មេ​តុងទីន​ឆបោក​លុយ​ជាង​៧០០​លាន​រៀល​, កូន​តុងទីន​ជាង​១០០​នាក់​លើកគ្នា​មក​មុខ​តុលាការ​ឱ្យជួយ​រក​យុត្តិធម៌

506
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នៅមុខ​សាលាដំបូង​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៩ មាន​អ្នកលេង​តុងទីន​ប្រុស​ស្រី​ជាង ១០០​នាក់ ដែល​ត្រូវ​មេ​តុងទីន​បោក​លុយ​ក្នុង​ម្នាក់ៗ អស់​រាប់លាន​រៀល ដើម្បី​ប្ដឹង​សុំ​ឲ្យ​តុលា​ការជួយ​អន្តរាគមន៍​យកប្រាក់​របស់​ពួកគេ​មកវិញ សរុប​ជាង ៧០០​លាន​រៀល ក្រោយពី​កម្លាំង​អាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​មេ​តុងទីន​នោះ បាន ២​ថ្ងៃ​រួចមក​។​

​អ្នកលេង​តុងទីន ដែល​លើកគ្នា​មក​មុខ​សាលាដំបូង​ខេត្ត បាន​និយាយថា ពួកគេ​មកពី​ភូមិ​ផ្សេងៗ គ្នា​តែ​នៅក្នុង​ឃុំ​ស្នឹង​ស្រុក​បាណន់ ហើយ​ប្រាប់ថា មេ​តុងទីន​មានឈ្មោះ រស់ បូ​រិ​ន ហៅ គ្រូ​នី អាយុ ៤៩​ឆ្នាំ មុខរបរ​គ្រូបង្រៀន និង​រស់នៅ​ភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណន់ និង​ប្រពន្ធ ឈ្មោះ ណែម ផល អាយុ ៤៨​ឆ្នាំ បាន​កើប​ប្រាក់​តុងទីន​ជាង ៧០០​លាន​រៀល រត់​តែ​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់បាន​ប្ដី (​រស់​បូ​រិ​ន​)​។​
​ពួកគាត់​បាន​បន្តថា ដោយសារតែ​កូន​តុងទីន ដឹង​តម្រុយ​មុន​ពី​រឿង​មេ​តុងទីន​នេះ រៀបចំ​ផែនការ​រំដោះ​ប្រពន្ធ​កូន​ចេញពីផ្ទះ ជាមួយនឹង​បង្វិច​ប្រាក់​រាប់រយ​លាន​រៀល​ផង ទើប​ពួកគេ​នាំគ្នា​ដាក់ពាក្យ​បណ្ដឹង ទៅ​អាវុធហត្ថ​ស្រុក​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាមៗ ហើយ​ឃាត់ខ្លួន​បានតែ​ប្តី​ឈ្មោះ រស់ បូ​រិ​ន ធ្វើ​គ្រូបង្រៀន​។ ចំណែក​ប្រពន្ធ​កូន​រត់​អស់​។​

​កូន​មេ​តុងទីន​មួយចំនួន​បាន​និយាយថា ក្នុង​ម្នាក់ៗ អស់ប្រាក់​យ៉ាងតិច​ក៏​៥​លាន​រៀល​ដែរ និង​ខ្លះទៀត​អស់ពី​៥​ទៅ​៦០​លាន​រៀល​។​

​ស្ត្រី​ឈ្មោះ អែម ហន អាយុ ៥៧​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ស្រែ ឃុំ​ស្នឹង ស្រុក​បាណន់ បាន​និយាយថា គាត់​បាន​លេង​តុងទីន​ជាមួយ ឈ្មោះ រស់ បូ​រិ​ន ហៅ គ្រូ​នី និង​ប្រពន្ធ​ចំនួន ១០​ក្បាល ដែលមាន​ទឹកប្រាក់​ចំនួន ២៥ លាន​រៀល​។ អ្នកស្រី​បានបញ្ជាក់​ថា គាត់​បាន​ព្យាយាម​សុំ​ដេញ​យក​ទាំង ១០​ក្បាល​នោះ ជាច្រើនលើក​ច្រើនសា​ដែរ តែ​មេ​តុងទីន​នេះ មិន​យល់ព្រម ដោយ​លើក​ហេតុផល​គ្រប់បែបយ៉ាង ដែលជា​ចេតនា​រារាំង​មិន​ឲ្យ​គាត់​មានឱកាស​ដេញ​ឡើយ​។​

​ដោយឡែក​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ ស វណ្ណា អាយុ ៤០​ឆ្នាំ ប្រាប់ថា គាត់​បាន​ចាញ់កល​ល្បិច​មេ​តុងទីន​អស់ប្រាក់​ជាង​កន្លះ​លាន​រៀល​ដែរ ដោយសារតែ​លេង​តុងទីន ជាមួយ​គ្រួសារ​គ្រូ​នី​នេះ ច្រើន​ឆ្នាំ​ហើយ​មាន​ចំនួន ៣២​ក្បាល និង​មាន​ទឹកប្រាក់ សរុប ចំនួន ៦០​លាន​រៀល​។ គាត់​បាន​ព្យាយាម​សុំ​មេ​តុងទីន​នេះ ដេញ​យកប្រាក់​ទៅរក​ស៊ី​តែ​មេ​តុងទីន​២​នាក់​ប្ដី​ប្រពន្ធ​នេះ បាន​ប្រើល្បិច​ម្តង​ថ្ងៃនេះ​ម្តង​ថ្ងៃនោះ​រហូត​។ កូន​តុងទីន ដែល​ចាញ់បោក​មេ​តុងទីន​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​នេះ សរុប​ទាំងអស់​ជាង​១០០​នាក់ សរុប​ទឹកប្រាក់​ជាង​៧០០​លាន​រៀល​។​

​ពួកគេ​បាន​បញ្ជាក់ថា គោលបំណង​ដែល​នាំគ្នា​មក​មុខ​សាលាដំបូង​ខេត្ត គឺ​ទាមទា​ឲ្យ​មេ​តុងទីន ឈ្មោះ រស់ បូ​រិ​ន ហៅ គ្រូ​នី សងលុយ​ឱ្យ​ពួកគេ​វិញ ព្រោះ​ម្នាក់ៗ​អស់ប្រាក់​ច្រើនណាស់​។ អ្នកខ្លះ​អស់ទាំង​ប្លង់​ដីធ្លី​ទៀតផង ដោយសារ​តុងទីន​។

​ពាក្យសំដី​ខាងលើនេះ គ្រាន់តែ​ជាការ​លើកឡើង​របស់​ក្រុមអ្នកលេង​តុងទីន ដែល​បាន​ចោទប្រកាន់​ទៅលើ​មេ​របស់ខ្លួន ក្រោយពី​មេ​តុងទីន​រូបនោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​។ ដោយឡែក មេ​តុងទីន ឈ្មោះ រស់ បូ​រិ​ន ឬ​សាច់ញាតិ​ជននេះ អ្នកសារព័ត៌មាន​យើង មិនទាន់​បានដឹង​ពី​ចម្លើយ​ទេ​។

​បើតាម​ព័ត៌មាន​ចុងក្រោយ មេ​តុងទីន​រូបនេះ​ត្រូវបាន​តុលាការ​ដោះ​លេង​វិញ​ហើយ នៅ​រសៀល​ថ្ងៃទី​៥​ខែធ្នូ ដោយ​មិន​ឲ្យ​អ្នក​តវ៉ា​នៅខាងមុខ​តុលាការ​ដឹង​ឡើយ ហើយក៏​មិនមាន​ការសម្របសម្រួល​រវាង​ភាគី​ទាំង​២​ដែរ​ឲ​។

​ក្រុមអ្នកតវ៉ា​បាន​សំណូមពរ​សុំ​ឲ្យ​លោក​អភិបាលខេត្ត និង​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​ផង​៕ ល​