មេបញ្ជាការ​កងទ័ពជើងគោក​!​ការងារ​ហ្វឹកហ្វឺន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ខឿន​ការពារជាតិ

935
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​បញ្ជាក់ថា​កងយោធពល​ខេមរភូមិន្ទ​នៅតែ​ចាត់ទុក​វិស័យ​ហ្វឹកហ្វឺន​គឺជា​ជ្រុង​អាទិភាព​មួយ​នៃ​ការកែទម្រង់​របស់ខ្លួន​សំដៅ​ធ្វើ​ទំនើបកម្ម​និង​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​យោធិន ។​

​ធានា​កិច្ចការពារ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​អធិបតេយ្យ បូរណភាព​ទឹកដី សន្តិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ក៏ដូចជា​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។​ការ​ថ្លែង​នេះ​នៅក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​វរ​សេនា​តូច​ថ្មើរជើង​ជំនាញ​អាវុធ​គាំទ្រ​ជំនាញ​កាំភ្លើង​ការពារ​អាកាស​និង​ជំនាញ​បញ្ជូន​សារ​ប្រចាំឆ្នាំ​២០១៩​របស់​កងពលតូច​អន្តរាគមន៍​លេខ​១​កាលពី​ថ្ងៃទី​៩ ខែឧសភា​ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បន្តថា​នាពេល​បច្ចុប្បន្ន​ការងារ​ហ្វឹកហ្វឺន​បាន​ដើរតួនាទី​ជា​យុទ្ធសាស្ត្រ​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ខឿន​ការពារជាតិ​តាមរយៈ​ការ​ផ្តល់នូវ​ចំណេះដឹង​និង​ចំណេះធ្វើ​ពិតប្រាកដ​ឱ្យដល់​កងទ័ព​ជាពិសេស​យោធិន​វ័យក្មេង​ដែលជា​អ្នក​បន្តវេន​ជំនាន់​ក្រោយ​។​

ក្នុង​ស្មារតី​នេះ​ការងារ​ហ្វឹកហ្វឺន​ត្រូវបាន​ចាត់ទុកជា​ការងា​រ​អាទិភាព​ចាំបាច់​បំផុត​ដែល​ត្រូវ​ដំណើរការ​បន្តបន្ទាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម​ដើម្បី​ចូលរួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ការពារជាតិ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យទទួល​បាន​ជោគជ័យ​។​

​លោក​បញ្ជាក់ថា​ជាពិសេស​ចំពោះ​ការងារ​ហ្វឹកហ្វឺន​ផ្ទាល់​ថ្នាក់ដឹកនាំ​កងពល​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​ហ្វឹកហ្វឺន ដែលជា​ការងារ​ស្នូល​ត្រូវធ្វើ​ជាប្រចាំ ដើម្បី​លើកកម្ពស់​សមត្ថភាព​ប្រយុទ្ធ ត្រៀមប្រយុទ្ធ​ដល់​យោធិន​។​

ក្នុងនោះ​ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ចំនួន​ទ័ព​ពេល​ហ្វឹកហ្វឺន ធានា​សន្តិសុខ​សុវត្ថិភាព​ទាំង​មនុស្ស​និង​សម្ភារៈ​គ្រឿង​បំពាក់​ឱ្យបាន​ល្អប្រសើរ​សំដៅ​លើកកម្ពស់​ការកសាង​ធនធានមនុស្ស​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បំពេញភារកិច្ច ទាំង​ក្នុងដំណាក់កាល​បច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត​។

​វគ្គ​ហ្វឹកហ្វឺន​ដែល​យើង​កំពុង​ប្រារព្ធ​ពិធី​បើក​នាឱកាស​នេះ​គឺ​ពិតជា​បាន​ឆ្លើយតប​តាម​សេចក្តីត្រូវការ​ក្នុងការ​ពង្រឹងសមត្ថភាព​ប្រយុទ្ធ ត្រៀមប្រយុទ្ធ​ដល់​យោធិន និង​ធ្វើឱ្យ​យោធិន​យល់ច្បាស់​អំពី​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ក្នុងការ​បម្រើ​ជាតិ​ដោយស្មោះ​ត្រង់​ដាច់ខាត​ជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជា​ការធានា​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ដែល​បាន​ដាក់ចេញ​។​

​ក្នុងនាម​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក សូម​កោត សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអនុវត្ត​តួនាទី​និង​ភារកិច្ច​យ៉ាងសកម្ម​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​សូម​គាំទ្រ​លើកទឹកចិត្ត​ឱ្យ​បន្ត​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ឈានទៅ​សម្រេច​សមិទ្ធិផល​កាន់តែ​ល្អប្រសើរ​ជូន​ជាតិ​៕S/​