ដោយៈ មុនីរ័ត្ន/ភ្នំពេញៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ផ្ទេរភារកិច្ចមេបញ្ជាការកងទ័ពជើងគោកនេះ មិនមែនមានន័យថា ជាការផ្ទេរសិទ្ធិ ឬផ្ទេរអំណាចនោះទេ ប៉ុន្តែជាការផ្ទេរនូវការទទួលខុសត្រូវបន្តមួយ និងផ្តល់កិត្តិយស ផ្តល់ឱកាសក៏ដូចជាលទ្ធភាពដ៏ធំធេងបន្ថែមទៀតសម្រាប់រូប លោកបានចូលរួមបម្រើប្រទេសជាតិឲ្យបានកាន់តែទូលំទូលាយ ពោលគឺចូលរួមបម្រើកងយោធពលខេមរភូមិន្ទ ក្នុងការធានាបានសុខសន្តិភាព ស្ថិរភាព សន្តិសុខ អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍន៍មាតុភូមិ។
ការបញ្ជាក់នេះ នៅក្នុងពិធីផ្ទេរកិច្ចមេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។
មេបញ្ជាការកងទ័ពជើងគោកបានបន្តថា កងយោធពលខេមរភូមិន្ទមានតួនាទីចម្បង ក្នុងកិច្ចការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរួមចំណែកនៅក្នុងការធានាស្ថិរភាព សុវត្ថិភាព និងសន្តិសុខ ដែលជាតម្រូវការចាំបាច់ និងជាមូលដ្ឋានដ៏ចម្បង ដើម្បីធានាដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ជាពិសេសនៅក្នុងយុទ្ធនាការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងយុទ្ធសាស្ត្របង្រួបបង្រួមជាតិ ការបញ្ចប់ទាំងស្រុងងនៅទុក្ខវេទនារបស់ប្រជាជនខ្មែរក្នុងសម័យសង្គ្រាម និងការរំលាយជាស្ថាពរនៃអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ក្នុងឆ្នាំ១៩៩៨ ដោយបាននាំឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តថា ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ អស់មួយជីវិត។ គោរពនិងអនុវត្តតាមជានិច្ចនូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ដើរតាមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជាពិសេសគោរព និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦។ គោរពនិងអនុវត្តតាមគោលការណ៍ និងលក្ខន្តិកៈកងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួនបំផុត និងខិតខំប្រឹងប្រែងអនុវត្តឲ្យបានចំពោះតួនាទីរបស់ខ្លួន និងហ៊ានបូជាអាយុជីវិត មិនស្តាយស្រណោះ ដើម្បីបុព្វហេតុការពារប្រជាជន និងជាតិមាតុភូមិ។
ចំណែកនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ថ្លែងនៅក្នុងពិធីសំណេះ សំណាលនិងផ្ទេរភារកិច្ចមេបញ្ជាការកងទ័ពជើងគោកថា លោកសូមអបអរសាទរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងមុខងារជាមេបញ្ជាការកងទ័ពជើងគោកបន្ថែមលើមុខងារបច្ចុប្បន្ន។ ការផ្ទេរភារកិច្ច គឺយោងតាមច្បាប់ដែលបានកំណត់និងសំណូមពរភារកិច្ចជាក់ស្តែងក្នុងផែនការកំណែទម្រង់កងទ័ពដើម្បីផ្ដល់ឱកាសឱ្យអ្នកជំនាន់ក្រោយបន្តវេន។ កាលពីអតីតកាលការផ្ទេរភារកិច្ចគឺនៅ ក្រោមស្នូរគ្រាប់កាំភ្លើងប៉ុន្តែបច្ចុប្បន្ននេះការផ្ទេរភារកិច្ចពីក្រោមដំបូលសុខសន្តិភាព។
លោកបានបញ្ជាក់ថា លោកមានមោទនភាពណាស់ដែលបានចូលបម្រើកងទ័ពក្នុងរយៈពេល៥០ ឆ្នាំនេះ ដែលបានចែករំលែកបទពិសោធន៍ និងទទួលបានលទ្ធផលនៃការដឹកនាំកងទ័ពក្នុងការការពារបូរណភាពទឹកដីនិងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ។ សមិទ្ធផលជាច្រើនដែលកងទ័ពយើងសំរេចបានគឺមានច្រើនណាស់រួមមាន ការថែរក្សាសុខសន្តិភាព សណ្ដាប់ធ្នាប់សង្គម សន្តិសុខសាធារណៈ កំណែទម្រង់កងទ័ពទាំងបរិមាណនិងគុណភាព ការងារហ្វឹកហ្វឺន ការងារសង្គម ពង្រឹងសម្ព័ន្ធមេត្រីភាពជាមួយនឹងវិស័យស៊ីវិល(ឯកជន) ការសហប្រតិបត្តិការល្អជាមួយប្រទេសនៅក្នុងតំបន់និងអន្តរជាតិ មានការឯកភាពសាមគ្គីភាពផ្ទៃក្នុង។ សូមបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤របស់រាជរដ្ឋាភិបាល និងចូលរួមការពារសុខសន្តិភាពសមិទ្ធិផលជាច្រើនដែលយើងសំរេចបាន បន្តគោរពច្បាប់ ការពាររដ្ឋធម្មនុញ្ញ រដ្ឋាភិបាលស្របច្បាប់ និងបន្តអភិវឌ្ឍអង្គភាពឲ្យបានរីកចម្រើន៕SRN