មេបញ្ជាការកងរាជអាវុធហត្ថ លើកទឹកចិត្ត​កងកម្លាំង និង​ប្រគល់​ភារកិច្ច​ពិសេស ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​

1088
ចែករម្លែក

​ដោយ​: ភ្នំ​ស្វាយ /
​បន្ទាយមានជ័យ​: លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ បាន​ដឹកនាំ​កិច្ចប្រជុំ ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី ភារកិច្ច ការងារ​កងរាជអាវុធហត្ថ ប្រចាំ​ខែមេសា និង​លើក​ទិសដៅ ខែឧសភា ឆ្នាំ​២០១៨ និង​ពិធី​ប្រកាស​តែងតាំង និង​ផ្លាស់ប្តូរ​មុខងារ និង​បំពាក់​ឋានន្តរសក្តិ ជូន​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ ចំនួន ២០០ នាក់ ហើយ​ក្នុងឱកាស​នោះដែរ មេបញ្ជាការ កងរាជអាវុធហត្ថ លើកទឹកចិត្ត​កងកម្លាំង និង​ប្រគល់​ភារកិច្ច​ពិសេស ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ខាងមុខ​ដ៏​ខ្លី​នេះ​។

​ក្នុង​កិច្ចប្រជុំ​នោះ លោក​មេបញ្ជាការ បាន​និយាយថា​៖ ថ្ងៃនេះ ជា​មោទនភាព​របស់ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយបាន​ការផ្តល់​ទំនុកចិត្ត ពី​សំណាក់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ដោយ​ឱ្យ​ខេត្ត​នេះ ទទួលបាន​ការតែងតាំង ផ្លាស់ប្តូរ​មុខងារ ចំនួន ៣៦ នាក់ ក្នុងនោះ​មាន ថ្នាក់​មេបញ្ជាការរង​ខេត្ត ១​នាក់ និង​បំពាក់​ឋានន្តរសក្តិ ជូន​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ ចំនួន ១៦៤​នាក់ ក្នុងនោះ -​ថ្នាក់​វរសេនីយ៍ទោ ចំនួន ២​នាក់ -​ថ្នាក់​វរសេនីយ៍ត្រី ចំនួន ១​នាក់ -​ថ្នាក់​អនុសេនីយ៍ឯក ចំនួន ២៥​នាក់ -​ថ្នាក់​អនុសេនីយ៍ទោ ចំនួន ២៧​នាក់ -​ថ្នាក់​អនុសេនីយ៍ត្រី ចំនួន ៦៥​នាក់ -​ថ្នាក់​នាយចំណង់ ចំនួន ២៩ នាក់ និង​ថ្នាក់​ព្រិន្ទបាលទោ ចំនួន ១៥​នាក់ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន បាន​និយាយ​បន្តថា​: ” ការទទួលបាន​នូវ​មុខងារ និង​ឋានន្តរសក្តិ ថ្ងៃនេះ គឺជា​ការលើកទឹកចិត្ត ជូន​អស់លោក ដែល​បាន​ខិតខំ​ប្រឹងប្រែង បំពេញភារកិច្ច និង​មាន​ស្នាដៃ​ល្អ ក្នុងការ​អនុវត្តន៍​តួនាទី​-​ភារកិច្ច កន្លងមក “​។ ហើយ​ចំពោះមុខ និង​ទៅខាង​មុខ បន្ទាប់ពី​ការផ្តល់ ទំនុកចិត្ត ពី​សំណាក់​ថ្នាក់ដឹកនាំ​រួចហើយ សូម​អស់លោក ត្រូវ​យកចិត្តទុកដាក់ អនុវត្តន៍​តួនាទី​-​ភារកិច្ច និង​គោរព​តាម​ការណែនាំ និង​បទបញ្ជា របស់​ថ្នាក់លើ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ខិតខំ​ប្រឹងប្រែង បំពេញភារកិច្ច ជូន​ជាតិ និង​ប្រជាជន ជាពិសេស ត្រូវ​ស្មោះត្រង់ ចំពោះ​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល ស្របច្បាប់ ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ៕V