មេ​ចុងភៅ​ម្នាក់​នៅ​តូ​ក្យូ​ធ្វើ​នំ​បឺ​ហ្គ័​រ​យក្ស​តម្លៃ ៩០០ ដុល្លារ​ដើម្បី​អបអរ​ការឡើង​សោយរាជ្យ​របស់​ព្រះ​ចៅ​អធិរាជ​ថ្មី​

264
ចែករម្លែក

​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង​តូ​ក្យូ​នឹង​ផ្តល់​កិត្តិយស​ដល់​ការឡើង​សោយរាជ្យ​របស់​ព្រះ​ចៅ​អធិរាជ​ថ្មី​នៅ​ខែក្រោយ​ជាមួយនឹង​នំ​បឺ​ហ្គ័​រ​សាច់គោ​ទំហំ​ប៉ុន​បាល់ទាត់​មួយ ដែលមាន​តម្លៃ ៩០០ ដុល្លារ​។​

​នំ​បឺ​ហ្គ័​រ​ទម្ងន់ ៣ គីឡូក្រាម ដែល​រៀបចំ​ដោយ​មេ​ចុងភៅ​នៅ​ហាង Oak Door នៅ​សង្កាត់​រ៉ូ​ប​ប៉ុង​ជីរ​បស់​ក្រុង​តូ​ក្យូ បានចាប់ផ្តើម​ដាក់លក់​កាលពី​ថ្ងៃ​ចន្ទ​ទី​១​មេសា​។​

​នំ​នេះ​មាន​អង្កត់ផ្ចិត ២៥ សង់ទីម៉ែត្រ និង រោយ​ពីលើ​ដោយ​បឺ​រ​សណ្តែកដី បន្ទះ​សាច់គោ និង​សណ្តែក​ខ្មៅស្រស់ៗ​របស់​ជប៉ុន​។​

​មេ​ចុងភៅ​លោក​ផា​ទ្រី​ក ស៊ី​ម៉ា​ដា បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP នៅឯ​ពិធី​បង្ហាញ​នំ​ជា​លក្ខណៈ​ឯកជន​ថា “​យើង​ចង់​ធ្វើ​អ្វីមួយ​ដើម្បី​អបអរសាទរ​អធិរាជ​ថ្មី​និង​យុគ​សម័យថ្មី​សម្រាប់​ជប៉ុន​”​។​

​លោក​ស៊ី​ម៉ា​ដា ដែលជា​កូនចៅ​ជំនាន់​ទី​បួន​នៃ​ជនជាតិ​អាមេរិក​ដើមកំណើត​ជប៉ុន ដែលជា​អ្នក​ច្នៃប្រឌិត​អាហារ​នេះ​បាន​បន្ថែមថា “​វា​ក៏​ធ្វើឱ្យ​ខ្ញុំ​កាន់​តែមាន​ទំនាក់ទំនង​ជាមួយ​ឫសគល់​ដើម​របស់ខ្ញុំ​ផងដែរ​។ ការធ្វើ​បែបនេះ​តាមរយៈ​បឺ​ហ្គ័​រ​បែប​អាមេរិកាំង​ដែល​ប្រើ​គ្រឿងផ្សំ​របស់​ជប៉ុន គឺ​ប្រៀប​បី​ដូចជា​រូបខ្ញុំ​នៅក្នុង​នំ​នេះ​អ៊ីចឹង​ដែរ​”៕ ដោយ៖ កញ្ញាដាលីស