មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សិង្ហ​បុរី​

789
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​សិង្ហ​បុរី​)៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បន្ត​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​កម្ពុជា​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​សំខាន់ៗ​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​។
​កាលពី​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៩​លោក​បណ្ឌិត​អ៊ឹង​អេង​ហេន​(NgEngHen)​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី​បានរៀបចំ​ទទួល​អាហារ​ថ្ងៃត្រង់​និង​ពិភាក្សា​ការងារ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។

​ក្នុងជំនួប​នេះ​លោក​បណ្ឌិត​អ៊ឹង​អេង​ហេន​(NgEngHen)​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី​បានបញ្ជាក់​ជាថ្មី​ម្តងទៀត​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និត​រវាង​ប្រទេស​ទាំងពីរ​ក្នុង​វិស័យ​ការពារជាតិ​។​ឯកឧត្តម​ក៏បាន​អរគុណ​ប្រទេស​កម្ពុជា​ដែល​តែងតែ​គាំទ្រ​ប្រទេស​សិង្ហ​បុរី​ក្នុង​ការរៀបចំ​កម្មវិធី​អន្តរជាតិ​នានា​។

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​ជំហរ​ថា​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ដើម្បី​រក្សា​សន្តិភាព និង​សិ្ថ​រ​ភាព​ក្នុង​តំបន់​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា សន្តិភាព និង​ស្ថិរ​ភាពជា​កត្តា​ជំរុញ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។​

ដោយសារ​មាន​សន្តិភាព​និង​ស្ថិរភាព​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​ទើប​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ដូចនេះ​ក្នុង​តំបន់​អាស៊ាន សន្តិភាព និង​ស្ថិរភាព ជា​កត្តា​ជម្រុញ​តំបន់​នេះ​ឱ្យ​បន្ត​ការអភិវឌ្ឍ​និង​រីកចំរើន​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មានជំនឿថា​ដំណើរ​ទស្សនកិច្ច​នេះ​ជាការ​បន្ត​រឹតចំណង​មិត្តភាព នៃ​ប្រទេស​ទាំងពីរ កងទ័ព និង​ប្រជាជន​ទៅ​ថ្ងៃ​អនាគត​។​

​សូមបញ្ជាក់ថា នៅក្នុង​ទំព័រ​facebook ផ្លូវការ​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានសរសេរថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​ប្រទេស​សិង្ហ​បុរី​លើក​នេះ​លោក​ក៏មាន​ឱកាស​ជួប​ជាមួយ​លោ​ល​បណ្ឌិត អឹង អេង​ហិន (Dr.NgEngHen)​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សិង្ហ​បុរី​ជា​លើក​ទី​ពីរ​ដោយបាន​ពិភាក្សា ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​ប្រធានបទ​មួយចំនួន​ទាក់ទង​ប្រទេស​យើង​ទាំងពីរ​ក៏ដូចជា​សភាពការណ៍​ក្នុង​តំបន់​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​អរគុណ​លោក​បណ្ឌិត​អឹង​អេង​ហិន​និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​សឹង្ហ​បុរី​ចំពោះ​ការ​ស្វា​គម​ន៏​យ៉ាង​កក់ក្តៅ​ព្រមទាំង​ការចែករំលែក​នូវ​ទស្ស​នៈ​និង​បទពិសោធន៍​លើ​កិច្ចការងារ​សំខាន់ៗ​មួយចំនួន​។​ឆ្លងតាម​កិច្ចសន្ទនា​ទាំងនេះ​បានបញ្ជាក់​ឱ្យឃើញ​អំពី​ភាពស្របគ្នា​នៃ​ឆន្ទៈ​និង​គោល​គំនិត​របស់​ប្រទេស​កម្ពុជា​និង​សិង្ហ​បុរី​ក្នុងការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ទាំង​រវាង​ប្រទេស​យើង​ទាំងពីរ ទាំង​ក្នុងពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​៕S/

#