មេបញ្ជាការ​កងទ័ពជើងគោក​: កងទ័ព​ដើម្បី​ប្រជាជន ដើម្បី​ទឹកដី គឺ​គ្មាន​សំរាប់​អ្នកណា​ទេ​

3685
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា “​កងទ័ព​ខ្មែរ​ដើម្បី​ប្រជាជន​ខ្មែរ ដើម្បី​ទឹកដី​ខ្មែរ គឺ​គ្មាន​សំរាប់​អ្នកណា​ទេ​។ យើងទាំងអស់គ្នា​ត្រូវ​យល់​ឲ្យ​ច្បាស់​នូវ​គោលការណ៍​នេះ​។ ខ្មែរ​សម្លាប់​គ្នា ខ្មែរ​ស្លាប់ ខ្មែរ​សាមគ្គី​គ្នា ខ្មែរ​ខ្លាំង​។ យើង​មិន​ចង់​ត្រលប់​ទៅវិញ ហើយ​មិន​ឲ្យ​កម្ពុជា​ត្រឡប់​ទៅវិញ នៅក្នុង​រយៈពេល ៥០០​ឆ្នាំមុន នៃ​សង្គ្រាម​”​។​

​ការ​ថ្លែង​នេះ នៅក្នុង​ពិធី​ខួប​អនុស្សាវរីយ៍ គម្រប់​ឆ្នាំ​ទី​១០ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស កាលពី​ព្រឹក​ថ្ងៃទី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨​។

​លោក​បន្តថា ប្រទេសជាតិ​មួយ​ខ្លាំង គឺ​ខ្លាំង​ដោយសារ​កងទ័ព កងទ័ព​សម័យនេះ គឺ​មិន​ខុសពី​កងទ័ព​សម័យមុន គឺ​ខុស​តែ​អាយុ​ខុស​តែ​សមីការ​ប៉ុណ្ណោះ​ប៉ុន្តែ​ភារកិច្ច​និង​កាតព្វកិច្ច​របស់​យើង​មិន​ខុសគ្នា​ទេ​។ តួនាទី​ភារកិច្ច​និង​កាតព្វកិច្ច​របស់​កងទ័ព​គឺ​ស្មោះត្រង់​ចំពោះ​ជាតិ​សាសនា​ព្រះមហាក្សត្រ​ការពារ​រាជរដ្ឋាភិបាល​ស្រុក​ច្បាប់​ការពារ​ទឹកដី​និង​ថែរក្សា​សុខសន្តិភាព​ជូន​មាតុភូមិ​និង​ប្រជាជន​។ ទោះបី​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​តូច​កងទ័ព​យើង​មិនទាន់មាន​សភា​វុ​ធ​ទំនើប​ដូច​ប្រទេស​មហាអំណាច​ឬ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​រួច​ក៏ដោយ​ប៉ុន្តែ​កម្ពុ​ជាមាន​កងទ័ព​ដ៏​ស្មោះត្រង់​មាន​ស្មារតី​និង​ឆន្ទៈ​ស្នេហា​ជាតិ​។ កងទ័ព​កម្ពុជា​យើង​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​ជាច្រើន​ទាំង​ការខិតខំ​ស្វែងរក​សុខសន្តិភាព ការកសាង ស្ថេរភាព​ជាតិ​ឯកភាព​ជាតិ​និង​រហូត​ឈានដល់​ដំណាក់កាល​អភិវឌ្ឍន៍​ដូច​សព្វថ្ងៃនេះ គឺ​ពិតណាស់​មិនអាច​ខ្វះ​វត្តមាន​កងទ័ព​បានឡើយ ដែលជា​តួអង្គ​ប្រតិបត្តិ​ករ​ដ៏​សំខាន់​របស់​មាតុភូមិ​និង​ប្រជាជន​។ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្រេចបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​បំផុត ជូន​ជាតិ​មាតុភូមិ​និង​ប្រជាជន​។ តាមរយៈ​លទ្ធផល​នៃ​ការបោះឆ្នោត​ថ្មីៗ​នេះ​សម្តេច​តេ​ជោ​ត្រូវបាន​ជ្រើសរើស​ដោយ​ប្រជាពលរដ្ឋ​តាមបែប​លទ្ធិប្រជាធិបតេយ្យ និង​ត្រូវបាន​ត្រាស់បង្គាប់​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​រាជរដ្ឋាភិបាល​អណ​ត្តិ​ទី​៦​ទៀត​។ ខឿន​ការពារជាតិ​របស់​ប្រជាជន​និង​ខឿន​សន្តិសុខ​ជាតិ​កាន់តែ​បាន​ពង្រឹង ដែល​បាន​ធានា​ដល់​កិច្ចការពារ​បូរណភាព​ទឹកដី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព សន្តិសុខ​សង្គម​និង​ការរស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាជន ព្រមទាំង​បង្កលក្ខណៈ​អំណោយផល​គ្រប់បែបយ៉ាង​ដល់​ដំណើរការ នៃ​ការគ្រប់គ្រង​ស្ថាប័ន​សង្គម​ទាំង​ស្ថាប័ន​សាធារណៈ ស្ថាប័នឯកជន ក៏ដូចជា​អង្គការក្រៅរដ្ឋាភិបាល​នានា នៃ​សង្គម​ស៊ីវិល​។ ការចាត់តាំង ការសម្រេច​របស់​ថ្នាក់ដឹកនាំ​ជាតិ​មាន​ហេតុផល​ច្បាស់លាស់ ថ្នាក់ដឹកនាំ​ប្រទេស​បង្រួបបង្រួម​ជាតិ និង​អភិវឌ្ឍ​រីកចម្រើន​មក​បាន​ប៉ុណ្ណេះ​គឺមាន​មូលហេតុ​និង​ចក្ខុវិស័យ​វែងឆ្ងាយ​។ នេះ​គឺជា​ពេលវេលា​និង​ជា​ជំហាន​មួយទៀត​នៃ​កំណែទម្រង់កងទ័ព​ហើយក៏​មិនមែន​កំណែ​ទំរង់​ចុងក្រោយ​នោះដែរ ព្រោះ​យើង​បានធ្វើ​កំណែទម្រង់​ជាប់​តាម​ដំណាក់កាល​។ កងទ័ព​គឺ​នៅតែ​ជា​កងទ័ព​ដរាបណា​ខ្មែរ​នៅ​ជា​ប្រទេសមួយ​មាន​ឈ្មោះថា ខ្មែរ មានឈ្មោះ​ទឹកដី​ខ្មែរ តម្រូវការ​កងទ័ព​ក្នុងការ​ចូលរួម​ការពា​រ​ជាតិ​ត្រូវមាន​ជាប់​ជាប្រចាំ​។ ជីវិត​មនុស្ស​មិន​អមតៈ​នោះទេ​ប៉ុន្តែ​ការការពារ​ជាតិ​និង​កងទ័ព​គ្រប់​ជំនាន់​ទាំងអស់​គឺ​ត្រូវតែមាន​និង​ត្រូវ​ពង្រឹង​បន្ថែមទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា កំណែទម្រង់​ផ្អែកលើ​ស្មារតី​តែមួយគត់​គឺ​ជាតិនិយម​។ បើ​កងទ័ព​មិនមែន​ដើម្បី​ជាតិ​ដើម្បី​ប្រជាជន គឺ​ដើម្បី​អី្វ​?​ហើយ​កងទ័ព​ខ្មែរ​បើ​មិន​ដើម្បី​ជាតិខ្មែរ​ដើម្បី​ប្រជាជន​ខ្មែរ គឺ​ដើម្បី​អី្វ​?​នេះ​គឺជា​កំណែទម្រង់​និង​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ដែល​ត្រូវធ្វើ​ឲ្យ​កងទ័ព​យើង​ខ្លាំង​និង​មាន​ប្រសិទ្ធិភាព​។ នេះ​គឺជា​អ្វីដែល​យើងទាំងអស់គ្នា​ត្រូវ​ទទួលស្គាល់​។ កងទ័ព​ជាមួយនិង​កិត្យានុភាព​របស់​ប្រទេស​គឺ​ដើរ​ទន្ទឹមគ្នា​។ កងទ័ព​នា​សម័យ​មហានគរ​ខ្លាំង​ធ្វើ​ឲ្យ​យើង​ខ្លាំង បន្ទាប់មក​ខ្មែរ​បែកបាក់​គ្នា​ធ្វើអោយ​យើង​ចុះខ្សោយ ហើយ​នៅ​ឆ្នាំ ១៩៩៨ យើង​ខិតខំ​កសាង​និង​រូប​រួមគ្នា​គឺ​យើង​ធ្វើ​ឲ្យ​ទ័ព​យើង​ខ្លាំង ហើយ​ស្នាដៃ​របស់​នាយទាហាន​ជំនាន់​មុន​គឺ​បាន​កសាង​កងទ័ព​រប​ស់​យើង​បាន​មកដល់​ប៉ុណ្ណេះ​គឺ​ធំធេង​ណាស់​សម្រាប់​ជាតិ​មាតុភូមិ​របស់​យើង​។ ហើយ​យើង​បន្ត​ទៅមុខទៀត​ពង្រឹង​និង​រក្សា​បន្ថែម​កងទ័ពរ​បស់​យើង​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​និង​ប្រជាជន​។ នេះ​គឺជា​ស្មារតី​កំណែទម្រង់កងទ័ព​។ ការការពារ​ជាតិ​មិនមែនជា​ភារកិច្ច​របស់​មនុស្ស​ជំនាន់​ណាមួយ​នោះទេ​គឺជា​ភារកិច្ច​របស់​យើងទាំងអស់គ្នា​គ្រប់​ជំនាន់​។ ដូច្នេះ ភារកិច្ច​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​យើង​ត្រូវ​រួមគ្នា បីដូច​ជា​យើង​ជិះទូក​គឺ​ត្រូវ​ទៅមុខ​ជានិច្ច​ហើយ​លឿន​ជាង​មុន​។ យើង​ត្រូវការ​នាយទាហាន​ជំនាន់​មុន​ជួយ​ប្រាប់ ជួយ​តម្រង់ទិស​ដើម្បី​ដើរ​តាម​ទិសដៅ​នៃ​កំណែទម្រង់​ក្នុងការ​ពង្រឹង​កងទ័ព​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​។ ដើម្បី​សម្រេចបាន​ជោគជ័យ​យើង​ត្រូវការ​ចូលរួម ព្រោះ​ការចូលរួម​នេះ​គឺ​សំខាន់​ណាស់​មនុស្ស​គ្រប់​ជំនាន់ ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​កងទ័ព​របស់​យើង​កាន់តែខ្លាំង​។​

​កងទ័ព​បច្ចុប្បន្ន​ត្រូវខិតខំ​យក​គំរូ​វីរភាព​កងទ័ព​ជំនាន់​មុន រក្សាទុក​នូវ​អ្វីដែល​ល្អៗ អ្វីដែល​យើង​មិនទាន់បាន​ត្រូវខិតខំ​ធ្វើកំណែទម្រង់​តាម​បទដ្ឋាន​គតិយុត្តិ រួមគ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​អនុវត្ត រួមគ្នា​ទទួលខុសត្រូវ​ចំពោះ​ជាតិ​របស់​យើង​ទាំង​ពេលបច្ចុប្បន្ន​និង​ទៅ​ថ្ងៃ​អនាគត​។ សម្រាប់​ខ្ញុំ​ការទទួល​ភារកិច្ច មិនមែនជា​ការបំពាក់​ឋានន្តរ​ស​ក្កិ​ឬ​មាន​សិទ្ធិ​នោះទេ ប៉ុន្តែ​វា​គឺជា​កាតព្វកិច្ច​និង​ការទទួលខុសត្រូវ​នៅក្នុង​ការអនុវត្ត​បទ​បញ្ជា​និង​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​ជាតិ របស់​ក្រសួងការពារជាតិ​។ ហើយ​ខ្ញុំ​យល់ថា​កងទ័ព​គ្រប់​ជំនាន់​មាន​សុទិដ្ឋិនិយម​ផ្អែកលើ​ស្មារតី​ជាតិនិយម ទ័ព​ខ្មែរ​គឺ​ដើម្បី​ខ្មែរ​។ យើង​មានកា​ប្តេជ្ញាចិត្ត និង​គោលការណ៍​បែបនេះ​គ្មាន​នរណា​ធ្វើ​ខ្មែរ​យើង​បែក​នោះទេ​៕ ល​