មេ​ធនាគារជាតិ​នៃ​កម្ពុជា​ថា ជិត​ពីរ​ទសវត្សរ៍ កម្ពុជា​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​បានល្អ​ប្រសើ​រ​

322

(ភ្នំពេញ​)៖ធនាគារជាតិ​នៃ​កម្ពុជា បាន​រក្សា​យ៉ាង​ល្អនូវ​ស្ថិរភាព​អត្រា​ប្តូរប្រាក់ ក្នុង​រយៈពេល​១៨​ឆ្នាំ​ចុង​ក្រោយនេះបន្ទាប់ពីធនាគារកណ្តាលនេះបានដាក់​ចេញ​នូវ​កម្មវិធី កំណែទម្រង់ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ តាំងពី​ឆ្នាំ​១៩៩៩-២០០០​។ នេះ​ជាការ​លើកឡើង​របស់ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ​នៃ​កម្ពុជា ថ្លែង​ក្នុង​ពិធី​អបអរសាទរលើក​ទី​៣៨​​នៃប្រតិបត្តិ​ការ​នៃ​ធន​គារ​កណ្តាល កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​៨ តុលា ២០១៧ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា និង​មានការ​ចូលរួម​ពី​សំណាក់​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។​

​​លោក ទេសាភិបាល បាន​មានប្រសាសន៍ថា អត្រា​ប្តូរប្រាក់​បាន​រក្សា​នូវ​ស្ថិរភាព ក្នុង​អត្រា​ជា​មធ្យម​៤.០៣៥​រៀល​ក្នុង​១​ដុល្លារ ចំណែក​ការប្រែប្រួល​អត្រា​ការប្រាក់​គឺ​ក្នុង​កម្រិត​ទាប​ជាង​២​ភាគរយ​។ ស្ថិរភាព​អត្រា​ប្ដូរប្រាក់​បាន​រក្សា​អំណាច​ទិញ របស់​ប្រាក់រៀល និង​បាន​រួមចំណែក​ដោយផ្ទាល់​ក្នុង​ការរក្សា​ស្ថិរភាព​ថ្លៃ ជាក់ស្ដែង​អត្រា​អតិផរណា ក្នុងអំឡុងពេល​ដូចគ្នានេះ មាន​កម្រិត​ប្រមាណ​ត្រឹមតែ​៣,២​ភាគរយ​ប៉ុណ្ណោះ​។ លើសពីនេះ ស្ថិរភាព​ប្រាក់រៀល ក៏បាន​រួមចំណែក​ពង្រឹង​ជំនឿ​ទុកចិត្ត របស់​សាធារណជន​មកលើ​ប្រាក់រៀល បន្ធូរ​បន្ថយ​អត្រា​ការប្រាក់​ឥណទាន​ជា​រៀល និង​អភិវឌ្ឍសកម្មភាព​សេដ្ឋកិច្ច​នានាជា​ប្រាក់រៀល​។​

​​លោក​បាន​បន្ថែមថា បន្ទាប់ពី​ធ្វើកំណែទម្រង់​បានធ្វើឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ទាំងអស់ ស្នើសុំ​អាជ្ញាប័ណ្ណ​ឡើងវិញ ជាមួយនឹង​ការ​បំព​ញ​ដើមទុន អប្បបរមា​ខ្ពស់ជាង​មុន​គឺមាន​ចំនួន៥០ ប៊ី​លាន​រៀល​(​ប្រមាណ​១២,៥​លាន​ដុល្លារ​) និង​តម្រូវឱ្យ​គ្រឹះស្ថាន​ទាំងនោះ​រៀបចំ​និង​ពង្រឹង​រចនាសម្ព័ន្ធ គ្រប់គ្រង​ផ្ទៃក្នុង ដើម្បី​កាត់បន្ថយ នូវ​ហានិភ័យ​ផ្សេងៗ​។​

​​លោក ទេសាភិបាល​បន្តថា វិស័យ​ធនាគារ​បាន​វិ​វត្ត​យ៉ាង​ឆាប់រហ័ស​ចាប់ពី​ឆ្នាំ​២០០០ មក​ឆ្លុះបញ្ចាំង​តាម​​រយៈ​ការកើនឡើង​នៃ​ទំហំ ប្រតិបត្តិការនិង​វិសាលភាព ទន្ទឹមនឹង​ការបង្កើន​ដើមទុន អប្បបរមា​រប​ស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុបន្តបន្ទាប់ ស្របតាមការរីកចម្រើន​របស់​វិស័យ​ធនាគារ​។​តួយ៉ាង​នៅ​ឆ្នាំ​២០០៨ ដើមទុន អប្បបរមា​របស់​គ្រឹះស្ថាន​ធនាគារ​ត្រូវបាន​ដំឡើង​ដល់​១៥០ ប៊ី​លាន​រៀល (​ប្រមាណ​៣៧,៥ លាន​ដុល្លារ​) បន្ទាប់មក​បាន​ដំឡើង​ថែមទៀត ដល់ ៣០០ ប៊ី​លាន​រៀល​(៧៥ លាន​ដុល្លារ​) នៅ​ឆ្នាំ​២០១៦​។ ការបង្កើន​ដើមទុន ទាំងនេះ​បានធ្វើឱ្យ​មូលដ្ឋាន ដើមទុន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ កើនឡើង និង​ពង្រឹង​ភាពរឹងមាំ​នៃ​ប្រព័ន្ធ ធនាគារ កម្ពុជា​បន្ថែមទៀត ៕ដោយ៖បញ្ញាសាស្រ្ត/sn