មេ​ប៉ូលិស​-​ទាហាន ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣

147
ចែករម្លែក
នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន និង​នាយ​ឧ​ត្ត​ម​សេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង​
​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគ​បាល​ជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ឆ្នាំ​២០២០ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ឆ្នាំ​២០២០ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣


​ ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦-១៧ ខែវិច្ឆិកាចុងឆ្នាំនេះ នៅ​រាជធានី​ភ្នំពេញ ក្រោម​មូលបទ “​ការពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួមគ្នា​”​។​
​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ឆ្នាំ​២០២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ គោលបំណង​ចម្បង គឺ​ដើម្បី​ផ្សព្វផ្សាយ​ត្រួតពិនិត្យ​ការងារ​ធ្វើយ៉ាងណា​ការពារ​សន្តិសុខ សុវត្ថិភាព​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ឲ្យ​ខាន​តែ​បាន​។
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែងថា កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ផែនការ​ការពារ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦-១៧ ខែវិច្ឆិកា ​។ កិច្ចប្រជុំ​នេះ ផ្សព្វផ្សាយ​ផែនការ​នឹង​ការប្រគល់​ភារកិច្ច​ជូន​ដល់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដែលជា​រួមមាន ១៣​ស្ថាប័ន អង្គភាព ចូលរួម​នៅក្នុង​ការអនុវត្ត​ផែនការ​នេះ ហើយ​ផែ​ការ​នេះ​កសាងឡើង​ដោយ​អនុគណៈកម្មការ​ទី​៥ (​អនុគណៈកម្មការ​សន្តិ​សុខ សណ្តាប់ធ្នាប់ និង​សង​ង្គ្រោះ​បឋម​) នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ឆ្នាំ​២០២០​។


​លោក​បញ្ជាក់ថា កិច្ចប្រជុំ​ផ្តោត​សំខាន់​បញ្ជាក់​អំពី​គោលបំណង និង​សំណូមពរ នៃ​ការរៀបចំ​ផែនការ ធ្វើយ៉ាងណា​រៀបចំ​ការពារ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ឲ្យ​សម្រេចបាន​ជោគជ័យ​ដើម្បី​លើក​កិត្តិយស​ជាតិ និង​កិត្យានុភាព​ជាតិ ដោយ​រៀបចំ​ឲ្យ​មាន​យន្តការ​ដឹកនាំ និង​បែងចែក​ការទទួលខុសត្រូវ​ច្បាស់លាស់​ក្នុងការ​អនុវត្ត​ផែនការ ក្នុងការ​ចាត់តាំង​កម្លាំង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សម្រាប់​កិច្ចប្រជុំ​។ ផែនការ​ផ្តោត​សំខាន់​ទៅលើ​កិច្ចការ​ពីរ ។គឺ​ទី​១.​ការពារ​គោលដៅ និង​ទី​២.​ការពារ​មុខសញ្ញា​។ គោលដៅ​ដែល​គិត​ជារួម គឺ​គោលដៅ​នៅ​អាកាសយានដ្ឋាន តាម​ក្បួន​ប្រតិភូ តម្រាយ​ផ្លូវ​ឆ្លង​ការ​តាម​ដងផ្លូវ អម​សងខាង​ផ្លូវ​របស់​គណប្រតិភូ និង​សណ្ឋាគារ​ស្នាក់នៅ កន្លែង​ប្រជុំ ជប់លាង ទស្សនកិច្ច​ផ្សេងៗ​។ ដោយឡែក​មុខសញ្ញា​ដែល​ត្រូវការពារ​សំខាន់បំផុត គឺ​ឥស្សរជន​ជាន់ខ្ពស់​របស់​កម្ពុជា និង​ឥស្សរជន​ជាន់ខ្ពស់​របស់​អន្តរជាតិ​ដែល​ចូលរួម​។ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ គឺមាន​ការចូលរួម ៥០​ប្រទេស និង​ពីរ​ស្ថាប័ន គឺ​ប្រទេស​នៅ​អឺរ៉ុប និង​នៅ​អាស៊ី​ចំនួន​៥០ និង​អគ្គលេខាធិការដ្ឋាន​អាស៊ាន រួមជាមួយ​អគ្គលេខាធិការដ្ឋាន​សហ​ភាព​អឺរ៉ុប​។​

ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣


​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​ណែនាំ​ឲ្យ​គ្រប់​អង្គភាព និង​គោលដៅ​ទាំងអស់​យក​ផែនការ​យកទៅ​រៀបចំ​ជា​ផែនការ​លម្អិត​ជាក់ស្តែង​ក្នុងការ​ដាក់ពង្រាយ​កម្លាំង​តាម​គោលដៅ​ទទួលខុសត្រូវ​របស់ខ្លួន ខំ​លើកកម្ពស់​ហ្វឹកហាត់​ហ្វឹកហ្វឺន​កងកម្លាំង​ឲ្យ​បាន​ស្ទាត់ជំនាញ និង​រៀបចំ​ផែនការ​បញ្ជា​ដឹកនាំ​ឲ្យ​បានច្បាស់លាស់​។​


​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិតក៏បាន​សង្កត់ធ្ងន់​ទៅលើ​ការងារ​ពង្រឹង​ស្ថានភាព​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុងប្រទេស និង​ប្រយុទ្ធប្រឆាំង​ជាមួយ​បទល្មើស​គ្រប់​ប្រភេទ និង​មាន​ផែនការ​រៀបចំ​សុវត្ថិភាព​សណ្តាប់​សង្គម រួមទាំង​ត្រៀម​សង្គ្រោះ​អគ្គិភ័យ និង​ការដោះស្រាយ​ការកកស្ទះ​ចរាចរណ៍​ជាដើម​។​ល​។​


​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ផ្តល់នូវ​មតិ​បី​ចំណុច​សំខាន់​បន្ថែមទៀត​ដើម្បី​ជំរុញ​ផែនការ​កាន់តែ​មាន​លក្ខ​ណៈ​ត្រៀម​ប្រុងប្រយ័ត្ន​សន្តិសុខ​ខ្ពស់​បន្ថែមទៀត ដោយសារ​កម្ពុជា​ទើបបាន​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​នេះ ជា​លើកដំបូង និង​ជា​ប្រវត្តិសាស្ត្រ​ថែមទៀត​។ អនុសាសន៍​ទាំង​បី​ចំណុច​រួមមានៈ ១. ការព្យាករណ៍​ផ្តោតលើ​ឥទ្ធិពល​ជាស​កល​ជាពិសេស​ពាក់ព័ន្ធ​បញ្ហា​ភេរវកម្ម​និង​ឧបាយកល​សកម្មភាព​ពួក ឧទ្ទាម​កម្ម​និង​ការបង្ក​ចលាចល​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ីន​ធឺ​ណិ​ត​។ ២. គោលបំណង ដែល​បញ្ជា​ក់នូវ​កិច្ចការពារ​និង​ការធានា​ឲ្យ​បាន​គត់មត់​នូវ​កត្តា​សន្តិសុខ​, មុខសញ្ញា​និង​គោល ដៅ​ដែល​ត្រូវការពារ​និង​ការធ្វើផែនការ​តាម​កន្លែង​គោលដៅ​នីមួយៗ​ដើម្បី​រក្សា​សន្តិសុខ​និង​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​ និង​ទី​៣. ទិសដៅ ដែល​កំណត់​គ្រប់​មុខព្រួញ​ជាមួយ​នឹងធ្វើ​ផែនការ​តាម​សកម្មភាព​ជាក់ស្តែង​តាម​គ្រប់​គោលដៅ និង​ធ្វើ​ផែនការ​ធានា​សុវត្ថិភាព​សន្តិសុខ​នៅ​ទូទាំងប្រទេស​។​

ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣


​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង បាន​ថ្លែង​បង្ហាញ​ការឯកភាព​ទាំងស្រុង​ចំពោះ​ខ្លឹមសារ​នៃ​ផែនការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព និង​បានលើកឡើង​នូវ​មតិ ណែនាំ​ខ្លះ​បន្ថែមទៀត​ដើម្បី​ជម្រុញ​ការអនុវត្ត​ផែនការ​ប្រព្រឹត្ត​ទៅដោយរ​លូន​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប លើក​ទី ១៣​ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦-១៧ ខែវិច្ឆិកា​។


​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ការពា​រ​សន្តិសុខ​សណ្ដាប់ធ្នាប់​បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​ត្រៀម​សណ្ឋាគារ​ចំនួន ២០​សណ្ឋាគារ សម្រាប់​ទទួល​ការ​ស្នាក់នៅ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​និង​គណៈប្រតិភូ​អមដំណើរ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​នេះ ក្នុងនោះ​មាន ៩​សណ្ឋាគារ​ធំៗ​ត្រូវបាន​រៀបចំ​សម្រាប់​គណៈប្រតិភូ​ជាន់ខ្ពស់ និង ១១​សណ្ឋាគារ ទៀត ត្រៀម​បម្រុង​សម្រាប់​តម្រូវការ​របស់​សមាជិក​ប្រតិភូ​និង​គណៈប្រតិភូ​ផ្សេងទៀត​៕សរន