្ស​សមាជ​លោក​រ៉ា​ហ៊ុល គ​ន្ធី (Rahul Gandhi) បាន​និយាយថា ២០ ភាគរយ​នៃ​គ្រួសារ​ក្រីក្រ​នៅ​ទូទាំងប្រទេស​នឹង​ទទួលបាន​ប្រាក់ ៧២.០០០ រ៉ូ​ពី (១.០៤៥​ដុល្លារ​) រៀងរាល់ឆ្នាំ​ប្រសិនបើ​គណបក្ស​នេះ​ឡើងកាន់​អំណាច​។​

​លោក​គ​ន្ធី​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ញូ​វ​ដេលី​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​មីនា​ថា “​វា​គឺជា​គំនិត​ដ៏​មាន​ឥទ្ធិពល​ខ្លាំងក្លា​និង​គិត​បាន​ល្អិតល្អន់​បំផុត​”​។ លោក​បន្ថែមថា ៥០ លាន​គ្រួសារ​ឬ​ប្រជាជន ២៥០ លាន​នាក់​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង​នេះ​។​

​លោក​និយាយថា “​ការវាយលុក​ទឹក​ចុងក្រោយ​លើ​ភាពក្រីក្រ​បានចាប់ផ្តើម​ហើយ​។ យើង​នឹង​លុបបំបាត់​ភាពក្រីក្រ​ចេញពី​ប្រទេស​នេះ​”​។​

​ការសន្យា​របស់​បក្ស​ស​មា​ជ​កើតឡើង​ខណៈដែល​គណបក្ស Bharatiya Janata របស់លោក​ម៉ូ​ឌី​កំពុង​ពឹង​លើ​ប្រជាជន​ឥណ្ឌា​ប្រហែល ២២០ លាន​នាក់​ដែល​បក្ស​នេះ​និយាយថា​បានទទួល​ផលប្រយោជន៍​ដោយផ្ទាល់​ពី​កម្មវិធី​សំខាន់ៗ​របស់​រដ្ឋាភិបាល​រប​ស់លោក​ម៉ូ​ឌី ដូចជា ការផ្តល់ជូន​នូវ បង្គន់ បណ្តាញ​អគ្គិសនី លំនៅដ្ឋាន ហ្គាស​ចម្អិន​អាហារ និង​ប្រាក់កម្ចី​សម្រាប់​អាជីវកម្ម​ខ្នាតតូច​។​

​ការបោះឆ្នោត​សកល​នៅ​ឥណ្ឌា​នឹងធ្វើ​ឡើង​ចំនួន​៧​ដំណាក់កាល​នៅ​ចន្លោះ​ថ្ងៃទី​១១​ខែមេសា​និង​១៩​ខែឧសភា ជាមួយ​លទ្ធផល​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី ២៣ ខែឧសភា​៕ ដោយ៖ កញ្ញាដាលីស

ប្រធាន​បក្ស​សមាជ​លោក​រ៉ា​ហ៊ុល គ​ន្ធី​សន្យា​ផ្តល់ប្រាក់​ចំណូល​អប្បបរ​មា​ប្រចាំឆ្នាំ ៧២.០០០ រូពី​ដល់​ជនក្រីក្រ