អាមេរិក​នឹង​បញ្ជូន​យន្តហោះ​បំបាំងកាយ F-22 ច្រើន​គ្រឿង​ទៅ​កូរ៉េខាងត្បូង ដើម្បី​បញ្ចេញ​សាច់ដុំ​យោធា​ដាក់​កូរ៉េខាងជើង​

176

​តាម​សេចក្តីរាយការណ៍​នានា​បានឱ្យដឹង​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​វិច្ឆិកា​ថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​យន្តហោះ​ចម្បាំង​បំបាំងកាយ F-22 Raptor ច្រើន​គ្រឿង​ទៅ​កូរ៉េខាងត្បូង​ដើម្បី​ចូលរួម​សមយុទ្ធ​រួមគ្នា​នៅក្នុង​ការបង្ហាញ​កម្លាំង​យោធា​ថ្មី​មួយ​សំដៅលើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា យន្ដហោះ​ចម្បាំង ៦ គ្រឿង ដែលមាន​មូលដ្ឋាន​នៅ​កោះ​អូ​គី​ណា​វ៉ា ប្រទេស​ជប៉ុន​នឹងត្រូវ​បញ្ជូនទៅ​កូរ៉េខាងត្បូង​សម្រាប់​សមយុទ្ធ​យោធា​រួមគ្នា ៥ ថ្ងៃ​គឺ​ហៅថា​សមយុទ្ធ “Vigilant Ace” ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ៤ ខែធ្នូ​។​

​អ្នកនាំពាក្យ​កងទ័ពអាកាស​កូរ៉េខាងត្បូង​បាន​និយាយថា យន្តហោះ F-22 “​ក្នុង​ចំនួន​មិន​ប្រាកដ​” នឹងចូលរួម​ក្នុង​សមយុទ្ធ​នេះ​។​

​អ្នកនាំពាក្យ​កងទ័ពអាកាស​អាមេរិក​បាន​បដិសេធ ផ្តល់ព័ត៌មាន​លម្អិត​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា​យន្តហោះ​អាមេរិក​នឹងចូលរួម​សមយុទ្ធ​វាយប្រហារ​ជាក់លាក់​ជាមួយ​យន្តហោះ​ប្រយុទ្ធ​របស់​កងទ័ពអាកាស​កូរ៉េខាងត្បូង​។​

​ចំណាត់ការ​នេះ​ធ្វើឡើង​នៅពេលដែល​អាមេរិក​ជំរុញ​ទៅមុខ​នូវ​អ្វីដែល​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ហៅថា ជា “​យុទ្ធនា​ការដាក់​សម្ពាធ​អតិបរមា​” ប្រឆាំងនឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​កាលពី​ដើមខែ​នេះ យន្តហោះ​ទម្លាក់​គ្រាប់បែក​ល្បឿន​លឿន​ជាង​សំឡេង​ធុន B-1B US ពីរ​គ្រឿង​បាន​ហោះ​ឆ្លងកាត់​ឧបទ្វីប​កូរ៉េ ដែលជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​រួមគ្នា​ជាមួយ​យន្តហោះ​ចម្បាំង​ជប៉ុន​និង​កូរ៉េខាងត្បូង​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​បំបាំងកាយ F-22