ដោយ: មុនីរ័ត្ន / ភ្នំពេញ: នៅក្នុងជំនួបជាមួយគណៈប្រតិភូកងទ័ពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានស្វាគមន៍ និងអរគុណចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានមកកាន់កម្ពុជា ដែលដំណើរទស្សនកិច្ចនេះ បានជំរុញការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានរៀបរាប់អំពីប្រវត្តិ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោករយៈពេល២០ឆ្នាំ ដែលបានឆ្លងកាត់ឧបសគ្គ និងការលំបាកជាច្រើនក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ មាស សុភា អតីតមេបញ្ជាការកងទ័ពជើងគោក ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលជាច្រើនដូចពេលបច្ចុប្បន្ន ហើយក៏ជារយ:ពេលដែលកម្ពុជា បានទទួលសុខសន្តិភាពនៅទូទាំងប្រទេសក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។
លោកឧត្តមសេនីយ៍ឯក ក៏បានបង្ហាញពីការងារអាទិភាពសំខាន់ៗក្រោយពីដំណាក់កាលឆ្លងកាត់ពេលវេលាដ៏លំបាកនៃការបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះ-ឈ្នះ។ កងទ័ពជើងគោកបានពោះពារខិតខំប្រឹងប្រែងលើការងារជាច្រើន ក្នុងនោះការងារអទិភាពគឺការងារកំណែទម្រង់កងយោធពលខេមរភូមិន្ទ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។
គោលបំណងនៃជំនួបមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងអគ្គបញ្ជាការដ្ឋាន កងទ័ពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន គឺជាការផ្លាស់ប្ដូរបទពិសោធន៍ រឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការយោធា នៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរ ជាពិសេសផ្ដោតលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការផ្សេងៗ ដើម្បីថែរក្សាសុខសន្តិភាពនៅក្នុងតំបន់។
លោកឧត្ដមសេនីយ៍ឯក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ ( MOHAMMAD CHIRAGH HAIDER ) នាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន កងទ័ពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានស្វាគមន៍នៅក្នុងកិច្ចសហប្រតិបត្តិការវិស័យយោធា នៃប្រទេសទាំងពីរតាមរយៈការផ្ដល់ឱកាស នៃការសិក្សាបណ្ដុះបណ្ដាលធនធានមនុស្ស និងការហ្វឹកហាត់រួមគ្នានៅក្នុងពេលវេលាសមស្របណាមួយ នៅពេលខាងមុខ។ នាឱកាសនោះអគ្គបញ្ជាការដ្ឋាន កងទ័ពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានគោរពអញ្ជើញឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន នៅពេលវេលាសមស្របនៅពេលខាងមុខ។
ចុងបញ្ចប់នៃជំនួបពិភាក្សានៃថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោកបានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ ( MOHAMMAD CHIRAGH HAIDER ) នាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន កងទ័ពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាននៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសដែល ឯកឧត្តម បានដឹកនាំគណៈប្រតិភូកងទ័ព ប៉ាគីស្ថានមកធ្វើទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា៕ ល