មេបញ្ជាការ​អាម៉េរិក​និយាយថា យន្តហោះ​ចម្បាំង​បំបាំងកាយ J-20 របស់​ចិន​អាច​នឹង​ចាប់ផ្តើម​ដាក់ឱ្យ​ប្រើ​នៅ​ឆ្នាំនេះ​

888
ចែករម្លែក

​ឧ​ត្ត​ម​សេនីយ៍ ឆា​លី ប្រោ​ន (Charles Brown) មេបញ្ជាការ​កងកម្លាំង​ទ័ពអាកាស​ប៉ាស៊ីហ្វិក​របស់​អាម៉េរិក កាលពីពេល​ថ្មីៗ​នេះ បាន​លាតត្រដាង​ថា ប្រសិនបើ​អ្វីៗ​ទាំងអស់​នៅតែ​បន្ត​មាន​សន្ទុះ​ទៅមុខ នោះ​យន្តហោះ​ចម្បាំង​បំបាំងកាយ Chengdu J-20 របស់​ចិន អាច​នឹងត្រូវ​ចាត់ទុកថា​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការប្រយុទ្ធ​ដោយ​ក្រុមមន្ត្រី​ចិន​នៅ​ឆ្នាំនេះ​។​

​នោះ​មិនមែនជា​ដំណឹង​ល្អ​សម្រាប់​កងទ័ព​អាម៉េរិក​នោះទេ ហើយ​លោក​ប្រោ​ន​បាន​ប្រាប់​ទៅ​សារព័ត៌មាន Bloomberg កាលពី​ថ្ងៃ​ពុធ​ថា ការដាក់​ឱ្យប្រើ​យន្តហោះ​នេះ នឹង​បង្ហាញ “​ការគំរាមកំហែង​ធំធេង និងសមត្ថភាព​កាន់តែ​ធំ​” សម្រាប់​ទាហានជើងទឹក​ចិន​នៅក្នុង​តំបន់​។ លោក​បាន​និយាយថា “​អារម្មណ៍​របស់ខ្ញុំ​ចំពោះ​របៀប​ដែល​ចិន​កំពុង​ធ្វើ​ប្រតិបត្តិការ គឺគេ​កំពុង​ធ្វើ​វា​តាម​កម្រិត​ពី​ទាប​ទៅ​ខ្ពស់​បន្តិច​ម្តងៗ​…​ពួកគេ​នឹង​បន្ត​ពង្រីក​វិសាលភាព​ដើម្បី​ស្វែងរក​មើលថា​តើ​មាន​អ្នកណា​និយាយ​ឬ​ធ្វើ​អ្វី​ទេ ប្រសិនបើ​អ្នក​មិន​រុញ​ពួកគេ​ថយក្រោយ​ទេ ពួកគេ​នឹង​បន្ត​ទៅមុខទៀត​”​។​

​លោក​ប្រោ​ន​បាន​កត់សម្គាល់ថា សហរដ្ឋអាម៉េរិក​នឹង​ព្យាយាម​ទប់ទល់​នឹង​សមត្ថភាព​របស់​យន្តហោះ J-20 ដោយ​ការបង្កើន​ការដាក់​ពង្រាយ​យន្ដហោះ​ចម្បាំង F-35 របស់​អាម៉េរិក​ទៅ​សមុទ្រ​ប៉ាស៊ីហ្វិក​។ លោក​ក៏បាន​បញ្ជាក់ដែរថា ការបន្ត​ល្បាត​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​យ៉ាង​ក្តៅគគុក នឹង​ក្លាយជា​ជម្រើស​មួយ​។​

​ប៉ុន្តែ​យន្តហោះ​ចម្បាំង​ជំនា​ន់ទី ៥ បើក​បាន​គ្រប់​អាកាសធាតុ​ មាន​ម៉ាស៊ីន​ពីរ​និង​កៅអី​មួយ​ប្រភេទ​នេះ មិនមែនជា​យន្តហោះ​ចិន​តែមួយគត់​ប៉ុណ្ណោះ​ទេ ដែល​ធ្វើឱ្យ​ក្រុមមន្ត្រី​អាម៉េរិក​បារម្ភ​។​

​យោងតាម​លោក​មេបញ្ជាការ ឆា​លី ប្រោ​ន គេ​ក៏មាន​ជំនឿ​ផងដែរ​ថា​ប្រទេស​ចិន​កំពុង​រៀបចំ​ផែនការ​អភិវឌ្ឍ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទ្វេ​ប្រយោជន៍​ផងដែរ ដែល​អាច​ដឹក​បាន​ទាំង​អាវុធ​នុយក្លេអ៊ែរ​និង​អាវុធ​មិនមែន​នុយក្លេអ៊ែរ​ដែលមាន​ប្រព័ន្ធ​បញ្ជា​នាំ​ផ្លូវ​បាញ់​យ៉ាង​ច្បាស់លាស់​។ ដោយ​មិន​បង្ហាញថា​តើ​ប្រទេស​ចិន​មាន​បច្ចេកវិជ្ជា​ដើម្បី​បង្កើត​យន្តហោះ​ទម្លាក់​គ្រាប់បែក​របៀបនេះ​ដែរ​ឬ​អត់​នោះ លោក​ប្រោ​ន​បាន​និយាយថា លោក​មិន​គិតថា “​ចិន​កំពុង​នៅ​ឆ្ងាយ​ពី​បច្ចេកវិជ្ជា​របៀបនេះ​ទេ ចឹ​ង​ពួកគេ​ក៏​អាចធ្វើ​វា​បានដែរ​”៕ ដោយ៖ កញ្ញាដាលីស/Ha

យន្តហោះ​ចម្បាំង​បំបាំងកាយ J-20