មេ​ប៉ូលិស​ក្រុង ច្រានចោល​ព័ត៌មាន​ចោទប្រកាន់​មន្ដ្រីនគរបាល​ចរាចរ​ណ៍​អំពី​ការបង់លុយ​ប្រចាំខែ​

1205
ចែករម្លែក
  • 529
    Shares

(​ភ្នំពេញ​)៖ បន្ទាប់ពី​មាន​ព័ត៌មាន​ថា មន្ដ្រីនគរបាល​ចរាច​រណ៍​ដែល​ឈរជើង​តាម​គោលដៅ ត្រូវ​មេ​បង្ខំ​ឲ្យ​បង់ប្រាក់​ប្រចាំខែ​ជា​ថ្នូរ​នឹង​​មិនត្រូវ​បាន​ប្តូរ​ទីតាំង​ឈរជើង នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៧​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចេញមុខ​មក​ច្រានចោល​ព័ត៌មាន​នេះ​ទាំងស្រុង​។​

​លិខិត​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ​ចេញ​ថ្ងៃ​០៥​សីហា​នេះ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្រោយពី​បានទទួល​ព័ត៌មាន​នេះ​ខ្ញុំ​បាន​បញ្ជា​ឲ្យ​លោកស្នងការ​រង​ទទួល​ផែន​សណ្ដាប់ធ្នាប់ និង​លោកនាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់​។​ជា​លទ្ធផល​តាម​ការបំភ្លឺ​របស់​ម​ន្ដ្រី​នគរបាល​ចរាចរ​ណ៍ ដែល​ឈរជើង​តាម​គោលដៅ​ដែល​បាន​ចុះផ្សាយ​គឺ​ពុំមាន​ការបង់ប្រាក់​ដាក់​ខែ​ឲ្យ​ថ្នាក់​ដឹក​​នាំ​ណា​ម្នាក់​ទេ និង​ចំពោះ​ថ្នាក់ដឹកនាំ​ការិយាល័យ ថ្នាក់​ផ្នែក​ក៏​មិនមាន​ការបង្ខិតបង្ខំ​ឲ្យ​មន្ដ្រីនគរបាល​បង់​ប្រាប់ ដាក់​ខែ​ឲ្យ​ខ្លួន​ដែរ​»​។​

​ប្រតិកម្ម​បដិសេធ​របស់​មេ​ប៉ូលិស​ក្រុង​កើតឡើង​ក្រោយពី​សារព័ត៌មាន​បា​យ៉ង​ថែម​ស៍ ចុះផ្សាយ​ថា មន្ត្រីប៉ូលិស​ការិយាល័យ​ចរាចរណ៍​ជើង​​គោក​រាជធានី​ភ្នំពេញ​ជាច្រើនរូប​បាន​ចោទប្រកាន់​មេ​របស់ខ្លួន​ដែលមាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​និង​ជា​ប្រធាន​ផ្នែក​ចរាចរណ៍​​បាន​បង្ខំ​កូនចៅ​ឱ្យ​ដាក់​ខែ​ក្នុង​ម្នាក់ៗ​១០០​ដុល្លារ​ជា​ថ្នូរ​មិន​លោត គឺ​មិន​ប្តូរ​ពី​គោលដៅ​ចាស់​ផ្លាស់​ទៅ​កន្លែង​ថ្មី​។

​សារព័័ត៌មាន​ដដែល​បាន​អះអាងថា នៅក្នុង​ចំណុច​គោលដៅ​យ៉ាងតិច​១២​កន្លែង​នោះ​ក្រុម​បង់ប្រាក់​មិនត្រូវ​បាន​ដូរ​ចេញ​ក្រៅ​ទេរ​យៈ​ពេល​មួយឆ្នាំ​មកហើយ​ខណៈ​គោលការណ៍​មាន​ចំនួន​រយៈពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ត្រូវតែ​លោត​ចេញ​ក្រៅ​គឺ​ទៅ​កន្លែង​ថ្មី​។
​ ​ ​
​ពាក្យ​លោត​មានន័យថា ស្ទុះ​ឡើងលើ​ផុតពី​ទី​ប្រក្រតី​ឬ​ស្ទុះ​ផ្លោះ​រំលង​ពី​កន្លែង​ឈរជើង​ចាស់​ផ្លាស់​ទៅ​កន្លែង​ថ្មី​។​ជាគោលការណ៍​ប៉ូលិស​កា​រិ​យា​ល័យ​ចរាចរណ៍ ជើងគោក​ក្រុងភ្នំពេញ ក្នុង​មួយ​គោលដៅ ប៉ូលិស​ចរាចរណ៍​ត្រូវ​ឈរជើង​យ៉ាងយូរ​មាន​រយៈពេល​តែ​បី​ថ្ងៃ​ទេ​គឺ​ត្រូវតែ​​លោត​ចេញពី​កន្លែងចាស់​ផ្លាស់​ទៅ​កន្លែង​ថ្មី​។ ចំណែក​គោលដៅ​ដែល​មន្ត្រីប៉ូលិស​ឈរជើង​មាន​រយៈពេល​ជាង​មួយឆ្នាំ​ដែល​ត្រូវបាន​គេ​ចោទ​​ថា​មិន​លោត​សោះ​ដែលជា​ថ្នូរ​នឹង​ប្រាក់ខែ​ក្នុង​ម្នាក់ៗ​១០០​ដុល្លារ​នោះ មាន​យ៉ាងតិច​១២​គោលដៅ​ឬ​១២​កន្លែង​ ​ដូចជា​នៅ​ចេនឡា​ក្បែរ​ផ្សារ​ដើម​គ​,​ស្តុ​ប​សន្ធរម៉ុក​,​ផ្លូវ​នេ​រុ​ស្តុ​ប​ដេ​អិន​,​ផ្លូវ​ត្រសក់ផ្អែម​,១០៦​នៅមុខ​រ៉ា​រថភ្លើង​, ផ្លូវ​សាល​ដឺ​ហ្គូ​ល​ក្បែរ​សណ្ឋាគារ​ស​, ស្តុ​ប​ទួល​ទំពូង​ក្បែរ​ទន្លេ​បាក់​មួយ​, ស្តុ​ប​៤៣២ ក្បែរ​ស្ថានទូត​វៀតណាម​,​គោលដៅ​ក្បែរ​អាកាសចរណ៍​ស៊ីវិល​ចាស់ , ហ្ស៊ី​វី​សេ​ម៉ុង​ឌី​យ៉ា​ល់​, ផ្លូវ​៣៧១​ច្រមុះជ្រូក​ក្បាល​​ថ្នល់​និង​ផ្លូវ​២៧១​បំបែក​ទៅ​ចម្ការ​ដូង​និង​ទៅ​វត្ត​សន្សំ​កុសល​។​
​ ​
​ទោះជា​យ៉ាងណា​នៅ​ល្ងាច​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៧ លោក អ៊ុច សុខុន ស្នងការរង​រាជធានី​ភ្នំពេញ ទទួល​ផែន​សណ្តាប់ធ្នាប់​បានឱ្យដឹងថា​លោក​មិនបាន​ដឹង​រឿង​ទាំងនេះ​ទេ​។​លោក​បាន​បន្តទៀត​ថាឱ្យ​តែ​រឿងនេះ​មាន​ច្បាស់លាស់​ពិតមែន​ខ្ញុំ​នឹងមាន​វិធានការ​ទៅលើ​ពួកគេ​។

​ចំណែក​លោក ចេ​វ ហាក់ នាយការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២ សីហា បានឱ្យដឹងថា​ខ្ញុំ​អត់​បានដឹង​រឿងនេះ​ទេ​៕​ដោយៈ បា​យ៉ង់​-​វាសនា​