មេបក្ស​យុវជន​កម្ពុជា រិះគន់​ក្រុម​បក្សប្រឆាំង​ថា​កេងចំណេញ​លើ​សព​លោក​កែម ឡី រួច​ដោះដៃ​ចោល​

1369
ចែករម្លែក

(​ភ្នំពេញ​) ៖ ខណៈ​កំពុង​ធ្វើ​យុទ្ធនាការ ៣០​ថ្ងៃ រៃអង្គាសប្រាក់​យកទៅជួយ​សាងសង់​ចេតិយ​របស់លោក​បណ្ឌិត​កែម ឡី ប្រធាន​គណ​​បក្ស​យុវជន​កម្ពុជា លោក​ពេជ្រ ស្រស់ ក៏បាន​សម្ដែង​ការរិះគន់​ដល់​ក្រុម​បក្សប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ ថា​បាន​កាង​និង​កេង​ចំណេញ​នយោបាយ លើ​សព​លោក​បណ្ឌិត​កែម ឡី រួចហើយ​ដោះដៃ​ចោល សូម្បី​ចេតិយ​លោក​បណ្ឌិត​កែម ឡី​ក៏​មិន​ខ្ចី​រវីរវល់​ជួយ​​រក​ថវិកា​សាងសង់​។​
​ ​
​ក្នុង​យុទ្ធនាការ​ថ្ងៃទី​១៦ នៃ​ការ​រៃអង្គាស ប្រាក់​ជួយ​សង់​ចេតិយ​លោក​បណ្ឌិត​កែម ឡី គណបក្ស​យុវជន​កម្ពុជា បាន​ទៅដល់​ផ្សារ​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧​។ ក្នុងឱកាស​នោះ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លើក​ឡើង​ថា “​បើ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង មានកំណើត ម្ល៉េះ​ចេតិយ​លោក​បណ្ឌិត​កែម ឡី នឹង​សាងសង់​រួចរាល់​ទៅហើយ មិនមែន​នៅ​មេម៉ាយ​ដូច​ពេលនេះ​ទេ ព្រោះ​បើ​មើលទៅ​ក្រោយ​បន្តិច​វិញ គឺ​បក្ស​សង្គ្រោះ​ជាតិ​នេះឯង ជា​បក្ស​កាង​សព លោក​បណ្ឌិត​កែម ឡី ហើយ​បាន​វាតទី​កេង​យកចំណេញ​នយោបាយ​ចូលបក្ស​ខ្លួន​តែម្តង ប៉ុន្តែ​ដល់ពេល​សព​លោក​បណ្ឌិត​កែម ឡី ត្រូវការ​ចេតិយ​មួយ​គឺ​មិន​​ឃើញ​ក្រុម​បក្ស​សង្គ្រោះ​ជាតិ​ណាមួយ​ចេញមុខ​អះអាង​ជួយ​នោះឡើយ​។ ប៉ុន្តែ​បើសិនជា​បក្ស​សង្គ្រោះ​ជាតិ ត្រូវការ​អ្វីមួយ​នោះ​គឺ​មេដឹកនាំ​​បក្ស​មួយ​នេះ ចេញមុខ​ប្រកូក​ប្រកាស​រៃអង្គាស​ភ្លាម ដូចជា​ការបង្កើត​ទូរទស្សន៍​សង្គ្រោះ​ជាតិ ក្រុម​មេដឹកនាំ​បក្ស​នេះ​ចេញមុខ​រៃ​លុយ​ពី​​ប្រជាពលរដ្ឋ បាន​រាប់សែន​ដុល្លារ ហើយ​មកដល់ពេលនេះ ទូរទស្សន៍​សង្គ្រោះ​ជាតិ មិនដឹង​នៅទីណា​ទេ​។ មួយទៀត​ក្រោយពេល​ច្បាប់​គណ​​បក្សនយោបាយ​ថ្មី ចូល​ជា​ធរមាន​ភ្លាម មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ចេញមុខ​ប្រកា​សរៃ​លុយ​ភ្លាម​ដែរ គឺ​រៃ​លុយ​ផ្លាស់ប្តូរ​ស្លាក​បក្ស​ថ្មី​។​ដូច្នេះ​អាច​សន្និដ្ឋានបានថា បក្ស​សង្គ្រោះ​ជាតិ គិតតែ​ពី​ប្រយោជន៍​បក្ស​ខ្លួន និង​ប្រយោជន៍​ផ្ទាល់ខ្លួន រីឯ​ប្រយោជន៍​អ្នកដទៃ និង​ប្រយោជន៍​រួម គឺ​ស្ងាត់​ឱ្យ​ឈឹង​”​។​
​ ​
​លោក​ពេជ្រ ស្រស់ ក៏បាន​បញ្ជាក់ដែរថា មិន​ត្រឹមតែ​គណបក្សប្រឆាំង​ទេ សូម្បីតែ​គណៈកម្មការ​រៀបចំ​បុណ្យសព​លោក​បណ្ឌិត​កែម ឡី ពីមុន ក៏​ស្ងាត់​សកម្មភាព​។ ផ្ទុយទៅវិញ លោក​សូម​កោតសរសើរ​ដល់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ទោះ​ទទួល​​រង​ការរិះគន់ វាយប្រហារ​ពី​ក្រុមប្រឆាំង​យ៉ាងណា ក៏​សម្តេច​នៅមាន​ចិត្ត​ចូលរួម​ធ្វើបុណ្យ​ជាមួយ​ក្រុមគ្រួសារ លោក​បណ្ឌិត​កែម ឡី​ដោយបាន​ចូល​បុណ្យ​ចំនួន​១​ម៉ឺន​ដុល្លារ និង បាន​ឧបត្ថម្ភ​ក្នុង​ការសង់​ចេតិយ លោក​កែម ឡី ចំនួន​៥​ម៉ឺន​ដុល្លារ​ទៀត​៕​ដោយៈ​វិបុល​/sn