មេ​កិច្ចការ​ព្រំដែន​៖ សមត្ថកិច្ច​ត្រូវ​មើលថែ​បង្គោល ខណ្ឌសីមា ឱ្យបាន​គង់វង្ស​

209

(​កំពត​)៖ បន្ថែម​ពីលើ​កាតព្វកិច្ច​ការពារ​ទឹកដី សមត្ថកិច្ច​ព្រំដែន ត្រូវ​ឃ្លាំមើល និង​ថែរក្សា​បង្គោល​ខណ្ឌ​សី ឱ្យនៅ​គង់វង្ស​ដើម្បី​ជា​​ប្រយោជន៍​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​យូរអង្វែង​។ នេះ​ជាការ​ក្រើនរំលឹក​របស់​ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​។​

​ក្រោយពី​ការចុះពិនិត្យ សកម្មភាព​បោះបង្គោល បំពេញបន្ថែម ខ្សែបន្ទាត់​ព្រំដែន កម្ពុជា វៀតណាម នា​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ដែល​អមដំណើរ​ដោយ លោក​ចាន់ ចេស្តា អភិបាល​ខេត្តកំពត នៅ​ល្ងាច​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង​ប្រធាន​​គណៈកម្មការ កិច្ចការ​ព្រំដែន បាន​មានប្រសាសន៍​ទៅកាន់​កម្លាំង​ការពារ​ព្រំដែន​គោក ឈរជើង​ក្នុង​ខេត្តកំពត​ថា ជាមួយ​កាតព្វកិច្ច ការពារ​បូរណភាព​ទឹកដី កម្លាំង​យោ​ធោ និង​សមត្ថកិច្ច​នគរបាល ការពារ​ព្រំដែន ត្រូវ​ឃ្លាំមើល​ជាប្រចាំ នូវ​បង្គោល​ខណ្ឌសីមា​ដែល​បាន​​បោះ​រួចរាល់​។

​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា ការទទួលបាន​លទ្ធផល​វិជ្ជមាន ក្នុង​កិច្ចការ​ដ៏​សំខាន់​នេះ អាស្រ័យ​លើក​ត្តា​ចម្បងៗ មួយចំនួន ដូចជា​បញ្ហា​សន្តិភាព ការស្រុះស្រួល​គ្នា រវាង​ប្រទេស​ដែលជា​សម​ភាគី​ទាំងពីរ ក្នុង​ស្មារតី​ភា​តរៈ​ដោយ​រក្សាបាន​នូវ​ស្ថេ​រ​​ភាព​នយោបាយ ផ្នែក​ការទូត​ជាដើម​។ ដូច្នេះ កម្លាំង​សមត្ថកិច្ច​ទាំងអស់ ក៏ដូចជា អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​ថែរក្សា​បង្គោល ខណ្ឌសីមា​ទាំងនោះ ឱ្យនៅ​គង់វង្ស ដើម្បី​ជា​ប្រយោជន៍ សម្រាប់​កូនចៅ​ច្រើន​ជំនាន់ បន្ត​ទៅមុខ​។​

​សូមបញ្ជាក់ថា ភូមិសាស្ត្រ​នៃ​ខេត្តកំពត ជាប់​ព្រំប្រទល់​ជាមួយ ទឹកដី​ប្រទេស​វៀតណាម មាន​ប្រវែង​៤២,៣ គីឡូម៉ែត្រ​។ រយៈ​ប្រវែង​នេះ ត្រូវ​បោះបង្គោល​ព្រំដែន គោល​ធំៗ​១៩ កន្លែង ក្នុងនោះ​បានធ្វើ​ហើយ​រួចរាល់ ចំនួន​១៨​បង្គោល ក្រោម​ការចំណាយ ពី​ភាគី​វៀតណាម​។ ដោយឡែក បង្គោល​បំពេញ​បន្ថែមចំនួន​៧០ បានធ្វើ​រួចរាល់ ៦០ បង្គោល​ហើយ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា ប្រគល់ជូន​កងវិស្វកម្ម ដែលមាន​ជំនាញ​ច្បាស់លាស់ ជា​អ្នក​សាងសង់​។ ជាមួយគ្នានេះដែរ ក៏​នៅមាន​បង្គោល​តម្រុយ ចំនួន​បួន​បន្ថែមទៀត ដែល​បានធ្វើ​ហើយ រួចរាល់​ជា​ស្ថាពរ​៕​ដោយ បូកគោ​/sn​