មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ជួប​សំដែង​ការគួរសម​ជាមួយ​អនុប្រធាន​គណ​:​កម្ម​ការ​យោធា​មជ្ឈិម​ចិន​

582
ចែករម្លែក
  • 66
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រោយពី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហាន វេ​ហ្គូ (HAN WEIGUO) មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងទ័ព​រំដោះប្រជាជន​ចិន​រួចមក នៅ​ថ្ងៃ​ដដែល​នោះ​(​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩) លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ​ចូលជួប​សំដែង​ការគួរសម​ជាមួយ​លោក ស៊ី គី​លៀង (XI QI LIANG) អនុប្រធាន​គណ​:​កម្ម​ការ​យោធា​មជ្ឈិម នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​នៅ​រដ្ឋធានី​ប៉េកាំង​។

​លោក ស៊ី គី​លៀង (XI QI LIANG) បាន​មានប្រសាសន៍ថា លោក​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​កងទ័ពជើងគោក ដែល​បានមក​បំពេញ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ នៅក្នុង​ទីក្រុង​ប៉េកាំង នៃ​ប្រទេស​ចិន​។ លោក​បាន​លើកឡើងថា ទំនាក់ទំនង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន បាន​ឈានដល់​កំរិត​កំពូល ហើយ​ដែលមាន​រយៈពេល​យូរ​ឡុង​ណាស់​មកហើយ​។

​លោក​បាន​បន្តថា មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ និង​គ្រប់​ជ្រុងជ្រោយ​នៃ​ប្រទេស​ទាំងពីរ មិនអាច​មាន​ប្រទេស​ណា​មក​បំបែកបំបាក់​បាន​ឡើយ​។ កងទ័ព​រំដោះប្រជាជន​ចិន នឹង​បន្ត​គាំទ្រ​ដល់​កងយោធពល​ខេមរភូមិន្ទ ទាំង​ការកសាង​ធនធានមនុស្ស និង​សម្ភារៈ​។

​ចំណែក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក ស៊ី គី​លៀង (XI QI LIANG) អនុប្រធាន អនុប្រធាន​គណ​:​កម្ម​ការ​យោធា​ម​ជ្ឈឹ​ម​នៃ​កងទ័ព​រំដោះប្រជាជន​ចិន ដែល​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា​។​

​លោក​បាន​បន្តថា ជំនួប​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន នៅពេលនេះ ដើម្បី​បន្ត​ពង្រឹង ពង្រីក​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៃ​កងទ័ព​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​។ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល កងទ័ព​និង​ប្រជាជន​ចិន​ដែលមាន​ទំនាក់ទំនង​ល្អ និង​កិច្ចសហប្រតិបត្តិការ​រឹងមាំ​នៅក្នុង​ដំណើរការ​កសាង​និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​។
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន ម៉ា​ណែ​ត បានស្នើ​សុំ​ឲ្យ​ភាគី​ចិន​បន្ត​គាំទ្រ និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំងពីរ​សំដៅ​ធ្វើយ៉ាងណា​អនុវត្ត​កិច្ចប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ដ៏​រឹងមាំ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​។

​សូមបញ្ជាក់ថា តប​តាម​ការអញ្ជើញ​របស់​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ដើម្បី​ពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​រវាង​កងទ័ព ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​គណ​:​ប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រយ​:​ពេល ៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៥ ខែកុម្ភៈ ដល់​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០១៩​។​

​នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច និង​ស្នាក់​នៅក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ភាគី​កម្ពុជា នឹង​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​រួមមាន សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អនុប្រធាន​គណ​:​កម្ម​ការ​យោធា​មជ្ឈិម នៃ​កងទ័ព​រំដោះប្រជាជន​ចិន មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងទ័ព​រំដោះប្រជាជន​ចិន និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជាច្រើនរូប​ទៀត​៕ ល​