មេបក្ស​មួយចំនួន​ប្រតិកម្ម​ចំពោះ​ការចោទប្រកាន់​របស់លោក​សម រង្ស៊ី​

1699
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: មេដឹកនាំ​គណបក្សនយោបាយ​មួយចំនួន ដែល​បាន​ចុះបញ្ជី​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត នីតិកាល​ទី​៦ បាន​ប្រតិកម្ម​ចំពោះ​ការចោទប្រកាន់​លាប​ពណ៌​របស់លោក សម រង្ស៊ី ដែលថា គណបក្ស​ទើប​បង្កើត​ថ្មី​ជា​គណបក្ស​អំពិលអំពែក និង​រណប​គណបក្ស​ប្រជាជន​កម្ពុជា​។ គណបក្ស​ទាំងនោះ បានលើកឡើង​ខុសៗ​គ្នា​អំពី​ប្រភព​ថវិកា សម្រាប់​យកមក​ទ្រទ្រង់​គណបក្ស​របស់ខ្លួន សម្រាប់​ដំណើរការ​ក្នុង​បក្ស និង​ការធ្វើសកម្មភាព​នានា ជាពិសេស​សម្រាប់​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នាពេលខាងមុខ​នេះ​។

លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង បិរធានខ្មែរក្រោក (រូបកណ្ដាល)

​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ឆ្លើយតប​ជាមួយ​ការចោទប្រកាន់​របស់លោក​សម រង្ស៊ី ដែល​លាប​ពណ៌​ថា គណបក្ស​ដែល​បង្កើត​ថ្មី ជា​គណបក្ស​អំពិលអំពែក គឺជា​ការ​មើលងាយ និង​វាយតម្លៃ​ដល់​សមត្ថភាព​អ្នកនយោបាយ​ជាន់​ថ្មី ដែលមាន​ឆន្ទៈ​ក្នុងការ​ចូលរួម​បម្រើ​ជាតិ ជាពិសេស​យោងតាម​រដ្ឋធម្មនុញ្ញ កម្ពុជា​គឺជា​ប្រទេស​គោរព លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ប៉ុន្តែ​អ្នក​ដែល​ចោទ​នេះ គឺជា​ការមើល​ងាយ​ដល់​យុវជន យុវតី អ្នកស្នេហាជាតិ …​។​

​ចំណែក​លោក ព្រុំ ពិសិដ្ឋ ប្រធានកិត្តិយស​គណបក្ស​ខ្មែរ​ក្រោក បាន​ថ្លែងប្រាប់​ឲ្យ​ដឹងថា ទាក់ទង​ថវិកា​សម្រាប់​ទ្រទ្រង់​គណបក្ស​ខ្មែរ​ក្រោក គឺជា​បដិភាគ​របស់​ស​មា​ជិ​ក​ស្ថាបនិក និង​សមាជិក សមាជិកា ដែលមាន​សន្តាន​ចិត្ត​តែប៉ុណ្ណោះ ហើយក៏​មិនបាន​ទទួល​ថវិកា​ពី​អង្គការ​ចាត់តាំង​ណា​ទេ និង​រដ្ឋាភិបាល​ឡើយ​។ គោលជំហរ​របស់​គណ​បក្ស​ខ្មែរ​ក្រោក គឺ​ជំទាស់​ដើម្បី​រក​ការរីកចំរើន និង​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត គឺ​ដើម្បី​ដឹកនាំ​ប្រទេស​។​

​លោក ពិសិដ្ឋ បាន​ប្រតិកម្ម​ជាមួយ​លោក​សម រង្ស៊ី ដែរ​ថា អ្វីដែល​លោក​សម រង្ស៊ី និយាយ​ចោទប្រកាន់​មកលើ​គណបក្សនយោបាយ​មួយចំនួន គឺ​ខ្វះ​សីលធម៌ មើលងាយ​ប្រជាជន​ខ្លួនឯង បើ​ទៅ​បោះឆ្នោតជាតិ​រិ​ច្ឆា​ន និង​លាប​ពណ៌​មកលើ​គណបក្ស​មួយចំនួន​ជា​បក្ស​អាយ៉ង យកលុយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។ ចំពោះ​បញ្ហា​នេះ លោក​សូម​បដិសេធ និង​ថ្កោលទោស​ចំពោះ​ការនិយាយ​របស់លោក​ស​ម រង្ស៊ី​។

លោកនួន សុខាវី ប្រធានគណបក្សពន្លឺថ្មី

​លោក​នួន សុខា​វី ប្រធាន​គណបក្ស​ពន្លឺ​ថ្មី បាន​អះអាងថា សម្រាប់​គណបក្ស​របស់​លោក គឺ​មិនមាន​ខាង​ណា​ជួយឧបត្ថម្ភ​នោះទេ គឺជា​ថវិកា​ផ្ទាល់ខ្លួន​របស់លោក​យកមក​ទ្រទ្រង់ និង​ធ្វើ​សកម្មភាព​គណបក្ស​។ ថវិកា​ទាំងនោះ គឺ​លោក​លក់​ហាង​នៅ​អាមេរិក និង​លក់​ដី​យកមក​ធ្វើ​នយោបាយ និង​ថវិកា សមាជិក សមាជិកា រួមទាំង​អ្នកគាំទ្រ​ក្នុង និង​ក្រៅប្រទេស​។​

លោកស្រី ពោធិតី សាវត្ដី ប្រធានគណបក្សធម្មាធុបតេយ្យ

លោកស្រី ពោធិ​តី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ បាន​ថ្លែងថា ចំពោះ​ថវិកា​ដែល​លោកស្រី​យកមក​ធ្វើ​ទ្រទ្រង់ និង​ធ្វើ​សកម្មភាព គឺជា​ថវិកា​ផ្ទាល់ខ្លួន និង​ថវិកា​បានមកពី​បងប្អូន​ខ្មែរ​នៅ​សហរដ្ឋ​អាម​រិ​ក អឺរ៉ុប និង​នៅក្នុង​ស្រុក (​តិចតួច​)​។ គោលជំហរ​របស់​គណ​បក្ស​ធម្មាធិបតេយ្យ គឺ​ប្រឆាំង​មិន​ឲ្យ​គណបក្ស​ណាមួយ​ជិះសេះ​លែងដៃ​បានទេ​។​

លោកស៊ិន វណ្ណារិទ្ធ អគ្គលេខាធិការគណបក្សខ្មែរឈប់ក្រ

​លោក ស៊ិន វណ្ណា​រិ​ទ្ធ អគ្គលេខាធិការ​គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​ឲ្យ​ដឹងថា ចំពោះ​ថវិកា​សម្រាប់​ទ្រទ្រង់​គណបក្ស គឺ​បានមកពី​ថ្នាក់ដឹកនាំ​គណបក្ស សមាជិក សមាជិកា និង​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស គឺ​មិនមាន​ការជួយឧបត្ថម្ភ​មកពី​ខាង​ណា​នោះទេ​។​

​លោក និ​ន ប៊ុន​ណន ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​រស្មី​ខេមរា បាន​ឲ្យ​ដឹងថា ថវិកា​សម្រាប់​ទ្រទ្រង់​គណបក្ស គឺ​បានមកពី​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​សមាជិក សមាជិកា​គណបក្ស (​តាម​លទ្ធភាព​) និង​មិនមាន​ការជួយឧបត្ថម្ភ​ពី​ខាងក្រៅ​នោះទេ​។ ហើយ​គោលជំហរ​របស់​គណបក្ស គឺ​នៅ​កណ្តាល រិះគន់​ដើម្បី​ស្ថាបនា​។​

លោកចាន់ យ៉េត អនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ

​លោក ចាន់ យ៉េត អនុប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ បាន​ឲ្យ​ដឹងថា សម្រាប់​ថវិកា​យកមក​ទ្រទ្រង់​គណបក្ស គឺជា​ថវិកា​ផ្ទាល់ខ្លួន​របស់លោក​ស្រី សុខ រ័ត្ន​សុវណ្ណ​ប​ច្ចៈ​សីលា ដែលជា​ប្រធាន​គណបក្ស គឺ​មិនមាន​ការឧបត្ថម្ភ​ពី​ខាង​ណា​ទេ​។ ហើយ​មកដល់ពេលនេះ ក៏​គ្មាន​អ្នកណា​ជួយ​ដែរ​។ ចំពោះ​គោលជំហរ គឺ​នៅ​កណ្តាល មិន​លំអៀង ទៅខាង​ណា​ទេ គឺ​រក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ដោយ​ស្ម័គ្រចិត្ត​។​

លោកចាន់ ប៊ុនហន ប្រធានគណបក្សមាតុភូមិយើង

​លោក ចាន់ ប៊ុន​ហន ប្រធាន​គណបក្ស​មាតុភូមិ​យើង បាន​ថ្លែង​បញ្ជាក់ថា គណបក្ស​របស់លោក​មិនមាន​ការជួយឧបត្ថម្ភ​ថវិកា​មកពី​ខាង​ណា​ទេ គឺជា​ថវិកា​ផ្ទាល់ខ្លួន​របស់លោក​យកមក​ទ្រទ្រង់​គណបក្ស មិនចាំបាច់​គេ​ជួយ​គេ​។ ហើយ​គោ​លំហរ​ជួយ​សង្គមជាតិ និង​អាស្រ័យ​ស្ថានភាព​ជាក់ស្តែង និង​មិន​ជ្រុលនិយម​ទេ​។

លោកហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

​លោក​ហួន រាជ​ចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បាន​បញ្ជាក់ថា គណបក្ស​របស់លោក​មិនដែល​បានទទួល​ថវិកា​ពី​ខាង​គណបក្ស​ណា​នោះ​។ ចំពោះ​ការចោទប្រកាន់​របស់លោក​សម រង្ស៊ី គឺជា​ការមិន​ត្រឹមត្រូវ​៕