មេបញ្ជាការ​កងទ័ពជើងគោក​!​ការធានា​ភស្តុភារ​សម្រាប់​កងទ័ព​គឺជា​រឿង​សំខាន់​

164
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​បញ្ជាក់ថា​ធ្វើស្រែ​នឹង​ទឹក​ធ្វើសឹក​នឹង​បាយ​ដូច្នេះ​ការធានា​ភស្តុភារ​សម្រាប់​កងទ័ព​ការងារ​ចិញ្ចឹម​ទ័ព​ការងារ​ត្រៀម​បំប៉ន​សុខភាព កាយសម្បទា គឺជា​ការងារ​សំខាន់​។

​ការ​ថ្លែង​បញ្ជាក់​នេះ​បានធ្វើ​ឡើង​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ភស្តុភារ​កងទ័ពជើងគោក​ឆ្នាំ​២០១៩​កាលពី​ព្រឹក​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩​។​មេបញ្ជាការ​កងទ័ពជើងគោក​បាន​បន្តថា​ផ្អែកលើ​មូលដ្ឋាន​នេះ​រាជរដ្ឋាភិបាល​បាន​ជំរុញ​ដំណើរការ​កែទម្រង់​កង​យោធពលខេមរភូមិន្ទ​។​

ក្នុង​នោះបាន​យកចិត្តទុកដាក់​ដឹកនាំ​បញ្ជា​ណែនាំ​ការធានា​ភស្តុភារ​ជូន​កងទ័ព​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព​គណនេយ្យ​ភាព ទាន់ពេលវេលា​និង​ដល់ដៃ​កងទ័ព​សំដៅ​លើកកម្ពស់​ជីវភាព​កងទ័ព​ឱ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​បន្ថែមទៀត ស្របទៅនឹង​ស្ថានភាព​នៃ​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​បច្ចុប្បន្ន​។​

​លោក​បាន​បន្តទៀត​ថាវ​គ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ភស្តុភារ​កងទ័ពជើងគោក​ឆ្នាំ​២០១៩​គឺជា​វគ្គ​បណ្ដុះបណ្ដាល​សំខាន់​និង​ជា​វគ្គ​ទី​១​ប៉ុន្តែ​យន្តការ​ត្រូវមាន​វគ្គ​បន្តបន្ទាប់​ទៀត​។​ការបណ្ដុះបណ្ដាល​ត្រូវ​ធានា​នូវ​ចំណុច​មួយចំនួន​រួមមានៈ​ទី​១.​នាយទាហាន​ដែល​បញ្ជូនមក​ត្រូវ​ធ្វើការ​ឱ្យចំ​ជំនាញ​។​

ការងារ​ដែល​សំខាន់​ហើយ​បន្ទាន់​បំផុត​សម្រាប់​ការងារ​ហ្វឹកហ្វឺន​គឺ​នាយទាហាន​បន្តវេន​ដែលមាន​សមត្ថភាព​ទាំង​ទ្រឹស្ដី​បទពិសោធន៍​ឯកសារ​និង​ការអនុវត្ត​។​ទី​២.​គឺ​ការពង្រឹង​កម្មវិធី​បណ្ដុះ​បណ្ដាល​និង​ការគ្រប់គ្រង​វគ្គ​នីមួយៗ​។​ដូច្នេះ​ចំណុច​ទាំងពីរ​នេះ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ការបណ្ដុះបណ្ដាល​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​បញ្ជាក់ទៀតថា​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងការពារជាតិ​និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការដឹកនាំ​បញ្ជា​និង​ការឯកភាព​លើ​របៀបរបប​ធ្វើ​ការងារ​ផ្នែក​ភស្តុភារ​មេបញ្ជាការ​គ្រប់លំដាប់​ថ្នាក់​ត្រូវយក​ចិត្ត​ដឹកនាំ​ការងារ​នេះ​ឱ្យបាន​ជាប់​ជាប្រចាំ​។​

ដើម្បី​ជំរុញឱ្យមាន​ការអនុវត្ត​បាន​ត្រឹមត្រូវ​ឯកភាពគ្នា​និង​ព្រមៗ​គ្នា​ទាំង​ការងារ​ធ្វើ​ផែនការ​ការគ្រប់គ្រង​,​ការបែងចែក​និង​ការបើក​ចែក​ដល់ដៃ​យោធិន​គ្រប់ៗ​រូប​ឱ្យបាន​ទាន់ពេលវេលា​និង​ធានាបាន​ទាំង​បរិមាណ​និង​គុណភាព​ជាពិសេស​ត្រូវ​ចាត់តាំង​បញ្ជូន​យោធិន​ក្នុង​កងឯកភាព​មក​ប​ណ្តុះ​បណ្តាល​បំប៉ន​ជំនាញ​តាម​ផែនការ​ដែល​បានដាក់​ចេញ​។

​លោក​បាន​លើកឡើងថា​ត​ទៅមុខទៀត​ដូច​មាន​គ្រោង​ក្នុង​ផែនការ​ឆ្នាំ​២០២០​រួចហើយ​នឹងមាន​ការ​បើក​វគ្គ​បំប៉ន​ជំនាញ​ភស្តុភារ​នេះ​ជា​បន្តបន្ទាប់​ដើម្បី​បង្កើន​ប្រសិទ្ធភាព​និង​និរន្ត​ភាព​ការងារ​ក្នុង​ជំនាញ​នេះ​ឱ្យបាន​កាន់តែ​ល្អ​ប្រសើរឡើង​បន្ថែមទៀត​។​

លោក​សង្ឃឹម​និង​ជឿជាក់ថា​សិក្ខាកាម​ទាំងអស់​នឹង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ក្រេបជញ្ជក់​យក​ទាំង​ចំណេះដឹង​និង​ចំណេះធ្វើ​ពី​យោធា​ចា​រ្យ​ជំនាញ​សម្រាប់​យកទៅអនុវត្ត​បំពេញ​រាល់​ភារកិច្ច​នៅតាម​បណ្តា​កងឯកភាព​ឱ្យ​ទទួលបាន​ជោគជ័យ​និង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​៕S/

​រូបថត​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ភស្តុភារ កងទ័ពជើងគោក​ឆ្នាំ​២០១៩​

#