មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៧០៖ ជន​ណា​ដែល​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ត្រូវតែ​កំទេចចោល​

790
ចែករម្លែក

(​ភ្នំពេញ​)៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៧០ បាន​ប្តេជ្ញាចិត្ត​ការពារ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ និង​ប្តេជ្ញា​កំទេច​ជន​ណា​ដែល​ចង់​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា គឺ​ដាច់ខាត​មិន​ឲ្យ​កើតមានឡើង​នោះទេ​។

​ការប្តេជ្ញាចិត្ត​នេះ ត្រូវបានធ្វើ​នៅក្នុង​ពិធី​បញ្ចប់​ការប្រកួត​កីឡា​យោធា​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​ជ្រើសរើស​ក្រុម​ខ្លាំង​យកទៅ​ប្រកួត​កីឡា​ថ្នាក់ជាតិ នៃ​កងយោធពល​ខេមរភូមិន្ទ​នៅ​ចុងឆ្នាំ​២០១៧ ខាងមុខនេះ​។​
​ ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ បាន​ថ្លែង​បញ្ជាក់ថា សម្រាប់​កងពលតូច​ថ្មើរជើង​លេខ​៧០​មាន​ភារកិច្ច​ការពារ​សន្តិសុខ​ជូន​ប្រជា​ពល​​រដ្ឋ​។ ការពារ​សន្តិសុខ សុវត្ថិភាព​ស្ថេរភាព​នយោបាយ វា​ជា​កាតព្វកិច្ច​របស់​កង​យោធពលខេមរភូមិន្ទ​។​និយាយ​ជារួម​របស់​កងពលតូច​ថ្មើរ​​ជើង​លេខ​៧០ ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ​ទូទាំងប្រទេស​ដែរ គឺ​ប្តេជ្ញាចិត្ត​ការពារ​ឲ្យ​បាន​នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ​។ ពីព្រោះ​សុខ សន្តិភាព ស្ថេរភាព​នយោបាយ បានមកពី​ការខិតខំ​ប្រឹងប្រែង ពិសេស​កើតចេញពី​កង​រណសិរ្ស​រំដោះ​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី ៧ មករា បាន​រំដោះប្រទេស ហើយ​មកទល់​បច្ចុប្បន្ន​នេះ​យើង​បាន​ថែរក្សា​នៅ​សុខសន្តិភាព ហើយ​បច្ចុប្បន្ន​យើង​បានដឹង​ហើយ សន្តិភាព​​កើតមានឡើង គឺ​អាស្រ័យ​លើ​ការធ្វើ​ពលិកម្ម​រំដោះប្រទេស​។ ដូច្នេះ​កងយោធពល​ខេមរភូមិន្ទ ប្តេជ្ញា​ដាច់ខាត​ការពារ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​៕

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ បាន​សង្កត់ធ្ងន់ថា “​ជន​ទាំងឡាយ​ណាក៏ដោយ​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​តាមរយៈ​ធ្វើ​​បដិវត្តន៍​ពណ៌ គឺ​កងយោធពល​ខេមរភូមិន្ទ ធ្វើការ​ប្តេជ្ញា​កំទេច​មិន​អនុញ្ញាត​ឲ្យ​មាន​ការធ្វើបដិវត្ត​ន៍ព​ណ៌​ដែល​បំផ្លាញ​នៅ​សុខសន្តិភាព​​របស់​ប្រទេសជាតិ​បានទេ (​រូប​ថ​តៈ​មុនី​រ័ត្ន​)