មេ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បារាំង​អាច​ខ្វាក់ភ្នែក​ដោយសារ​ការបង្ក្រាប​របស់​ប៉ូលិស​

774
ចែករម្លែក

​មេធាវី​របស់លោក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៧​មករា​ថា សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​បារាំង​ដ៏​សំខាន់​ម្នាក់ បាន​រងរបួស​ភ្នែក​ធ្ងន់ធ្ងរ​ក្នុងអំឡុង​ការតវ៉ា​ប្រឆាំង​នៃ​​ចលនា​អាវកាក់​ពណ៌​លឿង​កាលពី​ថ្ងៃ​សៅរ៍ ដោយសារ​ត្រូវ​គ្រាប់​ជ័រ​របស់​ប៉ូលិស​បារាំង​។​

​មេធាវី​របស់ ហ្សេ​រ៉ូម រ៉ូ​ឌ្រី​ហ្គេ​ស បារម្ភ​ខ្លាច​តែ​កូនក្តី​របស់ខ្លួន​ពិការភ្នែក​អស់​មួយជីវិត ក្រោយ​រងរបួស​ក្នុងការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃ​សៅរ៍ ក្នុង​​បាតុកម្ម​ដល់​ចុង​សប្តាហ៍​ទី​១១ ប្រឆាំងនឹង​គោលនយោបាយ​របស់​ប្រធានាធិបតី អេ​ម​ម៉ា​នុយ​អែល ម៉ា​ក្រុង​។​

​រ៉ូ​ឌ្រី​ហ្គេ​ស កម្មករសំណង់​វ័យ​៤០​ឆ្នាំ ជា​មេដឹកនាំ​ល្បី​ម្នាក់​ក្នុង​ចលនា​អាវកាក់​ពណ៌​លឿង ។​លោក​បាន​ផ្សាយ​បន្ត​ផ្ទាល់​ការតវ៉ា​ប្រឆាំង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៅពេល​ត្រូវ​​គ្រាប់កាំភ្លើង​ជ័រ​នៅ​វិមាន Bastille កណ្តាល​ក្រុងប៉ារីស​។​

ហ្សេ​រ៉ូម រ៉ូ​ឌ្រី​ហ្គេ​ស ពេលត្រូវរបួសនិងនៅក្នុង​សន្និសីទកាសែត​មួយ​នៅ​មន្ទីរពេទ្យ ក្នុង​ក្រុងប៉ារីស កាលពី​ថ្ងៃ​២៧​មករា​

ពួក​អ្នក​តវ៉ា​បាន​ជួបជុំ​នៅ​ទីលាន Place de la Republique​និង​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក ជាហេតុ​នាំអោយ​មានការ​ប៉ះទង្គិច​ជាមួយ​សកម្មជន​

​ក្នុង​ការតវ៉ា​កាលពី​ថ្ងៃ​សៅរ៍ មនុស្ស​ជាង​៥០​នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន ។​យោងតាម​ទូរទស្សន៍ BFM TV ប៉ូលិស​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​៥២​នាក់​។​

​មនុស្ស​ប្រមាណ​៦៩.០០០​នាក់​បាន​ចូលរួម​ការតវ៉ា​ទាមទារ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ទូទាំងប្រទេស រួមមាន​៤.០០០​នាក់​នៅ​ក្រុងប៉ារីស​។​

​ការតវ៉ា​ប្រឆាំង​នេះ​បានចាប់ផ្តើម​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​ឆ្នាំមុន ដោយ​ដំបូង​ប្រឆាំងនឹង​ផែនការ​ដំឡើង​ពន្ធ​ប្រេងម៉ាស៊ូត​របស់​រដ្ឋាភិបាល​បារាំង​តែ​ក្រោយពី​ជួប​ការប្រឆាំង​តវ៉ា​ទូទាំងប្រទេស រដ្ឋាភិបាល​បាន​លុបចោល​ផែនការ​ដំឡើង​ពន្ធ​ប្រេង​និង​ដាក់ចេញ​វិធានការ​មួយចំនួនទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​-​សង្គម តែ​ចលនា​អាវកាក់​ពណ៌​លឿង​នេះ​បាន​ពង្រីក​ការទាមទារ​និង​ប្រឆាំងនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ហើយនឹង​កំណើន​នៃ​ថ្លៃ​រស់នៅ​៕​ដោយ​៖​វាសនា​