មេបញ្ជាការ​អ៊ីរ៉ង់​និយាយថា បណ្តា​មូលដ្ឋាន​អាម៉េរិក​ក្នុង​តំបន់​ស្ថិត​ក្នុង​រង្វង់​វាយប្រហារ​ដោយ​កាំជ្រួច​របស់ខ្លួន​

951
ចែករម្លែក

​មេបញ្ជាការ​ម្នាក់​នៅក្នុង​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២១​មិថុនា​ថា បណ្តា​មូលដ្ឋានទ័ព​អាម៉េរិក​នៅក្នុង​តំបន់ និង​នាវា​ដឹក​យន្តហោះ​របស់​វា​នៅក្នុង​ឈូង​​សមុទ្រ សុទ្ធតែ​ស្ថិត​ក្នុង​រង្វង់​វាយប្រហារ​ដោយ​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ​ត្រូវៗ​របស់​អ៊ីរ៉ង់​។​

​ប្រធាន​ផ្នែក​ដែនអាកាស​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ លោក​អា​មី​រ៉ា​លី ហា​ជី​ហ្សា​ដេ បាន​និយាយ​តាម​ទូរទស្សន៍​ថា​«​កងកម្លាំង​អាម៉េរិក​នៅក្នុង​តំបន់​ជាការ​គំរាម​មួយ តែ​ពួកគេ​​ឥឡូវ​ជា​ឱកាស​សម្រាប់​អ៊ីរ៉ង់​…​ពួកគេ​មិន​និយាយ​អំពី​ការ​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​..​ដោយសារតែ​ពួកគេ​ដឹង​ថា​ពួកគេ​នឹង​រងគ្រោះ​យ៉ាង​ណា​»​។​

​ទោះជា​អ៊ីរ៉ង់​អួតអាង​អំពី​កម្លាំង​របស់ខ្លួន ក៏​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ បាន​និយាយថា ​លោក​មិន​ស្វះស្វែង​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ទេ តែ​បាន​ព្រមាន​ថា បើ​ជម្លោះ​​មួយ​ផ្ទុះឡើង វា​នឹង​នាំ​ដល់​«​ការបោសម្អាត​ទាំងស្រុង​»​។​

​ប្រធានាធិបតី​ត្រាំ បាន​និយាយថា វា​មិន​សម​មាត្រ​ទេ​ដែល​ការវាយប្រហារ​មួយ​សម្លាប់​មនុស្ស​១៥០​នាក់ ដើម្បី​ជា​ការឆ្លើយតប​នឹង​ការបាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើ​កមួយ​។

​កាលពី​ថ្ងៃ​សុក្រ​ លោក​ត្រាំ​ក៏បាន​និយាយថា អាម៉េរិក​បាន​ច្រក​គ្រាប់​ ចាក់​សាំង​ពេញ​អស់ហើយ​សម្រាប់ការ​វាយប្រហារ​លើ​អ៊ីរ៉ង់ តែ​លោក​បាន​ដក​បញ្ជា​មកវិញ​នៅ​១០​នាទី​មុន​ចេញ​​ទៅ​វាយប្រហារ ដោយសារតែ​«​វា​ជា​ការឆ្លើយតប​មិន​សមា​មាត្រ​» ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាម៉េរិក​មួយ​ពី​សំណាក់​កងកម្លាំង​អ៊ីរ៉ង់​។​

​ក្រោម​សម្ពាធ​ឲ្យ​ឆ្លើយ​តប​ចំពោះ​ឧបទ្ទវហេតុ​នៅ​ជិត​ច្រក​សមុទ្រហ័​រ​មូសនេះ លោក​ត្រាំ​បាន​និយាយថា អាម៉េរិក​បាន​ត្រៀម​វាយប្រហារ​ទីតាំង​៣​ផ្សេង​គ្នា​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​​ តែ​បាន​លុបចោល​វិញ​នៅ​១០​នាទី​មុន​ការចាប់ផ្តើម​វាយប្រហារ​។​

​លោក​ត្រាំ​បាន​សរសេរ​បង្ហោះ​ថា «​ខ្ញុំ​បាន​សួរថា​តើ​ការវាយប្រហារ​នេះ​នឹង​នាំឲ្យ​ងាប់​ប៉ុន្មាន ចម្លើយ​ពី​ឧត្តមសេនីយ៍ម្នា​ក់ថា ១៥០​នាក់​។​ខ្ញុំ​សន្និដ្ឋាន​ភ្លាម​ថា វា​មិន​សមាមាត្រ​ទេ​ចំ​​ពោះ​ការធ្លាក់​យន្តហោះ​ដ្រូ​ន​មួយ​»​។​

​លោក​ត្រាំ​និង​រជ្ជទាយាទ​អា​រ៉ាប៊ីសាអូឌីត កាលពី​ថ្ងៃ​សុក្រ​ក៏​បាន​ពិភាក្សា​អំពី​ការ​គំរាម​បង្កឡើង​ដោយ​អ៊ីរ៉ង់ និង​អាម៉េរិក​បានស្នើ​បើក​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​​សហប្រជាជាតិ​ស្តីពី​បញ្ហា​អ៊ីរ៉ង់​នៅ​ថ្ងៃ​ចន្ទ​ទី​២៤​មិថុនា​។​ក្នុងពេល​ជាមួយគ្នា អ៊ីរ៉ង់​បាន​និយាយថា​ ខ្លួន​បានប្រគល់​ភស្តុតាង​មិន​អាច​ប្រកែក​បាន​អំពី​យន្តហោះ​ដ្រូ​ន​បាន​រំលោភ​ដែន​​អាកាស​របស់ខ្លួនទៅឲ្យឯកអគ្គរដ្ឋទូត​ស្វីស ដែល​តំណាងឲ្យ​ផលប្រយោជន៍​អាម៉េរិក​នៅ​អ៊ីរ៉ង់​។​

​ទូរទស្សន៍​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សុក្រ​បានបង្ហាញ​អ្វីដែល​ខ្លួន​អះអាងថា​ជា​បំណែក​យន្តហោះ​ដ្រូ​ន​មក​ពី​យន្តហោះ​ដែល​ត្រូវបាន​បាញ់​ទម្លាក់​នៅក្នុង​ដែនទឹក​របស់ខ្លួន​។​តែ​ក្រសួង​ការពារ​​ជាតិ​អាម៉េរិក​និយាយ​ថា​ យន្តហោះ​Global Hawk​ដែល​ថ្លៃ​១២០​លាន​ដុល្លារ​ក្នុង​មួយគ្រឿង បាន​ស្ថិតនៅ​ចម្ងាយ​៣៤​គីឡូម៉ែត្រ​ពី​អ៊ីរ៉ង់​នៅពេល​វា​ត្រូវកម្ទេច​ដោយ​កាំជ្រួច​ពី​ដី​ទៅ​​អាកាស​៕​ដោយ​៖​វាសនា​/Ha

ទូរទស្សន៍​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សុក្រ​បានបង្ហាញ​អ្វីដែល​ខ្លួន​អះអាងថា​ជា​បំណែក​យន្តហោះ​ដ្រូ​ន​មក​ពី​យន្តហោះ​ដែល​ត្រូវបាន​បាញ់​ទម្លាក់​នៅក្នុង​ដែនទឹក​របស់ខ្លួន​