មេ​គ្រួសារ​គ្រប់រូប​ចាំបាច់​ត្រូវ​ក្រើនរំលឹក​កូនចៅ​ឱ្យ​អភិវឌ្ឍ​ខ្លួន​ដើម្បី​រួមចំណែក​កសាង​សង្គមជាតិ​

573
ចែករម្លែក

ដោយ​បូកគោ​/​កំពត​:​មេ​គ្រួសារ​គ្រប់រូប​ត្រូវ​អប់រំ​ប្រៀនប្រដៅ​និង​ក្រើន​រលឹក​កូនចៅ​ឱ្យ​ចាប់យក​ចំណេះ​ជំនាញ​ព្រមទាំង​អភិវឌ្ឍ​ខ្លួន​ដើម្បី​រួមចំណែក​កសាង​សង្គមជាតិ​។​នេះ​ជាការ​ជំរុញ​របស់​អភិបាល​ខេត្តកំពត​ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​។​

​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥​ទិវា​អន្តរជាតិ​ស្តីពី​គ្រួសារ​១៥​ឧសភា​ប្រព្រឹត្តឡើង​នា​សាលប្រជុំ​សាលាស្រុក​ទឹកឈូ​លោក​ជាវ​តា​យ​អភិបាល​ខេត្តកំពត​បាន​មានប្រសាសន៍ថា​គ្រួសារ​ជា​កន្លែង​ដែល​មាតាបិតា​អាណាព្យាបាល​ខិតខំ​ចិញ្ចឹម​បីបាច់​កូនចៅ​ឱ្យ​ធំធាត់​និង​អប់រំ​ឱ្យ​ក្លាយជា​ពលរដ្ឋ​ល្អ​ដោយ​ការបណ្តុះ​ស្មារតី​រក្សា​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណីជាតិ​ជាដើម​។

​លោក​សង្ឃឹម​ជឿជាក់ថា​នា​ថ្ងៃ​ខាងមុខ​មេ​គ្រួសារ​ទាំងអស់​នឹង​បន្ត​អនុវត្ត​នូវ​ទម្លាប់​ដ៏​ល្អ​ផូរផង់​ដែល​ធ្លាប់មាន​កន្លងមក​ដើម្បី​បង្កើត​សមិទ្ធផល​ជា​ធនធានមនុស្ស​បន្ថែម​ទៀត​សម្រាប់​ប្រយោជន៍​ដល់​សង្គម​តាមរយៈ​បង្កើន​ការ​ប្រៀនប្រដៅ​និង​ក្រើន​រលឹក​កូនចៅ​ឱ្យ​ចាប់យក​ចំណេះ​ជំនាញ​ព្រមទាំង​អភិវឌ្ឍ​ខ្លួន​ពោរពេញ​ដោយ​សមត្ថភាព​ដើម្បី​រួមចំណែក​កសាង​ប្រទេសជាតិ​។
​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្តទៀតថា​លើសពីនេះ​ការអប់រំ​ដល់​សមាជិក​ឱ្យ​រក្សា​សាមគ្គី​ភាពជា​កត្តាចាំបាច់ ព្រោះ​បើ​មានការ​បែកបាក់​ប្រេះឆា​នោះ​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​នឹង​ជួប​ក្តី​លំបាក ហើយ​ជះឥទ្ធិពល​អាក្រក់​ចំពោះ​សង្គម ព្រមទាំង​បង្ក​ភាព​រាំងស្ទះ​សម្រាប់​កិច្ច​អភិវឌ្ឍ​ផងដែរ​។

ពិតណាស់ ចង់បាន​សង្គម​មួយ​ល្អ និង​ប្រទេសជាតិ​មានការ​រីកចម្រើន ចាំបាច់​ត្រូវ​លើកកម្ពស់ ថែទាំ អប់រំ បណ្តុះបណ្តាល​សមាជិកគ្រួសា​រ​ឱ្យ​ចេះ​សាមគ្គី មាន​សីលធម៌​ល្អ ពោរពេញ​ដោយ​ចំណេះដឹង និង​សមត្ថភាព​ដើម្បី​កសាង​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ជា​ផ្នែក​ងាយស្រួល​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​អាច​កើតឡើង​ជាយថាហេតុ​៕S/​