មេ​បាតុកម្ម​ហុងកុង​ច្រានចោល​ផែនការ​វេទិកា​សន្ទនារ​បស់​នាយក​ប្រតិបត្តិ​ទីក្រុង​ហុងកុង​

235
ចែករម្លែក

ពួក​អ្នករៀបចំ​បាតុកម្ម​នៅ​ហុងកុង​បាន​ច្រានចោល​ផែនការ​របស់​មេដឹកនាំ​ទីក្រុង​ហុងកុង​ដើម្បី​បង្កើត​វេទិកា​សម្រាប់​ការសន្ទនា​មួយ ដោយ​ហៅ​វា​ថា​ជា​អន្ទាក់​ដែល​មានបំណង​ធ្វើឱ្យ​ខ្ជះខ្ជាយ​ពេលវេលា​។​

​សមាជិក​នៃ​រណសិរ្ស​សិទ្ធិមនុស្ស​ស៊ីវិល​បាន​ឆ្លើយតប​បែបនេះ​ទៅកាន់​ការប្រកាស​របស់​នាយក​ប្រតិបត្តិ​ទីក្រុង​ហុងកុង លោកស្រី ខា​រី ឡាំ ថា លោកស្រី​កំពុង​រៀបចំ “​វេទិកា​ទំនាក់ទំនង​” មួយ​ដើម្បី​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​និង​បញ្ចប់​ការតវ៉ា​។​

​អនុប្រធាន​នៃ​ក្រុមអ្នកតវ៉ា លោក​វង់ យី​ក​ម៉ូ បាន​និយាយថា លោកស្រី​ឡាំ “​មិនបាន​ឆ្លើយតប​ទាល់តែសោះ​” ចំពោះ​ការទាមទារ​របស់​ចលនា​បាតុកម្ម រួមមាន​ទាំង​ការអំពាវនាវ​ឱ្យមាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ការលាលែង​ពី​តំណែង​របស់​លោកស្រី និង ការស៊ើបអង្កេត​ឯករាជ្យ​ទាក់ទង​នឹង​អំពើ​ឃោរឃៅ​របស់​ប៉ូលិស​។​

​គាត់​បាន​និយាយថា “​យើង​មិន​ទុកចិត្ត​ខា​រី​ឡាំ​ទេ យើង​មិន​ទុកចិត្ត​ការ​កុហក​របស់គាត់​ទេ​”​។​

​សមាជិក​ម្នាក់ទៀត​គឺ​លោក ជី​មមី សាំ បាន​លើកឡើងថា ប្រសិនបើ​លោកស្រី​ឡាំ​ចង់បាន​ការសន្ទនា លោកស្រី​គួរតែ​ដើរ​មករក​កន្លែង​ធ្វើបាតុកម្ម​។​

​រណសិរ្ស​សិទ្ធិមនុស្ស​ស៊ីវិល​បានរៀបចំ​ការប្រមូលផ្តុំ​ប្រឆាំង​រដ្ឋាភិបាល​ជាច្រើន​កន្លែង ដែល​បាន​ទាក់ទាញ​ហ្វូងមនុស្ស​យ៉ាងច្រើន​កុះករ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ខណៈដែល​ក្រុម​ជាច្រើន​ផ្សេងទៀត ដែល​បាន​ចូលរួម​ក្នុង​ចលនា​តវ៉ា​គ្មាន​មេដឹកនាំ បានរៀបចំ​ព្រឹត្តិការណ៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ផងដែរ​។​

​មុននេះ​លោកស្រី​ឡាំ​បាន​និយាយថា​ក្រុម​ឃ្លាំមើល​របស់​ប៉ូលិស​ក្នុង​ទីក្រុង​នឹងធ្វើ​ការសិក្សា​អំពី​ការពិត​នៃ​ការតវ៉ា​និង​ឧបទ្ទវ​ហេតុដែល​ពាក់ព័ន្ធ ខណៈដែល​ខ្លួន​ពិនិត្យមើល​ពាក្យបណ្តឹង​ចំនួន ១៧៤ ស្តីពី​ឥរិយាបថ​របស់​ប៉ូលិស​។​

​ចលនា​នេះ​បានធ្វើ​បាតុកម្ម​ដ៏​ធំ​ដោយ​សន្តិវិធី​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ការតវ៉ា​មុនៗ​ត្រូវបាន​កត់សម្គាល់​ដោយ​អំពើហិង្សា​៕ ដោយ៖ កញ្ញាដាលីស

នាយក​ប្រតិបត្តិ​ទីក្រុង​ហុងកុង លោកស្រី ខា​រី ឡាំ
#