មេ​ប៉ូលិសអន្តោប្រវេសន៍​បដិសេធ​រឿង​ប៉ូលិស​ផ្កាយ​ពីរ​ដើរ​បោកប្រាស់​ប្រជាពលរដ្ឋ​យកលុយ​ជា​ថ្នូរ​បាន​ចូល​ប៉ូលិស​

1511
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក អគ្គនាយកដ្ឋាន​អន្ត​ប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បានធ្វើការ​បដិសេធថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជុំ សុខ​ឌឿ​ន (​ប៉ូលិស​) ដែល​បាន​ដើរ​បោកប្រាស់​យកលុយ​ពី​ប្រជាពលរដ្ឋ​ជា​ថ្នូរ​បាន​ចូល​ក្របខណ្ឌ​នគរបាលជាតិ គឺ​មិនមាន​អ្វី​ពាក់ព័ន្ធ​ជាមួយនឹង​លោក​នោះទេ ហើយក៏​មិនមែនជា​ក្មួយ​របស់លោក​ដែរ ពីព្រោះ​លោក​មិនដែល​ស្គាល់ឈ្មោះ ជុំ សុខ​ឌឿ​ន នេះ​ទេ​។​

​ជាមួយគ្នានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បាន​សំណូមពរ​ស្នើ​ឲ្យ​អាជ្ញាធរ​មា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ទាំងអស់ ចាត់វិធានការ​ទៅលើ​ឈ្មោះ ជុំ សុខ​ឌឿ​ន ដែល​បាន​យកឈ្មោះ​លោក​ទៅប្រើ ក្នុងការ​បោកប្រាស់​ប្រជាពលរដ្ឋ និង​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់លោក​យ៉ាងធ្ងន់ធ្ងរ​។​

​ការបដិសេធ​នេះ គឺ​បន្ទាប់ពី​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ផ្សព្វផ្សាយ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជុំ សុខ​ឌឿ​ន បាន​ដើរ​បោកប្រាស់​ប្រជាពលរដ្ឋ​យកលុយ​រាប់ពាន់​ដុល្លារ ជា​ថ្នូរ​បាន​ចូល​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ ដោយបាន​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​ថា ខ្លួន​ត្រូវជា​ក្មួយ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល​។​

​ទាក់ទង​ករណីនេះ ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​បានដាក់​ពាក្យបណ្តឹង​ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជុំ សុខ​ឌឿ​ន ទៅ​នាយកដ្ឋាន​កណ្តាល​យុត្តិធម៌ ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ ជនរងគ្រោះ​ជាច្រើន​នាក់​បាន​ចាញ់បោក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជុំ សុខ​ឌឿ​ន បាន​ដើរ​បោកប្រាស់​ប្រជាពលរដ្ឋ និង​បាន​អះអាងថា ខ្លួន​ជា​ក្មួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល ដែល​អាច​រត់​ការអោយ​បាន​ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​។ ក្រោយពី​ប្រជាពលរដ្ឋ​រងគ្រោះ​បានដឹង​ពី​ការពិត គឺ​ពួកគាត់​បាន ដាក់ពាក្យ​ប្តឹងទៅ​ក្រសួងមហាផ្ទៃ​។ បច្ចុប្បន្ន​ឈ្មោះ ជុំ សុខឿន និង​បក្ខពួក​ឈ្មោះ គឹម ឬ​ទ្ធី កំពុង​គេចខ្លួន ក្រោយ​យកលុយ​ពី​ជនរងគ្រោះ​ជាច្រើន​នាក់​៕

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជុំ សុខ​ឌឿ​ន យកឈ្មោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល ដើរ​បោកប្រាស់​ប្រចាព​ល​រដ្ឋ​